ចប់និយាយតែម្តង ! រត់ទៅប្តឹងប៉ូលិសស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មិនឃើញប៉ូលិស ឃើញតែតុផឹកស៊ីនិងសម្បកំប៉ុង

677
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី២៤ ខែកក្កដានេះ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ស្ត្រីម្នាក់ជាអ្នករកស៊ីលក់ផ្លែឈើតាមរទេះ ត្រូវបានចោរ២នាក់ ឆក់កាបូបអស់ប្រាក់ប្រមាណជាង១ពាន់ដុល្លារ រួចជិះគេចខ្លួនបាត់ ។

ប៉ុន្តែអ្វីជាការហួសចិត្តនោះ គឺពេលជនរងគ្រោះរត់ទៅប្តឹងប៉ូលិសស្ទឹងមានជ័យ២ មិនឃើញប៉ូលិស ឃើញតែតុផឹកស៊ីនិងសម្បកំប៉ុងទៅវិញ។ បញ្ហានេះ ជនរងគ្រោះស្នើដល់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ មេត្តាពិនិត្យសកម្មភាពកូនចៅផង ។

ប្រភពព័ត៌មាន បញ្ជាក់ថា ស្រ្តីរងគ្រោះឈ្មោះ រៀង សុធី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើតាមរ៉ឺម៉ក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកំពង់ចាម បានរៀបរាប់ទាំងអួលដើមកថា មុនពេលកើតហេតុ រូបគាត់បើករ៉ឺម៉កចេញពីផ្ទះជួល គោលបំណងទៅយក ផ្លែឈើនៅផ្សារដើមគ ដោយធ្វើដំណើរពីលិចទៅកើត ។ ខណៈមកដល់ចំណុច កើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំផ្លាកលេខ ជិះមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច។

ស្រ្តីរងគ្រោះបន្តថា ពួកចោរបានព្យាយាមជិះរត់គេចសំដៅទៅតាមផ្សារដើមគ រូបគាត់ក៏បើករឺម៉កតាមពីក្រោយ ស្រែកចោរៗ តែគ្មាននរណាម្នាក់ អាចជួយ គាត់ដេញតាមចោរបាននោះទេ សូម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់ដែរ។ ក្នុងកាបូប មានលុយខ្មែរ និងដុល្លារសរុបជាង១ពាន់ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក។

ក្រោយកើតហេតុ ជនរងគ្រោះបានជិះរ៉ឺម៉កត្រឡប់មកក្រោមស្ពានអាកាស​ស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឱ្យក្រុមអ្នកយកព័ត៌មាន ជូនមកដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ នឹកស្មានថាបងៗសមត្ថកិច្ចប៉ុស្តិ៍​ប្រហែលគាត់​ធ្វើការងារអស់កម្លាំងខ្លាំងហើយមើលទៅ បានជាមិនទាន់​ចេញល្បាត ពេលមកដល់ បែរជាឃើញតែតុផឹកស៊ី និងសម្បកកំប៉ុងស្រាបៀរ​ពាសពេញមុខប៉ុស្តិ៍ទៅវិញ ។

ក្រោយមកសមត្ថកិច្ច បានជួបសាកសួរស្រ្តីរងគ្រោះ ហើយធ្វើពាក្យបណ្ដឹង ជាធម្មតាវិញ ។ បើតាមប្រភពព័ត៌មានក្បែរៗនោះ បានឱ្យដឹងថា មុខប៉ុស្តិ៍នេះ គឺគេសង្កេតឃើញឧស្សាហ៍មានការជួបជុំផឹកស៊ីណាស់ ប៉ុន្តែមិនដឹងមន្រ្តីណាខ្លះទេ ?៕B/Ha

#