ចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀន​៖ មូលដ្ឋានគ្រឹះ​នៃ​ការយល់ដឹង​

354
ចែករម្លែក

ចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀន (Irritable Bowel Syndrome, IBS) គឺជា​ជំងឺ​មួយ​ប្រភេទ ដែល​កើតឡើង​ទៅលើ​ពោះវៀន ហើយ​ក៏មាន​ញឹកញាប់​លើ​ប្រជាជន​យើង​ដែរ​។ បញ្ហា​នេះ​ច្រើន តែ​បង្កឡើង​ដោយ​ការ​ផ្សំគ្នា​នៃ​ដំណើការ​ធម្មតា​របស់​រា​ង​កាយ (​ការប្រែប្រួល​ចលនា​ពោះវៀន​) និង​កត្តា​ចិត្តសាស្ត្រ​ក្នុងសង្គម (​ស្ត្រេ​ស របៀប​រស់នៅ​)​។​

​រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​
ការ​ទល់លាមក និង​/​ឬ​រាករូស គឺជា​អាកា​រៈញឹក​ញាប់​នៃ​ការ​រលាក​ពោះវៀន​។ លើសពី នេះ​ទៅ ទៀត វា​ក៏​អាចធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា ពួកគេ​ហាក់បីដូចជា​បន្ទោបង់​មិន​អស់​សោះ​ទោះបី ជា​អង្គុយ​លើ​ចាន​បង្គន់​យូរហើយ​ក៏ដោយ​។

​ការ​ហើមពោះ ក៏​ជា​អាកា​រៈ​មួយ​ផងដែរ ប៉ុន្តែ​វា​នឹង​បាត់​ទៅវិញ​ក្រោយពី​ផោម​រួច​។​

​ការឈឺ​ពោះ​បែប​រមួលៗ តែងតែ​កើតមាន​ជា​ញឹកញាប់​លើ​អាកា​រៈ​ជំងឺ​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​នេះ ប៉ុន្តែ​វា​នឹង បាត់​ទៅវិញ​ក្រោយពី​បន្ទោបង់​រួច​។

​រោគសញ្ញា​របស់​ជំងឺ​នេះ​អាច​នឹងមាន​ថែមទៀត​ដែរ​ដូចជា អស់កម្លាំង ឈឺ​ខ្នង នោម​ញឹក​គេង​មិន បាន ថប់​អារម្មណ៍ និង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ជាដើម​។

ការព្យាបាល​
របៀប​រស់នៅ​៖ ជាទូទៅ ត្រូវធ្វើ​យ៉ាងណា​មាន​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ដូចជា ហាត់ប្រាណ​គ្រប់គ្រាន់ សម្រាក​គ្រប់គ្រាន់ និង​បន្ធូ​អារម្មណ៍​ឲ្យ​បាន​ច្រើន​។​

គ្រប់គ្រង​ស្ត្រេ​ស​៖ កត្តា​ចិត្តសាស្ត្រ និង​សង្គម​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​បង្កើតជា​ចង្កោម រោគ សញ្ញា​ជំងឺ​រលាក​ពោះវៀន​នេះ​ឡើង​ដូច្នេះ​ចូរ​សម្គាល់​មើលថា​អ្វី​ទៅជា​កត្តា​នាំ​ឲ្យ​កើត​ស្ត្រេ​ស និង​ព្យាយាម​ដោះស្រាយ​វា​ឲ្យ​បាន លឿន​។ អ្នកជំងឺ​ខ្លះ​ទាល់តែ​ត្រូវ​ព្យាបាល​ជាមួយ​អ្នកជំនាញ ខាង​ចិត្តសាស្ត្រ​ទើប​ធូរស្រាល​វិញ​។​

របប​អាហារ​៖ កត្តា​របប​អាហារ​តែមួយ​មុខ​មិនអាច​បណ្តាល​ឲ្យ​កើត​ជំងឺ IBS ទេ​តែ​អាហារ​ខ្លះ​អាច ធ្វើ​ឲ្យ​រោគសញ្ញា​របស់​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បាន ដូចជា អាហារ​សម្បូរ​ជាតិ​ខ្លាញ់ អាហារ​ឆា ឬ​ចៀន កាហ្វេ និង​គ្រឿង​ស្រឹ​វង​ជាដើម ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រាករូស និង​ឈឺពោះ​បែប រមួល​បាន​។ របប​អាហារ​ផ្តល់​សុខភាព​មានដូចជា បន្លែ ផ្លែឈើ និង​ទឹក​ធម្មតា​។​

ថ្នាំ​៖ ថ្នាំ​បន្ធូរ​សាច់ដុំ​ច្រើនតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​អាកា​រៈរ​មួល​សាច់ដុំ​នៅ​ពោះ និង​ហើមពោះ​។ ថ្នាំ​បន្ទន់​លាមក​អាច​នឹង​ប្រើ​ដើម្បី​បំបាត់​ការ​ទល់លាមក និង​ថ្នាំ​ទប់​រាក​ប្រើ សម្រាប់​គ្រប់គ្រង​ការ​រាករូស​។ អ្នកជំងឺ​ខ្លះ​អាច​នឹងត្រូវ​ប្រើ​ថ្នាំ​ទប់ស្កាត់​ការបាក់​ទឹកចិត្ត​ទៀតផង​។

​ចូរ​ចាំ​ថា បើសិនជា​ឃើញ​ឈាម​ក្នុង​លាមក នោះ​វា​មិនមែនជា​រោគសញ្ញា​របស់​ជំងឺ IBS ទេ ដូច្នេះ​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​៕ ដោយៈ health.com.kh