ចម្លើយសារភាព​របស់ សាយ អាត សមាជិក​កង​តូច កងចល័ត​និមិត្ត ភូមិភាគ​ពាយ័ព្យ​

340

សាយ អាត អាយុ​២៣​ឆ្នាំ (​ក្នុង​ឆ្នាំ​១៩៦៩) មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី តំបន់​៣​។ អាត ត្រូវបាន​អង្គការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៧៧​។ មុនពេល​អង្គការ ចាប់ខ្លួន អាត មាន​នាទី​ជា​សមាជិក​កង​តូច កងចល័ត​និមិត្ត ភូមិភាគ​ពាយ័ព្យ​។ កំណត់ហេតុ​របស់ អាត ត្រូវបានធ្វើ​ចប់ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​១៩៧៧ ដោយ​អ្នក​សួរ​ឈ្មោះ ខន ព្រមទាំង​មាន​ស្នាម​មេដៃ​ទទួលស្គាល់ ដោយសា​ម៉ី​ខ្លួន (​អាត​) ផ្ទាល់​។

​សេចក្តី​កំណត់ហេតុ​អំពី​ប្រវត្តិ​របស់ អាត ត្រូវបាន​សរសេរ​ឡើង​ដោយ​ដៃ និង​វាយ​អង្គុលីលេខ មាន​ចំនួន​សរុប​២៨​ទំព័រ ដែល​បាន​រៀបរាប់​ពី​សកម្មភាព​របស់ អាត ចាប់តាំងពី​ឆ្នាំ​១៩៦៩ រហូតដល់​ថ្ងៃ​អង្គការ​ចាប់ខ្លួន​។ ខាងក្រោម​នេះ​គឺជា​សេចក្តី​សង្ខេប ដែល​ដកស្រង់​ចេញពី​ចម្លើយសារភាព​របស់ អាត ៖

​នៅ​ឆ្នាំ​១៩៦៩ អាត បាន​ស៊ីឈ្នួល​ធ្វើស្រែ​ឱ្យគេ ហើយ​រយៈពេល​មួយខែ​ទើប​ត្រឡប់​មកលេង​ផ្ទះ​ម្តង​។ មកដល់​ឆ្នាំ​១៩៧១ អាត បាន​ចូលធ្វើ​ទាហាន​នៅ​ខេត្តបាត់ដំបង​ជាមួយ​មនុស្ស​២០​នាក់​ផ្សេងទៀត​។ ពេលនោះ អាត ពាក់​ស័ក្តិ​១​។ នៅ​ឆ្នាំ​១៩៧៣ សេង សំ​អ៊ា​ត​, លន់ និង អាន បាន​បំពាក់ស័ក្តិ​២​ឱ្យ អាត រួច​បាន ចាត់តាំង អាត​, ថែ​ន​, វ៉ុ​ន​, យឿ​ម​, ហេង ភី និង លាប ឱ្យធ្វើជា​គិញ​ក្នុង​បន្ទាយ​ប្រជា​យុទ្ធ​ក​ភ្នំ​តូច ព្រមទាំង​ឱ្យ​កាន់​កាំភ្លើងខ្លី​មួយ​ដើម សម្រាប់​ការពារ​ខ្លួន​ពេល​ដើរ​ក្តាប់​សកម្មភាព​ក្រុមខ្មែរក្រហម​។ ក្រោយពី​បាន ចាត់តាំង​រួច សេង សំ​អ៊ា​ត​, លន់ និង អាន បាន​ឧទ្ទេសនាម អាត ឱ្យ​បក្ខពួក​ខ្សែ​ចាស់​របស់គាត់​ទាក់ទង ស្គាល់គ្នា មានឈ្មោះ គាំ​, មុយ​, ឃ្លី​, វិ​ន និង ឈួ​ត​។ ទន្ទឹម​នោះ លន់ និង អាន បាន​ចាត់តាំង វិ​ន និង ឈួ​ត ឱ្យ​ចូលទៅ​បង្កប់ខ្លួន​ក្នុង​បដិវត្តន៍ នៅ​តំបន់​៥ (​សូមបញ្ជាក់ ឈ្មោះ សេង សំ​អ៊ា​ត ជា​ចៅហ្វាយខេត្ត បាត់ដំបង​, លន់ ជា​ទាហាន​ស័ក្តិ​៣ ភ្នំ​ស្វាយ និង ឈ្មោះ អាន ជា​បញ្ជាការ​កង​ប្រជា​យុទ្ធ​កនៅ​បន្ទាយ​ភ្នំ​តូច​)​។ កន្លះ​ខែក្រោយ​មក ឈួ​ត និង វិ​ន បាន​ចូលទៅ​បង្កប់ខ្លួន​ក្នុង​ទឹកដី​រំដោះ នៅ​តំបន់​៥ មាន​នាទី​ជា​កម្មាភិបាល ចលនា​មុខ ហើយ​បាន​ផ្តាំផ្ញើ អាត ឱ្យទៅ​ជួប​នៅ​ភូមិ​បឹង​វែង តាមរយៈ​ឈ្មោះ ដឿ​ន ជា​ប្រជា​យុទ្ធ​ក​បន្ទាយ​ភ្នំ តូច​។ ពេលនោះ អាត​, ថែ​ន​, មុយ និង ឃ្លី ក៏បាន​ទៅ​ជួប ឈួ​ត និង វិ​ន តាម​ការ​ណាត់​។ បន្ទាប់មកទៀត អាត បាន​សួរ ឈួ​ត អំពី​សកម្មភាព​ខ្លះៗ​របស់​កងទ័ព​បដិវត្តន៍ និង​អំពី​សកម្មភាព​របស់​ប្រជាជន ថា​តើ​ប្រជាជន ដែល​រស់នៅ​ទីនោះ​បានរៀបចំ​បាយទឹក​ទទួល​បក្ខពួក​ខ្មែរក្រហម​ដែរឬទេ​? ឈួ​ត បាន​ឆ្លើយថា ប្រជាជន​បាន​រៀប ចំ​បាយទឹក​ទទួល​ខ្មែរក្រហម​ពិតមែន ហើយ​កងទ័ព​បដិវត្តន៍​បាន​បោះជំរំ​នៅ​ភូមិ​ថ្ងាន់​ទ្រេត ភូមិ​អំពិល​ទឹក និង​ភូមិ ស្រែព្រីង​។ ក្រោយមក អាន បាន​ចាត់តាំង អាត និង ថែ​ន ឱ្យទៅ​ទាក់ទង​ឈ្មោះ លន់ ដើម្បី​ដឹកនាំ​ទាហាន ទៅ​សៀម ព្រមទាំង​នាំ​ប្រជាជន​នៅ​ភូមិ​តា​សល់ និង​ភូមិ​អន្លុង​ត្អួ ទៅ​ដា​ក់នៅ​បន្ទាយ​ភ្នំ​តូច​។ ដប់​ថ្ងៃ​ក្រោយមក អាត​, ហេង និង យឿ​ម បាន​ទៅ​ជួប ឈួ​ត និង វិ​ន នៅ​ភូមិ​បឹង​វែង​ដដែល ដោយបាន​លើកយក​មតិ​ណែនាំ របស់ អាន មក​ប្រាប់​ដល់​អ្នក​ទាំងពីរ​ឱ្យ​តាមដាន​ខ្សែ​ទាក់ទង​ដែល​មក​រស់នៅក្នុង​ដី​ទាហាន ព្រមទាំង​តាមដាន​កន្លែង ដែល​កងទ័ព​បដិវត្តន៍​មក​ធ្វើការ​នាពេល​ខាងមុខនេះ​។​
​នៅ​ខែមីនា ឆ្នាំ​១៩៧៣ អាត បាន​ចាប់​ប្រជាជន​៤​នាក់ រស់នៅ​ភូមិ​អូរ​ញ័រ ដែល​បាន​យក​អង្ករ​ឱ្យ ខ្មែរក្រហម​។ នៅ​ខែឧសភា ឆ្នាំ​ដដែល អាត​, ថែ​ន​, មុយ និង ឃ្លី បានមក​ជួប ឈួ​ត និង វិ​ន ម្តងទៀត ប៉ុន្តែ​ពេលនោះ​បក្ខពួក​របស់ អាត មិនទាន់បាន​ជួបគ្នា​ទេ បែរជា​ជួប​កងទ័ព​បដិវត្តន៍​មុន ហើយ​កងទ័ព​បដិវត្តន៍​បាន បាញ់​ត្រូវ ឃ្លី និង មុយ រីឯ អាត និង ថែ​ន បាន​រត់គេចខ្លួន​។ នៅ​ខែមិថុនា ឆ្នាំ​១៩៧៣ ឈួ​ត និង វិ​ន បាន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅ អាត តាមរយៈ​ឈ្មោះ ខ ដែល​ពីមុន​ធ្លាប់ធ្វើ​ទាហាន​ជាមួយ អាត​។ ឃ្លឹមសារ​សំបុត្រ​គឺ​ឱ្យ អាត ទៅ​ជួប​ក្រុម​ខ្លួន (​ឈួ​ត និង វិ​ន​) នៅ​ភូមិ​ស្លែង​គង់​។ ក្រោយមក អាត​, ហេង និង គាំ ក៏បាន​ទៅ​ជួប​តាម​ការកំណត់​។ ពេលនោះ ឈួ​ត និង វិ​ន បាន​រាយការណ៍​ថា ខ្មែរក្រហម​បាន​កៀរ​ប្រជាជន ចូលទៅ​ព្រៃ​អស់ហើយ រីឯ​ការទាក់ទង​រប​ស់​ខ្មែរក្រហម​នៅ​ខាងក្នុង គឺ​តាមរយៈ​ឈ្មោះ ភ្លោះ និង ផិ​ល នៅ​ភូមិ ចម្ការចេក និង​ឈ្មោះ យុទ្ធ និង ព្រុំ នៅ​ភូមិ​ថ្នល់​បត់​។
​ក្រោយមកទៀត អាត និង​បក្ខពួក​បីនាក់​ទៀត​បាន​ទៅ​រាយការណ៍​ឱ្យ អាន ហើយ​ពេលនោះ អាន បាន​ហៅ អាត​, ថែ​ន និង លន់ មក​ប្រជុំ​ដែលមាន​ខ្លឹមសារ​ដូចតទៅ ៖ អាន និង លន់ បាន​លើកឡើងថា យើង​ត្រូវ​ប្រមូល​កងកម្លាំង​ទាហាន​ដើម្បី​ទៅ​ជួយ​ប្រជាជន​ដែល​ខ្មែរក្រហម​កៀរ​យកទៅ​ទុក​ក្នុងព្រៃ ប៉ុន្តែ​នៅពេល បញ្ចប់​ការប្រជុំ អង្គប្រជុំ​សម្រេច​ថា ចាំ​រដូវប្រាំង​នឹង​ទៅ​ជួយ​ប្រជាជន​ទាំងនោះ ពីព្រោះ​ពេលនេះ​ជា​រដូវវស្សា ទឹក​ច្រើន​។
​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៤ អាត​, ថែ​ន​, វ៉ុ​ន និង គាំ បាន​ទៅ​ជួប ឈួ​ត និង វិ​ន ហើយ​ពេលនោះ អាត បាន​សួរ​អ្នក​ទាំងពីរ​អំពី​ស្ថានភាព​របស់​ប្រជាជន​ថា សុខទុក្ខ​យ៉ាងណា​? ឈួ​ត បាន​ឆ្លើយថា ស្ថានភាព​របស់ ប្រជាជន​កំពុងតែ​ច្របូកច្របល់ ហើយ​ប្រជាជន​មួយចំនួន​បានរ​ត់ទៅ​ទឹកដី​រំដោះ រីឯ​ខ្សែ​ទាក់ទង​របស់​ខ្មែរក្រហម ខាងក្នុង​វិញ​នៅមាន​ច្រើន​ទៀត​។ ឈួ​ត បាន​សួរ អាត វិញ​ថា តើ​កម្លាំង​គិញ​នៅ​ខាងក្នុង​សព្វថ្ងៃ​នៅសល់​ប៉ុន្មាន នាក់​ដែរ​? អាត បាន​ប្រាប់ថា នៅសល់​ខ្លះ ពីព្រោះ​ខ្មែរក្រហម​ទើបតែ​បាញ់​ស្លាប់​អស់ពីរ​នាក់​នាពេល​ថ្មីៗ​នេះ​។ ឈួ​ត បាន​ផ្តាំផ្ញើ អាន ឱ្យ​រៀបចំ​ចាត់តាំង​កម្លាំង​គិញ​បន្ថែមទៀត ពីព្រោះ​កង​យោធា​ខ្មែរក្រហម​ច្រើនណាស់ ដូច្នេះ​យើង​ត្រូវតែ​បន្ថែម​កម្លាំង​គិញ​។ រហូតដល់​ខែមិថុនា ឆ្នាំ​ដដែល អាត បាន​ទៅ​ពិភាក្សា​ជាមួយ អាន ពី​ការ ចាត់តាំង​កម្លាំង​គិញ ហើយ អាន បាន​និយាយថា គម្រោង​របស់ខ្លួន​គឺ​ត្រូវ​បន្ថែម​១៤​នាក់​ទៀត ដើម្បី​បង្គ្រប់​ឱ្យ បាន​២០​នាក់ រួមទាំង​កម្លាំង​ចាស់​។ មួយរយៈ​ក្រោយមក ឈួ​ត និង វិ​ន បាន​សួរ អាត អំពី​ការចាត់តាំង កម្លាំង​គិញ​។ អាត បាន​ឆ្លើយថា មិនទាន់បាន​ចាត់តាំង​ទេ ប៉ុន្តែ​គម្រោង​នឹង​ចាប់ផ្តើម​នាពេលខាងមុខ​នេះហើយ​។ ឈួ​ត បាន​ប្រាប់​បន្ថែមថា ខ្សែ​ទាក់ទង​ខ្មែរក្រហម​នៅ​ដី​យើង​មាន​៦​នាក់ គឺ​នៅ​ភូមិ​ព្រៃទទឹង​២​នាក់ នៅ​ភូមិ​ឃិ​ឡិ ២​នាក់ និង​នៅ​ភូមិ​គោក​ទ្រ​លាប់​២​នាក់​ទៀត​។ បន្ទាប់មក អាត បាន​ទៅ​រាយការណ៍​ឱ្យ អាន បានដឹង​អំពី​ខ្សែ​ទាក់ ទង​របស់​ខ្មែរក្រហម​ទាំង​៦​នាក់​នោះ​។ បន្ទាប់មក អាន បាន​ចាត់តាំង អាត និង​បក្ខពួក​ឱ្យ​ទៅរក​កម្លាំង​ថ្មី​១៤ នាក់​ទៀត ដើម្បី​កសាង​ជា​កម្លាំង​គិញ​ថ្មី​បន្ថែម​លើ​កម្លាំង​ចាស់​ដែលមាន​៦​នាក់​រួចហើយ​។ អ្នក​ទាំង​១៤​នេះ ត្រូវ បាន អាត យកមក​បន្ទាយ​ភ្នំ​តូច​។
​នៅ​ខែសីហា ឆ្នាំ​១៩៧៤ អាត​, អាន និង លន់ ត្រូវបាន​ថ្នាក់លើ​ហៅ​ឱ្យទៅ​ជួប​នៅ​បន្ទាយ​ភ្នំ​តូច ដើម្បីឱ្យ​ចុច​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចាត់តាំង​ឱ្យធ្វើ​គិញ​បន្ថែមទៀត​។ អាន ក៏បាន​ចុច​យកឈ្មោះ​ដូចតទៅ​នេះ % ឈ្មោះ ភី​, លាប​, ឈឹម​, ទី​, សេ​, សែន​, ឆែ​, ផាត​, ឈេ​ន​, វេត​, ក្រិត​, សឺត​, វិ​ន និង មឿ​ន​។ ឈ្មោះ សេង សំ​អ៊ា​ត​, អាន និង លន់ ក៏បាន​ប្រកាស​ចាត់តាំង​អ្នក​ទាំង​១៤​នាក់​នោះ ជា​ខ្សែ​គិញ​ទាំងអស់គ្នា រួច​បាន ណែនាំ​ឱ្យធ្វើ​ការទាក់ទង​ស្គាល់គ្នា​។ ក្រោយមក អាន បាន​បែង​ចែកជា​៤​ក្រុម ដែល ក្រុមទី​១) មានឈ្មោះ ភី​, ទី​, សេ​, សែន និង វីន ឱ្យទៅ​បង្កប់ខ្លួន​នៅ​ភូមិ​អូរ​ញ័រ​។ ក្រុមទី​២) មានឈ្មោះ ឈឹម​, ឆៃ​, ផាត​, សឺត និង មឿ​ន ឱ្យទៅ​បង្កប់ខ្លួន​នៅ​ភូមិ​ព្រៃទទឹង​។ ក្រុមទី​៣) មានឈ្មោះ វេត​, ឈេ​ន​, គាំ​, ក្រិត និង លាប ឱ្យទៅ​បង្កប់ ខ្លួន​នៅ​ភូមិ​ដង​រុន និង​ក្រុម​ចុងក្រោយ មានឈ្មោះ អាត​, ហេង​, ថែ​ន​, វ៉ុ​ន និង យឿ​ម ឱ្យទៅ​ប្រចាំការ​នៅ ក្នុង​បន្ទាយ​ភ្នំ​តូច​។​
​ភារកិច្ច​របស់​ក្រុម​ទាំង​៤​ដែល​ត្រូវធ្វើ រួមមាន ៖
១) ពិនិត្យ​តាមដាន​ខ្មែរក្រហម​តាម​ភូមិ​
២) ពិនិត្យមើល​អំពី​សកម្មភាព​របស់​ប្រជាជន ក្រែងលោ​ប្រជាជន​យក​អង្ករ​ទៅឱ្យ​ខ្មែរក្រហម​។​
