ចប់​ហើយ​! គ្រឿង​សមុទ្រ​ឡើងថ្លៃ​ទ្វេដង ព្រោះ​ចិន​ក្រឡុក​ទីផ្សារ​

229

​អាជីវករ​លក់ដូរ​គ្រឿង​សមុទ្រ​នៅ​ផ្សារលើ​មួយចំនួន បាន​ឲ្យ​ដឹងថា គ្រឿង​សមុទ្រ​ដូចជា ក្ដាមសេះ បង្កង​ប៉ាក (​បង្កង​ប៉ា​កាំ​ង​) និង​គ្រឿង​សមុទ្រ​មួយចំនួនទៀត​ឡើងថ្លៃ​ស្ទើរ​ទ្វេដង​។ ការឡើង​ថ្លៃ​ដោយសារ​ជនជាតិ​ចិន​សម្រុក​ទៅ​ទិញ​ដល់​ផែ​ទំនប់រលក ដោយ​ពួកគេ​ឲ្យ​តម្លៃ​ថ្លៃ​ជាង​ធម្មតា​។​

​អ្នកស្រី គា អ្នកលក់​គ្រឿង​សមុទ្រ និង​ទទួល​ធ្វើ​ម្ហូប​នៅ​ផ្សារលើ ខេត្ត​ព្រះសីហនុ បាន​ប្រាប់ Sabay ថា ចាប់តាំងពី​ចិន​សម្រុក​មក នៅ​អំឡុង​ខែធ្នូ ២០១៧ មកដល់ពេលនេះ អ្វីៗ​ប្រែប្រួល​។ ការប្រែប្រួល​សំដៅ​ដល់​ការ​ឡើងថ្លៃ នៃ​គ្រឿង​សមុទ្រ ដែល​អ្នកស្រី​បាន​ទិញ​ពី​ផែ​ថ្លៃ ដូច្នេះ ក៏​លក់​ចេញ​វិញ​ថ្លៃ​ដែរ​។​

​តើ​ការ​ឡើងថ្លៃ​គ្រឿង​សមុទ្រ​ហុច​ផលចំណេញ​ដល់​អ្នកលក់ ឬ​យ៉ាងណា​? មិន​ចំណេញ​ប៉ុន្មាន​ទេ ផ្ទុយទៅវិញ​បាត់​ចំណូល​កាន់តែខ្លាំង ព្រោះ​បាត់បង់​ភ្ញៀវ​ខ្មែរ​។ នេះ​ជាការ​លើកឡើង​អ្នកស្រី គា​។​

​អ្នកស្រី បាន​បន្ថែមទៀតថា ឥលូវ​នេះ​ស្ងាត់​ភ្ញៀវ​ខ្មែរ​មកលេង​ខេត្ត​ព្រះសីហនុ ស្ងាត់​ភ្ញៀវ​មក​ទិញ​គ្រឿង​សមុទ្រ​នៅ​ផ្សារ ព្រោះតែ​តម្លៃ​គ្រឿង​សមុទ្រ បាន​ឡើងថ្លៃ​ខ្លាំង​។ «​មិនដឹង​ធ្វើ​ម៉េច​ទេ​ក្មួយ​អើយ​! បើ​មីង​ទិញ​គ្រឿង​សមុទ្រ​មកពី​ផែ​ទំនប់រលក​គេ​ឡើងថ្លៃ ហើយ​លក់​វិញ​ក៏​ថ្លៃ​ដែរ តែ​ភ្ញៀវ​ខ្មែរ​រអ៊ូ​រឿង​តម្លៃ ណាមួយ​ឥឡូវ​នៅ​កំពង់សោម​ហ្នឹង​គ្មាន​កន្លែងដេក​ទៀត ចិន​ជួល​ផ្ទះ​សឹង​អស់ហើយ ដូច្នេះ​អត់​សូវ​មាន​ភ្ញៀវ​ខ្មែរ​ទេ​។ ខ្ញុំ​បាត់​ចំណូល​សឹង ៦០-៧០% បើ​លក់​មិនសូវ​ដាច់​ចឹ​ង​»​។​

​អ្នកលក់ និង​ទទួល​ធ្វើ​គ្រឿង​សមុទ្រ​នៅ​ផ្សារលើ​រូបនេះ​បាន​និយាយថា បច្ចុប្បន្ន​តម្លៃ​ក្ដាមសេះ​ប្រភេទ​លេខ​១ លក់​ចេញ គឺ​១​គីឡូ ចន្លោះ​៧-៨​ម៉ឺន​រៀល ដែល​ពីមុន​ប្រហែល​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​គ្រឿង​សមុទ្រ​ខ្លះទៀត​ឡើងថ្លៃ​សឹង​ពាក់កណ្ដាល ឯណោះ​។​

«​មីង​ព្រួយ​ណាស់​ក្មួយ​អើយ​! បើ​នៅតែ​ឡើងថ្លៃ​ចឹ​ង ព្រួយបារម្ភ​រកស៊ី​មិនបាន ចេះតែ​បាត់​ភ្ញៀវ​។ ភ្ញៀវ​ខ្មែរ​មិនសូវ​មក ឯ​ភ្ញៀវ​ចិន​គេ​ចូល​ទិញ​តែ​ចិន​គ្នា​គេ​ហ្នឹង​!»​។ អ្នកស្រី គា បន្ថែម​។​

