ចម្លើយសារភាព សេង សេន ហៅ ចៅ សឿង លេខា​ស្រុក​អូ​រាំង​ឪ ភូមិភាគ​បូព៌ា​

- ដកស្រង់​ចេញ​ឯកសារ​ចម្លើយសារភាព​ឯកសារ​លេខ I00170

1863
ចែករម្លែក

ដោយៈ​ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញៈ
​ នៅក្នុង​ឯកសារ​ដែលមាន​កម្រាស់​៨៨​ទំព័រ បាន​រៀបរាប់​អំពី​ប្រ​ត្តិ​រូប​របស់ ចៅ សឿន​និង​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​មុនពេល​ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​កាលពី​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​១៩៧៧​។ ចៅ សឿន ត្រូវបាន​បញ្ជូនទៅ​កាន់​គុក​ទួលស្លែង និង​សួរចម្លើយ​ដោយ​ឈ្មោះ អុន លី ។ នៅក្នុង​ចម្លើយសារភាព​ដែលមាន​ស្នាម​មេដៃ​របស់​ចៅ សឿន កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​១៩៧៧ បាន​រៀបរាប់​ដូចខាងក្រោម​៖
​ខ្ញុំ​ឈ្មោះ សេង សេន ហៅ ចៅ សឿង មាន​អាយុ​៤២​ឆ្នាំ​។ ខ្ញុំ​មាន​ទីកន្លែង​កំណើត នៅ​ភូមិ​កំពង់​បឹង ឃុំ​មៀន ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម (​តំបន់​២២)​។ ខ្ញុំ​ធ្លាប់​បួស​នៅ​វត្ត​កំពង់​បឹង​បាន​រយៈពេល​ពីរ​ឆ្នាំ​។

កងទ័ព​ខ្មែរក្រហម​ដែល​បាន​ផ្តាច់ខ្លួន​ពី​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ទៅ​ចុះចូល​ជាមួយ​កងទ័ព​វៀតណាម​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​វៀតណាម នៅក្នុង​ឆ្នាំ​១៩៧៨​។ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​)​

​ខ្ញុំ​បាន​លាចាក​សិក្ខាបទ និង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​។ នៅពេល​ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ ខ្ញុំ​បាន​រៀបការ​។ នៅ​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​ចូល​បដិវត្តន៍​តាមរយៈ​ឈ្មោះ ស៊ា​ង ហ៊ី (​អតីត​ប្រធាន​សង្កាត់​តាន​ង់​) និង មុត តា​គូ​។ ថ្ងៃមួយ​នៅពេល​ខ្ញុំ​ចេញទៅ​នេសាទ ខ្ញុំ​បាន​ជួប​ជាមួយ ឈ្មោះ យោន (​លេខា​ស្រុក​ល្វាឯម តំបន់​២២)​។ យោន បានធ្វើ​ការអប់រំ​ខ្ញុំ ប្រាប់​ខ្ញុំ​អំពី​កម្លាំង​របស់​ខ្មាំង​ដែល​ខ្លាំងក្លា ចំណែក​កម្លាំង​បដិវត្តន៍​នៅមានកម្រិត​។ ក្រោយមក យោន បាន​នាំ តា​តុល (​អតីត​កម្មាភិបាល​តំបន់​២២) មកជា​មួយ ហើយ​បាន​ប្រាប់ថា តា​តុល មក​ជំនួស​កន្លែង​គាត់ ព្រោះ​គាត់​ត្រូវ​ប្តូរ​ទៅ​កន្លែង​ថ្មី​។ តា​តុល មក​ដឹកនាំ​បាន​៥​ថ្ងៃ​គាត់​បាន​អប់រំ​ខ្ញុំ និង​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​ចូល​ខ្មែរ​សេរី​។ តា​តុល បាន​ណែនាំ​ឲ្យ​ឈរ​ដា​ក់ដៃ​ទាំងពីរ​ចុះ ហើយ​សូត្រ​សច្ចា​ឲ្យ​ខ្ញុំ​ធ្វើតាម​។ ចំណែក​ភារកិច្ច​ដែល​ខ្ញុំ​ត្រូវធ្វើ ៖ ត្រូវ​បង្កប់ខ្លួន បំផ្លាញ​បដិវត្តន៍ ខំ​កសាង​កម្លាំង​ឲ្យ​បាន​ច្រើន និង​ត្រូវ​រក្សា​ការសម្ងាត់​កុំ​ឲ្យ​បែកការណ៍​។ ក្រោយមក​ខ្ញុំ​បានធ្វើ​សម្មភាព​តាម​ការណែនាំ និង​បាន​កសាង​ប្រជាជន​មានឈ្មោះ ញ៉ោង ច​ន​, ស៊ីម ប៉ោ​លីម និង​ឈ្មោះ ឌី​។​

​នៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​ជួប​ជាមួយ បង​ភួង (​ប្រធាន​ចម្ការកៅស៊ូ​ភូមិភាគ​បូព៌ា​) ពេល​គាត់​មក​មន្ទីរ​របស់ខ្ញុំ​តាមរយៈ បង​សឿន (​លេខា​ស្រុក​មុខកំពូល តំបន់​២២)​។ ក្រោយមក បងៗ​៣០​នាក់ បាន​ទៅ​រៀន​នៅក្នុង​ទឹកដី​យួន ក្នុងនោះ​ខ្ញុំ​បាន​ស្គាល់​មនុស្ស​៤​នាក់ មានឈ្មោះ ណាំ សាន (​អតីត​កម្មាភិបាល​តំបន់​២១), តា ស៊ីម ហៅ ធ្មេញ ស (​អនុ​លេខា​ស្រុក​ពញាក្រែក តំបន់​២០) សា​គី វង់ (​លេខា​ស្រុក​ចន្ទ្រា តំបន់​២៣) និង យ៉ុង (​អតីត​កម្មាភិបាល​តំបន់​២២)​។ បង​ភឹម ទទួល​ដឹកនាំ​បង្រៀន​ជាមួយ បង​ភួង​។ ក្រោយពី​ចប់​ការបង្រៀន បង​ភឹម បាន​ហៅ​ខ្ញុំ , ណាំ សាន និង សា​គី វង់ ទៅ​ជួប​។ ដំបូង បង​ភឹម បាន​ណែនាំ​ពី​សភាពការណ៍​ភូមិភាគ​បូព៌ា នៅ​ព្រំដែន​ខាងជើង និង​ខាងត្បូង​ជាប់​ជាមួយ​យួន​ដែល​ក្លាយជា​បង្អែក​សម្រាប់​មូលដ្ឋាន​។ ចប់​ការណែនាំ បង​ភឹម បាន​ឲ្យ​លុយ​ខ្ញុំ​១.០០០​រៀល សម្រាប់ធ្វើ​សោហ៊ុយ និង​ទិញ​អាហារ ហើយ បង​ភឹម ក៏​ផ្ដាំ​ឲ្យ​ខ្ញុំ​ខិតខំ​កសាង​កម្លាំង​បន្តទៀត​។ ត្រឡប់មកវិញ​ខ្ញុំ​ក៏​ទៅ​ស៊ីឈ្នួល​តាម​កា​រណូត​ពី​ផ្សា​ថ្មី ទៅ​កំពង់ចាម​។ ពេលនោះ​ខ្ញុំ​ទាក់ទង​រកស៊ី​ជាមួយ​ចៅហ្វាយស្រុក​កោះសូទិន ឈ្មោះ យូ ហុកគ្រី​។ នៅក្នុង​ឆ្នាំ​១៩៦៤ ខ្ញុំ​ត្រូវ​ដាច់​ការទាក់ទង​ជាមួយ​បងៗ​ខាងលើ លើកលែងតែ បង​សឿន ម្នាក់​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​ជួប​ជាមួយ មិត្ត​មុត (​អតីត​លេខា​តំបន់​២២) ដែល​មក​ទាក់ទង​ឲ្យ​ខ្ញុំ​ធ្វើជា​ជំទប់​នៅក្នុង​ឃុំ​ប្រ​ធាតុ​ដើម្បី​ងាយស្រួល​ការពារ​មិត្ត​ផ្សេងទៀត និង​ក្ដាប់​សភាពការណ៍​។ ខ្ញុំ​បាន​កសាង​កម្លាំង​មាន គ្រូ​ឈួន បង្រៀន​នៅ​វត្ត​ទួល​ឃ្លាំង​, គ្រូ​លន់ បង្រៀន​នៅ​ឃុំ​ប្រ​ធាតុ និង​ឈ្មោះ មែន​។ នៅ​ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​ជួប​ជាមួយ បង​ទុំ (​អតីត​លេខា​តំបន់​២២) ដែល​បានមក​ផ្ទះ​ខ្ញុំ ហើយ​មិត្ត មុត ក៏បាន​ឧទ្ទេសនាម​ប្រាប់ បង​ទុំ អំពីខ្ញុំ និង​សកម្មភាព​ដែល​បានធ្វើ​កន្លងមក​។ បន្ទាប់មក មិត្ត​ទុំ បាន​អប់រំ​ខ្ញុំ​ឲ្យ​ចូល សេ​.