ចម្ការ​អំពៅស្ករ​អស់​១៣​ហិកតា​កន្លះ របស់​ក្រុមហ៊ុន អ៊ិ​ស​ធើ​ន រ៉ា​យ៍​ហ្វៀ​ល ឆេះ​ម៉ដ្ឋ​សង្ស័យ​មាន​អ្នក​លួច​ដុត​

809
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ចម្ការ​អំពៅស្ករ​របស់​ក្រុមហ៊ុន អ៊ិ​ស​ធើ​ន​រ៉ា​យ៍​ហ្វៀ​ល ឌី​វេឡុ​ប​មេន ខូ​អិ​ល​ធី​ឌី ចំនួន​១៣​ហិកតា​កន្លះ ត្រូវបាន​ភ្លើង​ឆេះ​ម៉ដ្ឋ សង្ស័យថា មាន​អ្នក​លួច​ដុត​។ ករណី​ភ្លើង​ឆេះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១៖៣០​នាទី ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្ថិតក្នុង​ភូមិ​អូរ​តា​មោ ឃុំ​មនោ​រម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​លោក កុយ សា​រ៉េ​ន ម្ចាស់​ក្រុមហ៊ុន​ដាំ​អំពៅស្ករ បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ ក្រោយពី​បានទទួល​បាន​ព័ត៌មាន​ថា មាន​ភ្លើង​ឆេះ​ចម្ការ​អំពៅស្ករ​របស់​ក្រុមហ៊ុន អ៊ិ​ស​ធើ​ន រ៉ា​យ៍​ហ្វៀ​ល ឌី​វេឡុ​ប​មេន ខូ​អិ​ល​ធី​ឌី ដោយ​មិនដឹង​មូលហេតុ​នោះ លោក​ក៏បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ចុះ​មកជួយ​ពន្លត់​ជាមួយ​អ្នកយាម​ចម្ការ និង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​កុំ​ឲ្យ​ឆេះ​រៀលដាល​នៅ​ចម្ការ​ផ្សេងៗ​ទៀត ដោយ​ប្រើពេល​៣​ម៉ោង ទើប​រលត់​ទាំងស្រុង​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា បច្ចុប្បន្ននេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មូលហេតុ​ពិតប្រាកដ​ថា ជា​ករណី​មាន​លួច​ដុត ឬក៏​អាច​ឆេះ​បណ្តា​លពី​គ្រោះធម្មជាតិ​។​

​លោក កុយ សា​រ៉េ​ន កន្លងមក​ក៍​បានធ្វើកា​រ​អំពាវនាវ​ដល់​ពល​រដ្ឋ ដែលជា​អ្នកស្រុក​កុំ​លែងគោ​ក្របី​ចូល​ស៊ី​បំផ្លាញ​ដំណាំ​របស់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​ព្រួយបារម្ភ​អំពៅ​ធ្លាក់​ថ្លៃ​ផង ហើយ​មាន​អ្នក​លួច​ដុត​ទៀត ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ខាត​ធន ខណៈ​តម្លៃ​អំពៅស្ករ​ធ្លាក់ចុះ​ដោយ​ទីផ្សារ​អាស៊ាន មានការ​ធ្លាក់ចុះ​នូវ​តម្លៃ​ស្កសរ ធ្វើ​ឲ្យ​វៀតណាម បញ្ចុះតម្លៃ​អំពៅស្ករ​ដែរ ដោយ​ទិញ​អំពៅ​ធ្លាក់​ថ្លៃ​ជិត​ពាក់កណ្តាល​។​

​លោក​អះអាងថា នាពេល​កន្លងមក ប្រជាពលរដ្ឋ​ធ្លាប់បាន​លែងគោ​ក្របី​ឲ្យ​ចូល​ស៊ី​អំពៅ​អស់​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​ខូចគុណភាព​ស្ករ​អស់​ជាច្រើន​ទៀត​។​

​ប្រជាពលរដ្ឋ​ខ្លះ បាន​យក​ក្របី​គោ​ទៅ​ឃ្វាល​ក្បែរ​ចម្ការ​អំពៅ ហើយ​បណ្តោយ​ឲ្យ​ក្របី​គោ​ចូល​ស៊ី​អំពៅ ចុង​អំពៅ (​អ្នកខ្លះ​ចូល​លួច​កាប់​ស្លឹក​អំពៅ​យក​ឲ្យ​ក្របី​គោ​ស៊ី​ទៀត​) បណ្តាល​ឲ្យ​ខូច​អំពៅ និង​ធ្លាក់​គុណភាព​អំពៅ​ទៀតផង​។​

​លោក កុយ សា​រ៉េ​ន សំណូមពរ​ដល់​អាជ្ញាធរ​មេត្តាជួយ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​លែង​ក្របី​គោ​ចូល​ស៊ី​បំផ្លិចបំផ្លាញ​អំពៅ និង​លួច​កាប់​ចុង​អំពៅ​បន្តទៀត​។ ជាក់ស្តែង​ដូច​ថ្ងៃនេះ អំពៅស្ករ​ឆេះ​អស់​ជាង​១៣​ហិកតា​កន្លះ ធ្វើ​ឲ្យ​ខាតបង់​ជាច្រើន ណាមួយ​ជិត​ដល់​រដូវ​ប្រមូល​ផល​អំពៅស្ករ​ផងដែរ​៕ ល​