ចប់​ភ្ជុំ​ភ្លាម អភិបាល​រាជធានី​ភ្នំពេញ​ផ្តោតលើ​ការដោះស្រាយ​ទឹកជំនន់​ភ្លែត ក្រោយ​រង​ការរិះគន់​ទីក្រុង​គុជ​ព្រោងព្រាត​

733

(ភ្នំ​ពេ​ញ) ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២២​កញ្ញា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​​មើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​លិច​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ច្បារអំពៅ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង និង​បណ្តាល​ឲ្យ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការលិចលង់​កាលពី​២​ថ្ងៃ​មុននេះ និង​រង​ការរិះគន់​ក៏​មិន​ស្ទើរ​ដែរ​ពី​អ្នកលេង​Facebook​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​នេះ លោក​ឃួ​ង ស្រេង បាន​ចុះមក​ពិនិត្យមើល​ស្ថានភាព ស្ពាន​ព្រែ​កតា​អេ​វ ក្នុង​សង្កាត់​ព្រែក​ថ្មី ដោយ​ដាក់​​គ្រឿងចក្រ​កាយ​និង​ស្តារ​ប្រឡាយ​នេះ ដើម្បី​នាំ​ទឹក​ទម្លាក់​ទៅក្នុង​ទន្លេបាសាក់​

​ទោះជា​លោក​អភិបាលក្រុង​ចុះ​បញ្ជា​ការងារ​មួយចំនួន​ពាក់ព័ន្ធ​ការ​រដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​សហគមន៍​ក្នុង​ខណ្ឌ​ច្បារអំពៅ​ក្តី ក៏​​បញ្ហា​ទឹកភ្លៀង​ជន់​លិច​ផ្លូវ​ហូរ​ចូល​ផ្ទះ​នេះ​កើតមាន​ស្ទើរ​គ្រប់​ខណ្ឌ ដោយ​កាលពី​ថ្ងៃ​ភ្ជុំ​ធំ ភ្លៀង​មួយ​មេ​ធំ​បង្ក​ការ​ជន់​លិច​ផ្លូវ​ស្ទើរ​ពេញទី​​ក្រុងភ្នំពេញ​ដែល​រហូតដល់​ថ្ងៃ​២២​កញ្ញា​នេះ ផ្លូវ​មួយចំនួន​ទឹក​នៅ​មិនទាន់​ស្រក​អស់​ផង​។​

ពីរថ្ងៃមុន លោកអ្នកទាយមើលនៅម្តុំណា?(រូប៖facebook)

​ខណៈ​ទឹកភ្លៀង​បាន​បង្ក​ការលិចលង់​តាំងពី​សារមន្ទីរ​នៅ​ភាគ​ខាងកើត​រហូតដល់​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​នៅ​ភាគ​ខាងលិច​ក្រុង អ្នក​​លេង​Facebook​រួមទាំង​សារព័ត៌មាន​ខ្លះ បាននាំគ្នា​រិះគន់​រាជរដ្ឋាភិបាល ជាពិសេស​អភិ​បាល​ក្រុង​ដូចជា​«​នេះ​ឬ​ទីក្រុង​គុជ​…»​ជាដើម​។​

​ទោះជា​យ៉ាងណា គេ​មិនត្រូវ​ទម្លាក់កំហុស​លើ​ក្រុង​ទាំងស្រុង​បានទេ ។​ក្រៅតែពី​បន្ទោស​ក្រុង​រឿង​អនុញ្ញាតអោយ​លុប​បឹង​អូរ​ប្រឡាយ​ដែល​​ធ្លាប់ជា​កន្លែង​រំដោះ​ទឹក​និង​អនុញ្ញាតអោយ​សាងសង់​បុរី​ព្រោងព្រាត​ដោយ​មិន​យកចិត្តទុកដាក់​លើ​ប្លង់​មេ​ដែលមាន​លូ​ប្រឡាយ​បង្ហូរទឹក​ចេញ​នោះ អ្នក​រិះគន់​ក៏​គួរ​ដឹងថា កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​បង្ក​ការធ្លាក់​ភ្លៀង​ក្នុង​កំរិត​មិនធម្មតា សូម្បី​​តែមាន​លូ​ច្រើន​ក៏​ហូរ​មិនទាន់​ដែរ ជាក់ស្តែង​នៅ​អាមេរិក​ក៏​ទើប​រង​ការលិចលង់​ហិនហោច​ខ្លាំងណាស់​ដោយសារ​ព្យុះ​។​

​ដោយសារតែ​ការរិះគន់​ច្រើន​ទើប​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា​សរសេរ​បង្ហោះ​ថា «​ឃើញ​គេ​ជេរ​គ្នា​ចុះឡើង​រឿង​ភ្លៀង​លិច​ផ្លូវ ។ ខ្ញុំ​គិតថា​មិនគួរ​ជេរ​ទេ គួរតែ​អាណិត​អ្នក​បង្ហោះ​រឿង​ទឹកភ្លៀង​លិច​ផ្លូវ​ដើម្បី​ជេរ​អាជ្ញាធរ​ទៅវិញ​ទេ ។ ព្រោះ​បង្ហោះ​រូបនេះ​ដើម្បី​ជេរ​នៅ​ឆ្នាំ ២០១៧ បង្ហាញ​រួចទៅហើយ​ថា​សមត្ថភាព​គ្នា​រៀនសូត្រ​បាន​ត្រឹមណា ? អ្នករៀន​សូត្រ​អាច​ដឹងបាន​ថា ទោះ​លូ​មាន​ប៉ុន្មាន​ក៏ដោយ​ក៏​ចំនួន​​មាត់​លូ​មាន​កំរិត ទំហំ​មាត់​លូ​មាន​កំរិត ដែល​អាច​ទទួល​ទឹកភ្លៀង​បាន​ចំណុះ​ប៉ុន្មាន​ក្នុង​មួយ​ម៉ោង ? ​បើ​ទឹកជំនន់​ទឹកភ្លៀង​នៅ​ដក់​រាប់​ថ្ងៃនោះ​ទើប​ថា​ជា​កំហុស​អាជ្ញាធរ ។ ខ្ញុំ​ក៏​ធ្លាប់​ឃើញ​មិត្តភក្តិ​ខ្លះ​ស្រែក​ពី​រឿង​ពង្រីករ​ង្វ​ល់​មូល​ថា​ម៉េច​មិន​​ពង្រីក​ផ្លូវ​វិញ ដោយ​មិនបាន​យល់ថា​រង្វង់​មូល​ធំ​ទទួល​យានជំនិះ​បាន​ច្រើន​នោះទេ ។ ហើយ​បើ​ថយ​ឆ្ងាយ​ជាង​នេះ​បន្តិច មិត្តភក្តិ​នឹង​អាច​នឹកឃើញ​ពី​«​វរនារី​ស្នេហា​ជាតិ​»​ម្នាក់​ដែល​បង្ហោះ​រូប​ជេរ​រ​ដ្ខា​ភិ​បាល​ដែល​ដាក់​រូប​ប្រធានាធិបតី​វៀតណាម​ស្មើនឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ខ្មែរ ។ សុទ្ធតែជា​មនុស្ស​គួរ​អាណិត​ទៅវិញ​ទេ​» ៕​ដោយ​៖​វាសនា​