​អ៊ី​.​អា ដែល​អង្គការ​នេះ​បាន​បង្កប់ខ្លួន និង​បំផ្លាញ​បដិវត្តន៍​។ បន្ទាប់ពី បង​ទុំ និង មិត្ត​មុត ចាក​ចេញពីផ្ទះ​របស់ខ្ញុំ ខ្ញុំ​បានធ្វើ​ការទាក់ទង​ជាមួយ បង​សឿង សួរ​ពី​សភាពការណ៍​ដែល​គាត់​ធ្វើការ​ទាក់ទង​ជាមួយ​បងៗ​ខាងលើ​។ មិត្ត​សឿន ឆ្លើយថា គាត់​ក៏​ទាក់ទង​បងៗ​មិនបាន​ដែរ ដូច្នេះ​គាត់​នៅ​ស្ងៀម និង​បានធ្វើ​ការកសាង​កម្លាំង​ខ្លះៗ​ប៉ុណ្ណោះ​។
​ក្រោយ​ម ក​មេឃុំ​បាន​ហៅ​ជំទប់​ទាំងអស់​ទៅ​ប្រជុំ​នៅ​សាលាស្រុក​កោះសូទិន ដែល​បានលើកឡើង​ពី​ខ្មែរក្រហម​ចូលមក​ដល់ ឃុំ​កណ្ដោលជ្រុំ​ហើយ ដូច្នេះ​ឃុំ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​បង្កើត​សកម្មភាព​យាម​ទាំងយប់​ទាំង​ថ្ងៃ​។ តាម​ភូមិ​ត្រូវធ្វើ​របង អ្នក​ដែល​ដើរ​យប់​ត្រូវ​កាន់​ភ្លើង​ពិនិត្យ បើ​ចម្លែក​ត្រូវ​ឃាត់ទុក​។ ចំណែក​ដុប​ព្រៃ​តាម​ឃុំ តាម​ភូមិ ត្រូវ​ដុត​រកមើល​រក​ខ្មែរក្រហម​ដែល​មក​លាក់ខ្លួន​។ នៅក្នុង​ឃុំ​មាន​កម្លាំង​ប៉ូលីស​៥​នាក់ រុករក​ក្រុមខ្មែរក្រហម ក្រែងលោ​កម​កពួន​លាក់ខ្លួន​ក្នុងព្រៃ ឬ​តាម​ភូមិ​។

​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៧០ កើតមាន​បាតុកម្ម​នៅ​ទន្លេ​បិទ​រយៈពេល​២​ថ្ងៃ ពេលនោះ​ខ្ញុំ​និង​បក្ខពួក​ក៏បាន​ចូលរួម​បាតុកម្ម​ជាមួយ​ដែរ​។ ពេល​ត្រឡប់មក​សម្រាក​នៅផ្ទះ​បាន​រយៈពេល​៣​ថ្ងៃ មិត្ត​មុត បានមក​ហៅ​ខ្ញុំ​ទៅ​កន្លែង​របស់គាត់​នៅ​ភូមិ​កន្លែង​ចក ស្រុក​អូ​រាំង​ឪ​។ មិត្ត​មុត បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​នាំ​កងទ័ព​វៀតណាម​ឆ្លងកាត់​ទន្លេមេគង្គ បន្តទៅ​ឲ្យ បង​យ៉េន ដើម្បី​នាំមក​ភូមិភាគ​ឧ​ត្ត​រ​។ ខ្ញុំ​ជូន​កងទ័ព​វៀតណាម​អស់​រយៈពេល​២​ថ្ងៃ​។ បន្ទាប់មក មិត្ត​មុត ឧទ្ទេសនាម​ខ្ញុំ​ឲ្យ​ចុះ​ទៅធ្វើ​ការឃោសនា និង​ចាត់តាំង​ប្រធានភូមិ​ក្នុងស្រុក​កោះសូទិន​។ ពេលនោះ​កម្លាំង​របស់ខ្ញុំ​មាន​គ្នា​១០​នាក់ និង​មាន​អាវុធ​ផង​។ ក្រោយមក មិត្ត​មុត ហៅ​ខ្ញុំ​ទៅ​ប្រជុំ ហើយ​បានធ្វើការ​ចាត់តាំង​និង​ប្រគល់​ភារកិច្ច ដូចតទៅ ៖ ឈ្មោះ​ធឿន ទទួល​ប្រធាន​ឃុំ​មៀន​, ឈ្មោះ​ផៃ ទទួល​ប្រធាន​ឃុំ​មហាលាភ​, ឈ្មោះ ម៉ៅ ទទួល​ឃុំ​ល្វេ​, ឈ្មោះ សឿន ទទួល​ឃុំ​ជី​ហែ​, ឈ្មោះ​ខុម ទទួល​ឃុំ​កោះសូទិន​, ឈ្មោះ អ៊ុន ទទួល​ឃុំ​កំពង់​រាប​, ឈ្មោះ ស៊ា​ង ហ៊ី ទទួល​ឃុំ​តាន​ង់​, ខ្ញុំ​ទទួល​ឃុំ​ពាមប្រធ្នោះ​, ឈ្មោះ ធា ទទួល​ប្រធាន​ស្រុក​ស៊ីធរ​កណ្ដាល​,​ឈ្មោះ ឆន អនុប្រធាន​ស្រុក​ស៊ីធរ​កណ្ដាល​, ឈ្មោះ យ៉យ សមាជិក​, ឈ្មោះ ងិន ប្រធាន​ស្រុក​ស្រី​សន្ធរ​, ឈ្មោះ ជិម អនុស្រុក​ស្រី​សន្ធរ​, ឈ្មោះ ដូច សមាជិក​, ឈ្មោះ ឈូក សៅ ទទួល​តំបន់​ពិសេស​អូ​រាំង​ឪ​, ឈ្មោះ ឌឹ​ម ប្រធាន​យោធា​តំបន់​២២ និង ឈ្មោះ សារ៉េត អនុ​យោធា​តំបន់​២២​។ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ទៅ​ទទួល​កងទ័ព​ដែល​ទើបតែ​រើស​មក​។ មិត្ត​មុត បាន​ហៅ​ខ្ញុំ​អប់រំ​ថា កងទ័ព​ថ្មី​នេះ​ខ្ញុំ​ឲ្យ​យួន​ពីរ​នាក់​ទទួល​អប់រំ​ខាង​បច្ចេកទេស មានឈ្មោះ ហ៊ុទ និង ថា​ញ់​។ នៅក្នុង​ខែមីនា ឆ្នាំ​១៩៧១ ខ្ញុំ​បាន​ទៅ​រៀន​នៅ​ភូមិភាគ​ឧ​ត្ត​រ​មាន​កម្លាំង​ប្រមាណ​ជា​៣០​នាក់​។ វគ្គ​ទី​១​របស់​អង្គការ​គឺ​រៀន​នៅក្នុង​ព្រៃ​។ ខ្ញុំ​រៀន​បាន​២០​ថ្ងៃ ខ្ញុំ​ក៏បាន​ត្រឡប់មកវិញ​។ បន្ទាប់មក​ខ្ញុំ​បាន​ទៅ​រាយការណ៍​ប្រាប់ មិត្ត​មុត ហើយ មិត្ត​មុត បានធ្វើ​ការណែនាំ​ឲ្យ​ខ្ញុំ​នាំ​កងទ័ព​ទៅ​បោះទីតាំង​ប្រចាំការ​នៅត្រង់​ក្បាល​ពាម និង​ត្រង់​ជ្រោយ​អំពិល​។ នៅ​កន្លែង​នោះ ខ្ញុំ​បានធ្វើ​សកម្មភាព​បំផុសប្រជាជន​ឲ្យ​យក​សេដ្ឋកិច្ច​ពី​តំបន់​រំដោះ ទៅ​លក់​នៅ​តំបន់​ខ្មាំង មានដូចជា ៖ បន្លែ ផ្លែឈើ និង សាច់ជ្រូក​ខ្លះៗ​។

ប្រធាន​កងអនុសេនាតូច ប៉ែន សាម៉េន (​រូប​ទី​ពីរ រាប់​ពី​ខាងស្តាំ​) នៅក្នុង​តំបន់​បូព៌ា​នៃ​កម្ពុជា​ប្រជាធិបតេយ្យ នៅក្នុង​ឆ្នាំ​១៩៧៨​។ ប៉ែន សាម៉េន ធ្លាប់​បានរៀបចំ​ការបះបោ​រ​ប្រឆាំងនឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ដឹកនាំ​កង​ចារកិច្ច​ដែល​បាន​តស៊ូ​មុនពេល សាម៉េន ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន និង​សម្លាប់ចោល​។ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​)

