ចន្ទ​, សុច្ឆន្ទៈ​, ចេតនា​, សញ្ញាណ​, សុចរិត​, សង្វាស​, សន្ថវៈ​, សមាជ​, សាមញ្ញ​, សមាន​

273

​ចន្ទ ច័ន បា​. ( ន​. ) សភាវៈ​សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​ក្នុង​វេលាយប់ : ព្រះ​ចន្ទ​ពេញវង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ​, ខែរះ​, ខែលិច​, ខែភ្លឺ ។

សុច្ឆន្ទៈ សុច​-​ឆ័ន​-​ទៈ សំ​. បា​. ( ន​. ) (​សុ “​ល្អ​, ប្រពៃ​; ត្រឹមត្រូវ​” + ឆន្ទ “​បំណង​” > សុច្ឆន្ទ​) ឆន្ទៈ​ល្អ​, បំណង​ប្រពៃ​; បំណង​ត្រឹមត្រង់​, បំណង​ត្រឹមត្រូវ គឺ​បំណង​ដែល​ត្រឹមត្រង់​តាម​គតិ​ធម៌​និង​គតិ​ច្បាប់ អាច​ញ៉ាំង​សេចក្ដីសុខ​-​ចម្រើន​ឲ្យ​កើតមាន : សុច្ឆន្ទៈ​របស់​វីរបុរស ។ ព​. ផ្ទ​. ទុច្ឆន្ទៈ “​បំណង​អាក្រក់​” ។

​ចេតនា ចេ តៈ ន៉ា សំ​. បា​. ( ន​. ) គំនិត​ដែល​នាំ​ចិត្ត​ឲ្យ​ភ្នក​, ឲ្យ​ផ្ដួច​គិត ។ ចេតនា​នេះ​ជា​តួ​ចេតសិក ដែល​ដឹកនាំ​ចិត្ត​ឲ្យ​ចេះ​គិត ។ ចេតនាកម្ម (–​កាំ​) អំពើ​ដែល​សម្រេច​ដោយ​ចេតនា​ឬ​ដែល​កើតឡើង​ដោយ​ចេតនា ។ ចេតនារម្មណ៍ (–​រ៉​ម់​) អារម្មណ៍​របស់​ចេតនា​, ធម្មជាត​ជាទី​រីករាយ​នៃ​ចិត្ត ។

សញ្ញាណ ស័​ញ​-​ញ៉ា​ន បា​.; សំ​. ( ន​. ) (​សំ​ជ្ញា​ន​) សេចក្ដី​ដឹង​ជាក់​, ការយល់​ច្បាស់​, សេចក្ដី​ចូល ចិត្ត​ស៊ប់​; គ្រឿង​សម្គាល់​, អ្វីៗ​ដែល​ប្រើ​ជា​គ្រឿង​សម្គាល់​កិច្ចការ​នីមួយ​; យីហោ ។ សញ្ញាណប័ដ (​ស័​ញ​-​ញ៉ា​ណៈ​បាត់​) ដំបារ​ឬ​បន្ទះ​ស្ពាន់​ជាដើម ដែល​ធ្លាក់​ឬ​សរសេរ​អក្សរ​ជា​គ្រឿង​សម្គាល់ការ​អ្វីមួយ​, ដែល​ធ្លាក់​ឬ​សរសេរ​យីហោ (​ម​. ព​. សមញ្ញាប័ដ ក្នុង​ពាក្យ សមញ្ញា ផង​) ។

សុចរិត សុ​-​ចៈ​រ៉ិ​ត សំ​. បា​. ( ន​. ) ការប្រព្រឹត្ត​ល្អ​: កាន់​សុចរិត​, មាន​សុចរិត (​ហៅ សុចរិតធម៌ ក៏បាន​), មាន ៣ យ៉ាង​គឺ ការប្រព្រឹត្ត​ល្អ​ដោយ​កាយ ហៅ កាយសុចរិត​;… ដោយ​វាចា ហៅ វចីសុចរិត​; … ដោយ​ចិត្ត​សុទ្ធ ហៅ មនោ​សុចរិត ។ ព​. ផ្ទ​. ទុច្ចរិត ។ សុចរិតយុត្តិធម៌ សុចរិត​និង​យុត្តិធម៌​; យុត្តិធម៌​មាន​សុចរិត​ជា​ប្រមុខ​, ជា​ប្រធាន ។

​សង្វាស សង់ ឬ ស័ង​-​វ៉ាស សំ​. បា​. ( ន​. ) (​សំវាស​) ការ​នៅ​រួមគ្នា​, ការ​នៅ​ជាមួយគ្នា​; ការរួម​បវេណី : មាន​សង្វាស​ស្មើគ្នា​; រួម​សង្វាស ។ បើ​ដាក់​រួម​ភ្ជាប់​ជាមួយនឹង​សព្ទ​ដទៃ ច្រើន​ប្រើ សំវាស ជាង សំវាស​ត្ថេ​នកៈ (​ស័ង​វ៉ា​ស័ត​-​ថេ​ន៉ៈ​កៈ​) ការ​លួច​សង្វាស គឺ​សាមណេរ​ដែល​បួស​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ក្លែងខ្លួន​ជា​ភិក្ខុ​ចូលធ្វើ​កិច្ច​ផ្សេងៗ ស្មើគ្នា​នឹង​ពួក​ភិក្ខុ (​ម​. ព​. ថេយ្យសំវាសកៈ​, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង​) ។ សំវាស​

​សន្ថវៈ សន់​-​ថៈ​វ៉ៈ បា​. ;​សំ​. ( ន​. ) (​សន្ថវ​; សំ​ស្ដ​វ​) ដំណើរ​ជិត​ដឹ​ត​នឹង​គ្នា​, ការ​ស្និទ្ធជិត​នឹង​គ្នា ។ ការរួម​សុខទុក្ខ​, ការធ្វើ​មេថុនសេវនកិច្ច : ធ្វើ​សន្ថវៈ​, សេពសន្ថវៈ ។ សន្ថវកិច្ច មេថុនសេវនកិច្ច ។ សន្ថវមិត្ត ឬ –​មិត្រ មិត្រ​ដែលមាន​សេចក្ដី​ស្និទ្ធ​ជិតដិត​យ៉ាង​មាំ ។ សន្ថវរតិ (–​រៈតិ​) តម្រេក​ក្នុង​ការធ្វើ​សន្ថវកិច្ច ។​ល​។

សមាជ សៈ​ម៉ាច បា​. ( ន​. ) (​សមជ្ជ ឬ សមជ្ជា​) មហាសន្និបាត​ឬ​ការប្រជុំ​នៃ​មហាជន អ្នក​ពិភាក្សា អំពី​បញ្ហា​ផ្សេងៗ ដែលមាន​ផលប្រយោជន៍​ទួទៅ : សមាជ​បាន​ពិភាក្សា​បញ្ហា​នោះ​អស់កាល​ដ៏​យូរ ។ សមាជជាតិ សមាជ​របស់​ជាតិ ។

សាមញ្ញ –​មុ័​ញ​-​ញ៉ៈ បា​.; សំ​. ( ន​. ) (​ឝ្រា​ម​ណ្យ​) សមណភាព ។ សាមញ្ញគុណ គុណ​នៃ​សមណភាព ។ សាមញ្ញប្បដិបត្តិ បដិបត្តិ​តាម​សមណភាព ។ សាមញ្ញសាសនា​សាសនារ​បស់​ព្រះពុទ្ធ​ដែលមាន​ភាព ជា​សមណៈ​ពិត​, សាសនា​ស្រោចស្រង់​សត្វ (​ពុទ្ធសាសនា​) ។ ព​. ផ្ទ​. ព្រហ្មញ្ញសាសនា​, អញ្ញ​លទ្ធិ ។​ល​។

​សាមញ្ញ –​មុ័​ញ បា​.; សំ​. ( គុ​. ) (​សាមាន្យ​) សាធារណៈ​; ដែលជា​ធម្មតា​; ដែល​ស្មើៗ​តែ​គ្នា​; ដែល​រាប់រយ​រាប់ពាន់​: ពាក្យ​សាមញ្ញ គ្រាមភាសា​, ពាក្យ​ផ្សារ​។ មនុស្ស​សាមញ្ញ មនុស្ស​សាធារណៈ​, មនុស្ស​រយ ។ របស់​សាមញ្ញ របស់​រយ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សា​មុ័​ញ​ញ៉ៈ​, ដូចជា សាមញ្ញនាម សាធារណនាម (​ព​. ផ្ទ វិសាមញ្ញនាម​) ។ សាមញ្ញលក្ខណៈ សេចក្ដីកំណត់​ឃើញ​ស្មើ គឺ​ឃើញថា អនិច្ចំ​, ទុក្ខំ , អនត្តា ជាស​ភាព​ប្រព្រឹត្តទៅ​ស្មើគ្នា​ទួទៅ​គ្រប់រូប​សត្វលោក ។​ល​។

សមាន សៈ​ម៉ា​ន៉ៈ សំ​. បា​. ( គុ​. ) ស្មើ​, ស្មើគ្នា​, ប៉ុនគ្នា​, ដូច​, ដូចគ្នា​, ជាមួយគ្នា​; ដែល​ត្រូវ​គ្នា ។ សមានគតិ (–​គៈតិ​) ដំណើរ​ប្រព្រឹត្ត​ស្មើគ្នា​; អ្នក​ដែលមាន​គតិ​ស្មើគ្នា​, ដែលមាន​សេចក្ដី​យល់​ខុសត្រូវ​គ្នា ។ សមានគុណ គុណ​ស្មើគ្នា​; អ្នក​ដែលមាន​គុណសម្បត្តិ​ស្មើគ្នា ។ សមានគោត្ត ឬ –​គោត្រ គោត្រ​ស្មើគ្នា​; អ្នក​ដែលមាន​គោត្រ​ស្មើគ្នា​, ដែលមាន​សែ​ត្រូវ​គ្នា (​ប្រើ​ជា សមគោត្ត ឬ –​គោត្រ ក៏បាន​) ។ សមានចិត្ត ចិត្ត​ស្មោះស្មើ​, ចិត្ត​ដែលមាន​សភាព​ទោរទន់​រកគ្នា​ដោយ​សេចក្ដីស្រឡាញ់ : មាន​សមានចិត្ត​, ប្រកបដោយ សមានចិត្ត ។ សមានច្ឆន្ទ (​សៈ​ម៉ា​ន៉ា​ច់​-​ឆ័ន​-​ទៈ ឬ​–​ឆ័ន​) បំណង​ស្មើគ្នា​; អ្នក​ដែលមាន​បំណង​ស្មើគ្នា ។ សមានជន ជន​ស្មើភាព​គ្នា​, ជន​ស្មើ​ស័ក្ដិ ។ សមានជាតិ ជាតិ​ស្មើគ្នា​, ជាតិ​ត្រូវ​គ្នា (​សមជាតិ​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​