​ចុងខែ​កញ្ញា ឆ្នាំ​១៩៧៤ អាន និង លន់ បានធ្វើការ​ចាត់តាំង​ម្តងទៀត ដោយ​ឱ្យ​ក្រុម​របស់ អាត ធ្វើជា សេ​.​អ៊ី​.​អា វិញ ហើយ​ឱ្យធ្វើ​ការស៊ើបអង្កេត​ជាសម្ងាត់ និង​ក្តាប់​តែ​សកម្មភាព​ប៉ុណ្ណោះ​។ នៅ​ចុងខែ​មីនា ឆ្នាំ​១៩៧៥ កងទ័ព​បដិវត្តន៍​បាន​វាយ​ចូលមក​បន្ទាយ​ភ្នំ​តូច បណ្តាលឱ្យ​កម្លាំង​ប្រជា​យុទ្ធ​ករ​បស់ អាន រត់​បែក​គ្នា អស់ រីឯ អាន បានរ​ត់ទៅ​នៅ​បន្ទាយ​ភ្នំ​ស្វាយ​ជាមួយ លន់ វិញ​។ បន្ទាប់មក អាន និង លន់ បានឱ្យ អាត ទៅ​ហៅ​កម្លាំង​គិញ​ទាំងអស់​ដែល​នៅតាម​ភូមិ​មកជួបជុំ​គ្នា​នៅ​បន្ទាយ​ភ្នំ​ស្វាយ ដើម្បី​ពិភាក្សាគ្នា​រក​វិធី​ទប់​ទល់នឹង ខ្មែរក្រហម​។ តាម​មតិ​របស់ លន់ បាន​លើកឡើងថា ប្រសិនបើ​យើង​នៅ​ទប់ទល់​ជាមួយ​ខ្មែរក្រហម​តទៅទៀត យើង​ក៏​ទប់ទល់​មិន​ឈ្នះ​ដែរ ដូច្នេះ​យើង​ត្រូវតែ​បែងចែក​កងកម្លាំង​ជា​ពីរ​ផ្នែក ៖
​ផ្នែក​ទី​១) មាន​កម្លាំង​ទាហាន​មួយ​វរៈ​សេនា​តូច ៣០០​នាក់ គឺ​យើង​ត្រូវ​បែក​ចែកជា​ពីរ​ក្រុម​ទៀត ៖
-​ក្រុមទី​១) មាន​កម្លាំង​ទាហាន​១៥០​នាក់ ឱ្យទៅ​បង្កប់ខ្លួន​នៅលើ​កំពូលភ្នំ​ស្វាយ ហើយ​ត្រូវ​លាក់ ខ្លួន​នៅក្នុង​រូងភ្នំ​។​
-​ក្រុមទី​២) កម្លាំង​ទាហាន​១៥០​នាក់ ឱ្យទៅ​លាក់ខ្លួន​នៅក្នុង​រូងភ្នំ​ធំ​។​
​ផ្នែក​ទី​២) មាន​កម្លាំង​គិញ និង សេ​.​អ៊ី​.​អា ត្រូវ​ទៅ​បង្កប់ខ្លួន​នៅតាម​ភូមិ​ស្វាយ​ត្រាណ ហើយ​លាក់ខ្លួន​ជា មួយ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​។​
​ការរៀបចំ​បែបនេះ គឺ​ដើម្បី​ត្រៀមកម្លាំង​នៅពេលដែល​កងទ័ព​បដិវត្តន៍​វាយ​ឈ្នះ យើង​ត្រូវ​បញ្ជា​ឱ្យ​កង កម្លាំង​យើង​វាយបក​ពីក្រោយ​វិញ​។ ក្រោយ​ប្រជុំ​ចប់​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង កងទ័ព​បដិវត្តន៍​ក៏បាន​វាយលុក​ចូល មក​។ ពេលនោះ អាត បាន​រង់ចាំ​មើល​កងក​ម្លាំ​ង​របស់ខ្លួន​វាយបក​មក​កងទ័ព​បដិវត្តន៍​វិញ ប៉ុន្តែ មិនមាន​កង កម្លាំង​ណា​វាយបក​ទៅវិញ​ទេ​។ ក្រោយ​ថ្ងៃ​រំដោះ​បាន​បី​ថ្ងៃ អាត និង ថែ​ន ក៏បាន​ទៅ​ជួប ឈួ​ត និង វិ​ន នៅ​ភូមិ​ឃិ​ឡិ ស្រាប់តែ ឈួ​ត បាន​សួរ អាត ថា​កងកម្លាំង​យើង​បាត់​ទៅណា​អស់ហើយ ពេលនោះ អាត បាន​ប្រាប់ថា កងកម្លាំង​ប្រជា​យុទ្ធ​ក​យើង​បាន​បែកបាក់​គ្នា​អស់ហើយ តាំងតែ​ពីមុន​រំដោះ​ម្ល៉េះ រីឯ​កម្លាំង​ក្រៅពីនេះ អាន និង លន់ បានរៀបចំ​បង្កប់​នៅលើ​ភ្នំ​ស្វាយ​។