​នៅក្នុង​ខែមករា ឆ្នាំ​១៩៧២ មិត្ត​មុត ហៅ​ខ្ញុំ​ទៅ​ជួប​នៅ​មន្ទីរ​មហាលាភ​។ បង​ទុំ និង​មិត្ត​មុត ប្រាប់​ខ្ញុំ​ថា ត្រូវ​ផ្លាស់​ទៅជា​មួយ​កងទ័ព​ដែល​ទើបតែ​រើស​ថ្មី​ជាង​៥០០​នាក់​។ អង្ក​ភាព​ត្រូវ​បោះជំរំ​នៅ​ត្រពាំង​ឫស្សី និង​ភូមិ​ចំបក់ ក្នុងស្រុក​ត្បូងឃ្មុំ (​តំបន់​២១) អ្នក​ដែល​បង្រៀន​បច្ចេកទេស​មា​ន​ខ្ញុំ ឈ្មោះ ខ្វាំ​ង និង ស៊ិ​ញ ។ ចប់​ការហ្វឹកហាត់ អង្គភាព​ត្រូវ​ទៅ​សមរភូមិ​ស្វាយរៀង​។ ពេលនោះ​ខ្ញុំ​ជួប បង​ម៉ុ​ន ប្រជុំ​នៅក្នុង​ភូមិ​ក្រ​ឆែត សង្កាត់​ស្វាយ​រំពារ ហើយ​គាត់​ក៏​ទទួល​ប្រធាន​សមរភូមិ​ដែរ​។ ខ្ញុំ​បាន​ទាក់ទង បង​ម៉ុ​ន តាម​ការ​ផ្ដាំផ្ញើ​ពី បង​ទុំ​។ បង​ប៉ុន ប្រាប់​ខ្ញុំ​ថា នៅពេល​ផ្ទុះអាវុធ បង​ជ័យ នៅ​បញ្ជា​ផ្ទាល់ ហើយ​មាន បង​បូ នៅ​រៀប​កម្លាំង​ពីក្រោយ​ចំណែក​ខ្ញុំ​នៅ​ទទួល​កម្លាំង​ត្រៀម​ជំនួយ​។ បន្ទាប់ពី​ប្រជុំ យើង​បានមក​រៀបចំ​អង្គភាព​ដោយ​ទៅ​បោះ​ទីតាំងនៅ​ភូមិ​ក្រាំង​ចិន ក្នុង​សង្កាត់​ស្ដៅ​កោង ដែល​ទទួល​សមរភូមិ​មាំ​ង​សាលា​,​ពោធិ៍​លាស់ និង​ក្រាំងស្វាយ​។ បង​ម៉ុ​ន បាន​ហៅ គណៈ​ឃ​២១ និង​ប្រធាន​គ​ទៅ​ប្រជុំ​ជាមួយ​។ បង​ម៉ុ​ន ដែលជា​ប្រធាន​សេនាធិការ និង​ជា​ប្រធាន​សមរភូមិ​បាន​លើកយក​សមរភូមិ​ឈើកាច់​មក​ពិភាក្សា និង​ដាក់​ផែនការ​ឲ្យ​ឃ​២១ វាយយក​ឲ្យ​បាន​ភ្នំ​ឈើកាច់​។ បង​ម៉ុ​ន បាន​ឲ្យ​ខ្ញុំ​មក​ទទួល​អនុ​យោ​ធាឃ​២១ បន្ទាប់មក​ការប្រជុំ​បាន​រំសាយ​។ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៧២ ខ្ញុំ​បាន​ផ្លាស់​ចេញពី​អង្គភាព​មក​រៀន​ជាមួយ​យួន​ដែលមាន​គ្នា​ប្រមាណ​ជា​៣០​នាក់ ដែលមាន​ទីតាំង​នៅក្នុង​ព្រៃ​។ ការ​មក​រៀន​នោះ​ទាក់ទង​បច្ចេកទេស​យុទ្ធសាស្ត្រ​គ្រប់គ្រង​កងទ័ព និង​ដឹកនាំ​បញ្ជា​ក្នុង​សមរភូមិ​។ ការរៀន​នោះ​មាន​រយៈពេល​៣​ខែ ខ្ញុំ​ក៏​ត្រឡប់មក​ភូមិភាគ​បូព៌ា​វិញ​។ ខ្ញុំ​បានមក​នៅ​អង្គភាព​ថ្មី ង​១២៨ ជាមួយ​មិត្ត​ដែល​ត្រូវ​ទទួលខុសត្រូវ​មានឈ្មោះ​រស់ នៅ ជា​ប្រធាន​, សូ វង់ ជា​អនុ​, ឈ្មោះ​អាន និង​ខ្ញុំ​ជា​សមាជិក​។ នៅក្នុង​ឆ្នាំ​១៩៧៣ មុន​ការបើក​សមរភូមិ បង​ម៉ុ​ន បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ដាក់​ផែនការ​ថា នេះ​គឺជា​សមរភូមិ​ក្ដៅ ដូច្នេះ​ទាមទារ​ឲ្យ​យើង​អនុវត្ត​នៅក្នុង​សមរភូមិ​។ ការប្រជុំ​មិត្ត​ទាំងអស់​បាន​ឯកភាព​ដូច បង​ម៉ុ​ន ដែល​បាន​ដុត​ផ្ទះ​ប្រជាជន និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជ័យ​ភណ្ឌ​។ ក្រោយមក មានការ​ប្រជុំ ដឹកនាំ​ដោយ បង​ម៉ុ​ន អំពី​សមរភូមិ​ដីដុះ​, សមរភូមិ​ជ្រោយ​ជ្រែ និង​ចាត់​ឲ្យ ង​១២៨ និង​ឃ​០៥ ទទួល​ភារកិច្ច​។