​ផ្ទុយ​ពី​ការព្រួយបារម្ភ​ខាងលើ លោក ញឹម សុខន អ្នកនេសាទ​គ្រឿង​សមុទ្រ ២០​ឆ្នាំ នៅ​ទំនប់​កោះ​ព្រាប (​ទំនប់រលក​ចាស់​) បាន​សម្ដែង​ការរីករាយ​ព្រោះថា តម្លៃ​គ្រឿង​សមុទ្រ​បាន​ឡើងថ្លៃ​។ ការឡើង​ថ្លៃ​នេះ​នៅ​គ្រា​ចិន​បាន​ចុះទៅ​ទិញ​ដល់​ផែ​ទំនប់រលក គេ​ដាក់​តម្លៃ​ឲ្យ​ថ្លៃ​ជាង​មុន​។ «​បើ​បាន​ថ្លៃ​ចឹ​ង​! ពួក​ខ្ញុំ​មាន​ទឹកមាត់​លេប​ខ្លះ ហើយ​រកបាន​ប៉ុន្មាន​គេ​ទិញយក​អស់ៗ មិនដែល​ខ្វល់​អី​ទេ​»​។​

​ចំពោះ​តម្លៃ​ទិញ​ដល់​ផែ​តែម្ដង គឺ​ក្ដាមសេះ​លេខ​១ គឺ ១​គីឡូ តម្លៃ ៦៥ ០០០ រៀល ដែល​ពីមុន​ត្រឹម ៥៥ ០០០​រៀល​។ ចំពោះ​បង្កង​ប៉ាក (​បង្កង​ប៉ា​កាំ​ង​) ១​គីឡូ តម្លៃ ៦២​ដុល្លារ ដែល​ពីមុន​ត្រឹម ៣០​ដុល្លារ​ប៉ុណ្ណោះ និង​បង្កង​នាគ ១​គីឡូ តម្លៃ​១២០​ដុល្លារ ដែល​តម្លៃ​នេះ​ឡើង​សឹង​ពាក់កណ្ដាល​។​

«​គ្រឿង​សមុទ្រ​ឥលូវ​មាន​ទីផ្សារ​ចំពោះ​ចិន គេ​ទិញ​យកទៅ​ប្រទេស​ចិន​ផង ហើយ​ក្រុមហ៊ុន ភោជនីយដ្ឋាន​ចិន មក​ទិញ​ដល់ៗ​កន្លែង ជាពិសេស​ពួក​នៅ​កាស៊ីណូ ពួកគេ​ចូលចិត្ត​បង្កង​ប៉ាក និង​បង្កង​នាគ សុទ្ធតែ​របស់​ថ្លៃៗ​»​។ លោក ស​ខន បន្ថែម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក តាំង សុចិត្រ​គី​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ Sabay ដែរ​ថា មែនទែនទៅ​ការលក់ដូរ គឺជា​ទីផ្សារសេរី ហើយ​មួយរយៈ​នេះ​តម្រូវការ​ខ្ពស់ ទើប​តម្លៃ​មួយចំនួន​មានការ​ឡើងថ្លៃ​។ ប៉ុន្តែ​ប្រសិនបើ​ការ​តម្លៃ​ថ្លៃ​ណាមួយ​មិន​ប្រក្រតី​នោះ មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត នឹង​ចុះ​ត្រួតពិនិត្យ អំពី​បញ្ហា​នេះ ដើម្បី​ណែនាំ ឬ​មាន​វិធានការ​ផ្សេងៗ​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ វត្តមាន​ជនជាតិ​បាន​សម្រុក​ទៅ​ខេត្ត​ព្រះសីហនុ​ច្រើនឡើងៗ ដែល​ធ្វើ​ឲ្យ​តម្លៃ​ផ្សេងៗ មានការ​កើនឡើង ក្រៅពី​ម្ហូបអាហារ និង ផ្ទះសំណាក់ សណ្ឋាគារ ជាដើម​។​

​កាលពី​ឆ្នាំ ២០១៧ ភ្ញៀវទេសចរ​ជនជាតិ​ចិន បានមក​កម្សាន្ត ខេត្ត​ព្រះសីហនុ​សរុប ជាង ១២​ម៉ឺន​នាក់ នៃ​អ្នក​ទៅ​កម្សាន្ត​សរុប​ជិត ២​លាន​នាក់​។ តួលេខ​នេះ មិន​រាប់បញ្ចូល​ចំនួន​អ្នករកស៊ី និង អ្នក​មក​ធ្វើការ​របស់​ជនជាតិ​ចិន នៅក្នុង​ខេត្ត​ព្រះសីហនុ នៅឡើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ​។​

​កង្វះខាត​ផ្ទះសំណាក់ និង​ការ​ឡើងថ្លៃ​សេវាកម្ម​ម្ហូបអាហារ​មួយចំនួន ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​ពី​ការកាត់បន្ថយ​ភ្ញៀវទេសចរ​ខ្មែរ ទៅ​ខេត្ត​ព្រះសីហនុ​។​

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​មកកាន់ Sabay ថា បញ្ហា​ផ្ទះសំណាក់​ក៏​ចិន​កក់​អស់ ឥលូវ​ម្ហូបអាហារ​ជាពិសេស​គ្រឿង​សមុទ្រ​ក៏​ឡើងថ្លៃ​ទៀត ដូច្នេះ​មើលទៅ​ថ្ងៃ​ឈប់សម្រាក ជាពិសេស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ប្រហែលជា​មិន​ចង់ទៅ​ខេត្ត​ព្រះសីហនុ​នោះទេ ព្រោះ​នឹង​ចំណាយ​ច្រើន ដោយ​ងាក​ទៅ​កម្សាន្ត​នៅ​ខេត្ត​ផ្សេងៗ​វិញ​៕

​អត្ថបទ​៖ ប៊ិន ប៊ុណ្ណា​/sn