​បី​ថ្ងៃ​ក្រោយមក ឈួ​ត និង វិ​ន បាន​បបួល អាត ទៅ​ជួប លន់ ដើម្បី​ពិភាក្សាគ្នា​អំពី​សកម្មភាព​ផ្សេងៗ ដែល​ត្រូវធ្វើ​បន្ត​ទៅមុខទៀត​។ ភ្លាមនោះ លន់ បាន​សួរ ឈួ​ត អំពី​ស្ថានភាព​កងទ័ព​បដិវត្តន៍​ថា តើ​ពេលណា កម្លាំង​យើង​អាច​វាយបក​បាន​? ឈួ​ត បាន​ឆ្លើយថា ពេលនេះ​យើង​មិនអាច​វាយ​បានទេ ពីព្រោះ​កងទ័ព បដិវត្តន៍​នៅ​រាយ​ស្ទើរ​គ្រប់​ភូមិ ដូច្នេះ​យើង​ពិបាក​ក្នុងការ​វាយបក​។ ពេលនោះ លន់ បាន​បន្ថែមថា ប្រសិនបើ យើង​វាយ​កម្លាំង​បដិវត្តន៍​មិនបាន​ទេ យើង​មានតែ​រំដោះ​កងកម្លាំង​របស់​យើង​ឱ្យ​រត់​ចូលទៅក្នុង​ព្រៃ​នៅ​ភ្នំ​ម៉ាឡៃ ព្រោះ​កងកម្លាំង​យើង​នៅលើ​ភ្នំ​ស្វាយ​អស់​អង្ករ​ហូប​ហើយ​។ ក្រោយ​ប្រជុំ​ចប់ ក៏​មូលមតិ​គ្នា​រៀបចំ​ផែនការ​ដូចតទៅ ៖
​សកម្មភាព​ក្រោយ​រំដោះ​
១) យក​ចាន​ក្នុង​សហករណ៍​ទៅ​ចោល​ក្នុង​អូរ​
២) យក​នង្គ័ល​ភ្ជួរ​ទៅ​បោះចោល​ក្នុង​បឹង​
៣) លួច នឹម និង នង្គ័ល យកទៅ​ដុតចោល​
​នៅ​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​១៩៧៥ អង្គការ​បានជ្រើសរើស​យុវជន និង​យុវនារី​នៅ​ស្រុក​មង្គល​បូរី ឱ្យទៅ​ធ្វើ​កងចល័ត​នៅ​និមិត្ត​។ កម្លាំង​របស់ អាត មាន​ចំនួន​២២​នាក់ បាន​ទៅជា​មួយ​ដែរ​។ ពេលនោះ អង្គការ បាន​ចាត់តាំង ឈួ​ត និង វិ​ន ឱ្យ​ក្តាប់​អ្នកភូមិ​ទាំងមូល (​ចំនួន​មនុស្ស​ក្តាប់​មិនបាន​)​។ ក្រោយមកទៀត អង្គការ បាន​ចាត់តាំង​អ្នក​ទាំងពីរ​ឱ្យ​ជ្រើសរើស​សមាសភាព​កាន់​កង​តូច​-​ធំ​។ នៅ​ឃុំ​បន្ទាយ​នាង ឈួ​ត បាន​ចាត់តាំង លឿន ឱ្យ​កាន់​វរៈ​សេនា​តូច​ជាមួយនឹង​ប្អូន​របស់គាត់ ចំណែកឯ ថែ​ន កាន់​កង​ធំ​ទី​១, វ៉ុ​ន អនុ​កង​ធំ​ទី​១, អាត កាន់​កង​ធំ​ទី​២ ហើយ សេ​, ហេង​, យឿ​ម កាន់​កង​តូច ក្រៅពីនេះ​នៅ​យុវជន​ចល័ត​ទាំងអស់​។ សូមបញ្ជាក់ថា កងកម្លាំង​របស់ អាត គឺ​សុទ្ធតែ​លាក់​ប្រវត្តិរូប​ទាំងអស់ មិនអាច​ដាក់ឈ្មោះ ជា​ទាហាន​បានទេ គឺ​ដាក់​ជា​កសិករ គ្រប់ៗ​គ្នា​។ នៅ​ចុងខែ​មិថុនា ក្នុង​ឆ្នាំ​១៩៧៥ ឈួ​ត និង វិ​ន បាន​ទៅ​ភ្នំ​ម៉ាឡៃ​ដើម្បី​រក​ថ្នាំ​។ ពេល​ត្រឡប់ មកវិញ អ្នក​ទាំងពីរ​បាន​ប្រាប់ អាត និង លឿន ថា​កាលពី​ទៅ​ភ្នំ​ម៉ាឡៃ​ថ្ងៃមុន បាន​ជួប លន់ និង អាន ហើយ លន់ និង អាន បាន​ប្រាប់ថា សព្វថ្ងៃនេះ​បាន​ទាក់ទង​ជាមួយ​កម្លាំង អ៊ិន តាំ​។ ប្រសិនបើ​ខាង​បក្ខ​ពួកយើង ចង់ទៅ​ទាក់ទង គឺ​មិនចាំបាច់​ទៅ​ផ្ទាល់​ក៏បាន គឺ​យើង​អាចទាក់ទង​តាមរយៈ សាវ៉ាត ពីព្រោះ សាវ៉ាត ជា​ខ្សែ​របស់ អ៊ិន តាំ​។ នៅ​ខែសីហា ឆ្នាំ​១៩៧៥ ដដែល អាត​, លឿន និង ថែ​ន កសាង​កម្លាំង​បន្ថែម​បាន​៦​នាក់​ទៀត ដែល​សុទ្ធសឹង​ជា​អតីត​ទាហាន​ដែល​បម្រុងរ​ត់ទៅ​ស្រុកថៃ​។ ក្រោយពី​បាន​កសាង​រួចរាល់​ហើយ បក្ខពួក​ទាំង​៦ នាក់​នោះ ត្រូវបាន​ប្រគល់​ភារកិច្ច​ឱ្យធ្វើ រួមមាន % បំផ្លាញ​ចប និង​ឧបករណ៍​ធ្វើស្រែ​ផ្សេងៗ ជួយ​កសាង កម្លាំង​បន្ថែមទៀត ព្រមទាំង​ពិនិត្យមើល​សកម្មភាព ប្រវត្តិរូប​របស់​ប្រជាជន​មុននឹង​កសាង​។​
​អំពី​សកម្មភាព អាត និង​បក្ខពួក​របស់ អាត ក្នុង​រយៈ​ឆ្នាំ​១៩៧៥
១) បំផ្លាញ​ចប​២០ និង​ចានបាយ​៤០ ដោយ​យកទៅ​ទម្លាក់ចោល​នៅក្នុង​ស្ទឹង​។​
២) បំផ្លាញ​ស្រូវ​អស់​៧០​ហិច​តា ដោយ​បង្ហូរទឹក​ចោល​ឱ្យ​ស្រូវស្កក ជាន់​ស្រូវ​ពន្លិច​ភក់ ព្រមទាំង​ដក​ស្រូវ បោះចោល​។​
៣) លើកភ្លឺស្រែ​ឱ្យ​វៀច និង​កុំឱ្យ​ហាប់​ណែន​។
​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ អាត និង លឿន កសាង​កម្លាំង​បាន​ពីរ​នាក់​ទៀត រួមមាន​ឈ្មោះ សារុន អតីត ប្រជា​យុទ្ធ​ក បច្ចុប្បន្ន កម្មករ​លី​បាវ នៅ​រោង​ម៉ាស៊ីនកិនស្រូវ​គោក​ធំ និង​ឈ្មោះ ហាក់ ជា​កម្មករ​រោង​ម៉ាស៊ីន​កិន ស្រូវ​នៅ​ភូមិ​គោក​ធំ​។ បន្ទាប់មក អាត និង លឿន បានដាក់​ផែនការ​ឱ្យ​អ្នក​ទាំងពីរ​ធ្វើ ដូច​ទៅ យក​សំបក បាវ​ទៅ​កប់​ចោល​ក្នុង​អង្កាម សា​រ៉េ​ម៉ាស៊ីនកិនស្រូវ​ដើម្បី​កិន​អង្ករ​ឱ្យ​ខ្ទេច និង​បំផ្លាញ​ឧបករណ៍​ធ្វើស្រែ​ផ្សេងៗ​។ នៅ​ចុងខែ​ឧសភា ឆ្នាំ​១៩៧៦ សាវ៉ាត បាន​ហៅ អាត និង លឿន សួរ​អំពី​សភាព​ការ​នៅ​ខាងក្នុង​យ៉ាងដូច ម្តេច​ហើយ ពេលនោះ អាត បាន​ប្រាប់ថា​កងទ័ព​បដិវត្តន៍​នៅ​ការដ្ឋាន​មាន​មិន​ច្រើន​ទេ ដូច្នេះ​យើង​អាច​វាយបក វិញ​បាន​ហើយ អញ្ចឹង សាវ៉ាត អាច​ទៅប្រាប់ អ៊ិន តាំ ឱ្យ​ត្រៀមកម្លាំង​វាយ​ចុះ​។ ក្រោយពី​ពិភាក្សាគ្នា ចប់​ហើយ អង្គការ​បាន​ចាត់តាំង អាត និង លឿន ឱ្យទៅ​បិទ​ភ្លឺស្រែ​នៅ​ភូមិ​គោក​ធំ ហើយ​ពេលនោះ អ្នក​ទាំងពីរ ក៏បាន​ទៅ​ហៅ​បក្ខពួក​មក​ប្រជុំ​នៅ​ខាងត្បូង​ភូមិ ដើម្បី​ដាក់​ផែនការ​ថ្មី គឺ​កាប់​ដី​ក្នុង​ស្រែ​យកទៅ​បិទ​ភ្លឺ​ឱ្យ​ដោយ​ទាំង សន្ទូង​ផង និង​បិទ​ភ្លឺ​ឱ្យមាន​ប្រហោង​នៅ​ខាងក្រោម​។ មួយរយៈ​ក្រោយមក សាវ៉ាត បាន​ហៅ អាត និង លឿន មកជួប​ម្តងទៀត​ដើម្បី​ពិភាក្សា​អំពី​ការកសាង​កម្លាំង​។ សាវ៉ាត បាន​ណែនាំ អាត និង លឿន ថា ត្រូវ​ប្រាប់ ពី​អំពី​ផែន​ការណ៍​របស់​យើង​ឱ្យកម្លាំង​ថ្មី​នេះ​ដឹងថា យើង​មាន​កម្លាំង​វាយ​មកពី​ខាងក្រៅ នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៦ នេះ​ផង​។ ប្រសិនបើ​ឮស្នូរ​កាំភ្លើង​មកពី​ខាងក្រៅ ត្រូវតែ​ប្រមូល​កម្លាំង​មកជួបជុំ​គ្នា​នៅ​ព្រៃ​ខាងត្បូង​ភូមិ​និមិត្ត ហើយ​នៅពេល​កម្លាំង​ខាងក្រៅ​ចូលមក​ដល់ យើង​ត្រូវ​រត់​ចូល​ទៅយក​អាវុធ​ដើម្បី​រួបរួម​កម្លាំង​គ្នា​។ បន្ទាប់មក អាត និង លឿន ក៏បាន​យក​រឿង​ទាំងអស់នេះ​ទៅ​ផ្សព្វផ្សាយ​ជាសម្ងាត់​ឱ្យ​កងកម្លាំង​ទាំងអស់នោះ​បានដឹង​។ រហូត មកដល់​ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ផែនការ​ទាំងអស់នេះ​មិនទាន់បាន​ប្រព្រឹត្ត​ផង ស្រាប់តែ​កងទ័ព​បដិវត្តន៍​វាយ​ចូល ភ្នំ​ម៉ាឡៃ​មុន ហើយ​វាយ​យកបាន​ទាំង​ឡាន គ្រឿង​ម៉ាស៊ីន និង ស្បៀង​មួយចំនួនទៀត រីឯ​បក្ខពួក អ៊ិន តាំ បាន រត់គេចខ្លួន​អស់ពី​លើ​ភ្នំ​ម៉ាឡៃ ហើយ​ការទាក់ទង​គ្នា​ខាងក្រៅ​ក៏ត្រូវ​បាន​ដាច់​។ ទោះបីជា​កងទ័ព​បដិវត្តន៍​បាន​វាយ រហូតដល់​បែកបាក់​ទាំង​កម្លាំង​ខាងក្នុង និង​ខាងក្រៅ​យ៉ាងណាក្តី ប៉ុន្តែ​សកម្មភាព​របស់ អាត និង​បក្ខពួក​នៅតែ​បន្ត ធ្វើជា​បន្តបន្ទាប់​ដើម្បី​ប្រឆាំងនឹង​កងកម្លាំង​បដិវត្តន៍ ព្រមទាំង​បន្តធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​បដិវត្តន៍​ជាប្រចាំ រហូត ដល់​ថ្ងៃ​អង្គការ​ចាប់ខ្លួន អាត បាន​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៧៕L ដោយ​ ៖ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​ដកស្រង់​ចេញពី​ឯកសារ​លេខ J០០០៤៦)