ចប់​ហើយ​! សូម្បី​រថយន្ត​ស្ព័​រ Lamborghini និង Ferrari ក៏មាន​ក្លែងក្លាយ​ដែរ​

393
ចែករម្លែក

ប៉ូលិស​ប្រេ​ស៊ី​ល បាន​ចុះ​បិទ​កា​រ៉ា​ស់​មួយកន្លែង​ដែល​ផលិត​កំពូល​រថយន្ត​ស្ព័​រ​តម្លៃ​រាប់ លាន​ដុល្លារ ឡាំ​បូ​ហ្គី​នី (Lamborghini) និង​ហ្វឺ​រ៉ា​រី (Ferrari) ក្លែងក្លាយ​ហើយ​លក់​ក្នុង តម្លៃ​ថ្លៃ​គួរសម​។

​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​កា​រ៉ា​ស់​ស្ថិតនៅ​រដ្ឋ​ភាគខាងត្បូង សាន​តា កាតា​រី​ណា (Santa Catarina) ប្រទេស​ប្រេ​ស៊ី​ល ខាងលើនេះ​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែកក្កដា ហើយ ដកហូត​បាន​រថយន្ត​ចំនួន ៨ គ្រឿង​ដែល​គេ​កំពុង​កែច្នៃ និង​ដំឡើង​។

​បុរស​ពីរ​នាក់​ឪពុក​កូន​ដែលជា​ម្ចាស់កា​រ៉ា​ស់​នេះ​ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​រកឃើញថា ពួកគេ​ប្រកាស​លក់​រថយន្ត​ទាំងនេះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយគ្រឿង​ក្នុងតម្លៃ​ចន្លោះ​ពី ៤៥.០០០ ដុល្លារ​ទៅ ៦០.០០០ ដុល្លារ​។​

​ពេលនេះ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​ដែល​ត្រូវ​មានទោស ជាប់ពន្ធនាគារ ៣ឆ្នាំ​។

​យោងតាម​គេហទំព័រ​ព័ត៌មាន​ប្រេ​ស៊ី​ល G1 បានឱ្យដឹងថា ពីរ​នាក់​ឪពុក​កូន​នេះ​បាន ផលិត​រថយន្ត​ក្លែងក្លាយ​អស់​រយៈពេល​ប្រមាណ ២ ឆ្នាំ​មកហើយ​។ ភ្ញៀវ​បាន​ទាក់ទង ពួកគេ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​ជ្រើសរើស​ម៉ូ​ដែល និង​ពណ៌​រថយន្ត​ណា មួយ​ដែល​ខ្លួន​ស្រលាញ់ មុនពេល​រថយន្ត​នោះ​ត្រូវបាន​ដំឡើង​។

​ប៉ូលិស​និយាយថា មុនពេល​ពួកគេ​ចាប់ផ្តើម​ផលិត​រថយន្ត​ក្លែងក្លាយ ពីរ​នាក់​ឪពុក​កូន នេះ​បាន​ចំណាយពេល ២០ ឆ្នាំ​នៅក្នុង​អាជីវកម្ម​កែច្នៃ​រថយន្ត​៕ ប្រៃ​សម្រួលៈ ខុម