​នៅក្នុង​ឆ្នាំ​១៩៧៤ មាន​ការធ្វើ​សន្និបាត​ភូមិភាគ អ្នកចូលរួម​មាន​គណៈ​ភូមិភាគ លេខា​តំបន់​គ្រប់​ភូមិភាគ លេខា​គ្រប់​ស្រុក និង​គណៈ​កងវរសេនាធំ​។ ក្នុងនោះ​មានការ​ចាត់តាំង​កងពល​ទី​១ ចក្រី គឺជា​ប្រធាន​, សុខ អនុ​កងពល​ទី​១, កងពល​ទី​២ មានឈ្មោះ ម៉ុ​ន គឺជា​ប្រធាន និង​ឈ្មោះ តា​ល គឺជា​អនុ​កងពល​ទី​២, កងពល​ទី​៣ មានឈ្មោះ ឈាន គឺជា​ប្រធាន និង​ឈ្មោះ តាត ជា​អនុ​កងពល​ទី​៣​។ ពេល​ចប់​សន្និបាត ខ្ញុំ​បាន​ត្រឡប់មក​អង្គភាព​វិញ​។ នៅពេល​ជួបគ្នា ខ្ញុំ​បាន​និយាយ​ពី​សមរភូមិ​ដែល​យើង​បានសម្រេច​ជ័យជម្នះ​។ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៧៥ សមរភូមិ​ទូទាំងប្រទេស​បាន​ផ្ទុះអាវុធ ពេលនោះ​ខ្ញុំ​បាន​ត្រៀម​ផែនការ​សកម្មភាព​បំផ្លាញ​កម្លាំង​អង្គភាព​ដែល​នៅជាប់​សមរភូមិ​បន្លិច​, ដីដុះ​, ចម្ការ​ស្ពៃ និង​ជ្រោយ​ជ្រែ​។ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​១៩៧៥ ខ្ញុំ​បានមក​ធ្វើការ​នៅ​សមរភូមិ​ប្រសាទ​ពាម​ប៉ា​ណា (​ប៉ា​ណា​) ពេលនោះ​ខ្ញុំ​បាន​ចាត់តាំង សម​មិត្ត​ឆន និង​សម​មិត្ត​ភាន ដែលជា​ប្រធាន សេ​.​អ៊ី​.​អា និង​អនុ​របស់​កង​សេនា​ធំ​ឲ្យ​នាំ​កម្លាំង​ឆ្លងកាត់​ទន្លេតូច​ដោយ​ចងខ្សែ​កាត់​ទទឹងផ្លូវ​ចូល​សមរភូមិ​។ ខ្ញុំ​បាន​អប់រំ​មិត្ត​ទាំងពីរ​នាក់ ត្រូវធ្វើ​ឲ្យ​បែកការណ៍​ដើម្បី​ឲ្យ​ខ្មាំង​ដឹង និង​សកម្មភាព​មកលើ​អង្គភាព​បាន​តាមចិត្ត​។ ក្រោយមក​ខ្មាំង​បានដឹង​សកម្មភាព​របស់​អង្គភាព ហើយ​បានធ្វើ​ឲ្យ​ខូចខាត​អាវុធ និង​កម្លាំង​អស់​មួយចំនួន​។ នៅ​បា​ក់ណា​ម និង​អ្នក​លឿង ខ្ញុំ​បានធ្វើ​សកម្មភាព​បំផ្លាញ​កម្លាំង​ជា​បន្តបន្ទាប់​។ ក្រោយមក បង​ម៉ុ​ន បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ ដោយ​កងពល​ទី​២​ទទួល​សមរភូមិ​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​។ បង​ម៉ុ​ន បាន​ណែនាំ​ប្រសិនបើ​មាន​រថក្រោះ​ត្រូវយក​រថក្រោះ​ឲ្យ​បាន​ច្រើន ហើយ​ត្រៀម​ធ្វើសង្គ្រាម​មុនពេល​ចូល​សមរភូមិ​ភ្នំពេញ​។ បង​ម៉ុ​ន បាន​ឲ្យ​មួ​យឃ កង​ពិសេស​របស់​កងពល ត្រៀម​ចាប់​ទាហាន​ចេញពី​ទីក្រុង​។ ខ្ញុំ​ចាប់បាន​ទាហាន​ជាង​១០០​នាក់ បង​ម៉ុ​ន បាន​ឲ្យ​ខ្ញុំ​ក​ម្ទេ​ក​ចោល ដើម្បី​ជាការ​គំរាម​ដល់​អ្នក​ក្រោយ​។ ក្រោយ​រំដោះ​ទីក្រុង​បាន​៣​ថ្ងៃ បង​ម៉ុ​ន បាន​ឲ្យ​ខ្ញុំ​មក​បោះ​ទីតាំងនៅ​ម្ដុំ​បាក់​ណា​ម និង​អ្នក​លឿង​វិញ​។ នៅក្នុង​ឆ្នាំ​១៩៧៦ សម​មិត្ត មុត បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​មន្ទីរ​ព្រែ​កតា​មាក់ ដែលមាន​អ្នកចូលរួម ៖ ខ្ញុំ​, ផៃ (​លេខា​ស្រុក​កោះ​សុទិន​), ដូច (​លេខា​ស្រុក​ស្រី​សន្ធរ​),​ម៉ឺ​ត លេខា​ស្រុក​ខ្សាច់កណ្ដាល​, ផុង (​លេខា​ស្រុក​មុខកំពូល​), យោន (​លេខា​ស្រុក​ល្វាឯម​), ឆន​(​លេខា​ស្រុក​ស៊ីធរ​កណ្ដាល​), សាយ (​សមាជិក​ប្រធាន​សង្គមកិច្ច​តំបន់​២២), ពេ​ជ (​ប្រធាន​យោធា​តំបន់​២២), ធា (​ប្រធាន​មន្ទីរ​តំបន់​២៣) និង មុត​។ មិត្ត​មុត បានលើកឡើង​ពី​ការ​វាយ​បក្ស​ក្នុង​ថ្ងៃបុណ្យ​ទី​១ (​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៦) និង​ដាក់​ផែនការ​គ្រប់​ស្រុក​ឲ្យ​រៀបចំ​កងទ័ព ទាំង​មនុស្ស និង​អាវុធ ជាមួយនេះ​ត្រូវធ្វើ​ការឃោសនា​ប្រជាជន​ឲ្យ​មាន​ភាពច្របូកច្របល់​។ នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​ចូលរួម​ប្រជុំ​នៅ​មន្ទីរ​ភូមិភាគ​នៅ​សួង​ដែលមាន​បង​ភឹម ដឹកនាំ​ប្រជុំ រួមមាន ៖ បង​ពាង (​អចិ​ន្រៃ្ត​យ៍ ភូមិភាគ​), បង​ម៉ុ​ន (​ប្រធាន​សេនាធិការ​ភូមិភាគ​), សុ​ត (​លេខា​តំបន់​២១), បង​ស៊ុទ (​លេខា​តំបន់​២០), បង​មុត (​លេខា​តំបន់​២២), បង​ឡាក់ (​លេខា​ស្រុក​ទឹក​ជ្រៅ​តំបន់​២១), សា​ប៊ុន (​លេខា​ស្រុក​ត្បូងឃ្មុំ តំបន់​២១), ស៊ិ​ម (​លេខា​ស្រុក​ពញាក្រែក តំបន់​២០) និង សុង (​លេខា​ស្រុក​ក​ញ្ជៀ​ច តំបន់​២០)​។ ដំបូង​បង​ភឹម បាន​ឧទ្ទេសនាម​ផែន​ការធ្វើ​ប្រព័ន្ធ​ភ្លឺស្រែ និង​ប្រឡាយ​។ នៅ​ដើមខែ​មេសា ឆ្នាំ​១៩៧៦ មិត្ត​មុត បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​ស្រុក​ស៊ីធរ​កណ្ដាល ដែលមាន​អ្នកចូលរួម​ប្រជុំ​លើក​ពី​ផែន​ការដែល​ត្រូវធ្វើ​នៅក្នុង​ខែមេសា​ខាងមុខ និង​ការត្រៀម​កម្លាំង​ដែល​បានរៀបចំ​រង់ចាំតែ​ថ្ងៃ​កំណត់​របស់​តំបន់​។
​ក្រោយមក ផែនការ​ដែល​បាន​ត្រៀម​បាន​បែកការណ៍ ដូច្នេះ​បាន​រំសាយ​វិញ​។ ខ្ញុំ​នៅតែ​បន្តសកម្មភាព​បំផុសប្រជាជន ហើយ​លើក​ពាក្យស្លោក​ថា «​ធ្វើស្រែ​នឹង​ទឹក​ហូបបាយ​ធ្វើស្រែ​នឹង​ប្រឡាយ​ហូប​បបរ​»​។ ពាក្យស្លោក​នេះ​ប្រជាជន​បាន​និយាយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​បំផុស​ពាក្យ​ចចាមអារ៉ាម​ថា កងទ័ព​ខ្មែរ​ស បានមក​ដល់ ក្រែក និង មេមត់ ហើយ​។ នៅក្នុង​ខែមិថុនា ឆ្នាំ​១៩៧៦ មាន​សន្និបាត​មន្ទីរ​ភូមិភាគ ក្នុងនោះ​មាន​បង ភឹម ជា​ប្រធាន​អង្គសន្និបាត ដែលមាន​ការចូលរួម​ពី​គណៈ​ភូមិភាគ សេនាធិការ​ភូមិភាគ លេខា​គ្រប់​ស្រុក​ទាំងអស់ និង​លេខា​គ្រប់​តំបន់​របស់​ភូមិភាគ​។ ក្រោយមក​ការប្រជុំ​ក៏មាន​ការចាត់តាំង​បង​ឈាន ជា​លេខា​តំបន់​២២​។ បន្ទាប់ពី​ចប់ស​ន្និ​បាន បង​ភឹម បាន​ហៅ​ខ្ញុំ និង​មិត្ត​មួយចំនួន​ចូលរួម មាន ៖ បង​ម៉ុ​ន (​ប្រធាន​សេ​នាធការ​ភូមិភាគ​), រិ​ន (​អនុ​), បង​ឈាន​, ស៊ុន (​លេខា​តំបន់​២០), សារុន (​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ភូមិភាគ​), ស៊ីម (​លេខា​ស្រុក​ពញាក្រែក​), ឃាង (​លេខា​ស្រុក​កំចាយមារ​) និង រូបខ្ញុំ​។ បង​ភឹម បាន​និយាយថា​មាន​យួន​តាម​ព្រំដែន ហើយ​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​យួន​ដែលជា​ខ្នងបង្អែក​នៅ​ថ្ងៃក្រោយ​។ នៅ​ខែមករា ឆ្នាំ​១៩៧៧ បង​ភឹម បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​មន្ទីរ​ភូមិភាគ ដែល​បាន​បោះទីតាំង​នៅ​សួង ក្នុង​ស្រុង​ត្បូងឃ្មុំ (​តំបន់​២១) ដែលមាន​អ្នកចូលរួម​ប្រជុំ មានដូចជា ពាម (​សមាជិក​ភូមិភាគ​បូព៌ា​), បង​ម៉ុ​ន​(​ប្រធាន​សេនាធិការ​ភូមិភាគ​បូព៌ា​), រិ​ន (​អនុ​), ស៊ុន (​លេខា​តំបន់​២០), សុក (​លេខា​តំបន់​២១),​ឈាន (​លេខា​តំបន់​២២), អ៊ិម (​លេខា​ស្រុក​ពញាក្រែក​តំបន់​២០), ឈាង (​លេខា​ស្រុក​កំចាយមារ តំបន់​២០) និង​ខ្ញុំ​។ នៅពេល​ប្រជុំ បង​ភឹម បាន​លើក​ពី​ស្ថានភាព​រួម​នៅក្នុង​ភូមិភាគ​បូព៌ា ដែល​បាន​អំណោយផល​ងាយស្រួល ក៏ដូចជា​ការធ្វើសកម្មភាព​ទូទាំងប្រទេស​។ ក្រោយមក​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​១៩៧៧ មិត្ត​ម៉ុ​ន បានទទួល​ផែនការ​រៀបចំ​បែងចែក​កម្លាំង​ជា​ពីរ​សហការ​ជាមួយ​យួន មុខព្រួញ​ទី​១) យើង​វាយយក​តំបន់​ព្រៃភ្នំ​ជា​មូលដ្ឋាន​រហូតដល់​ឦសាន​តែម្ដង និង​មុខព្រួញ​ទី​២) យើង​សម្រុក​វាយយក​ភូមិភាគ​និរតី​តំបន់​២៥​។ ចំណែក មិត្ត​ម៉ុ​ន ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បានល្អ​ងាយស្រួល​ក្នុងការ​ផ្ដល់​ស្បៀង​។ ម៉ុ​ន បានលើកឡើង​ពី​កម្លាំង​ភូមិភាគ​បូព៌ា​មាន​ពីរ​កងពល ដែល​កម្លាំង​នៅតាម​តំបន់​គឺ​ការពារ​នៅតាម​ដង​ទន្លេមេគង្គ និង​មាន​កម្លាំង​នៅ​ភ្នំពេញ​មួយចំនួន​មាន​កម្លាំង ង​១៥២ ដោយ​សម​មិត្ត ស៊ិ​ម អ្នក​ទ​ទួ​ខុសត្រូវ និង​មាន​សម​មិត្ត ឌឹ​ម កងពល​ខាងជើង​ទឹក​។ នៅ​ខែមេសា ឆ្នាំ​១៩៧៧ បង​ឈាន ដែលជា​លេខា​តំបន់​២២ បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​មន្ទីរ​ព្រៃកប្បាស សង្កាត់​ព្រៃ​ពោធិ៍ មាន​អ្នកចូលរួម​ចំនួន​១៣​នាក់​។ បង​ឈាន បាន​លើក​ពី​ផែនការ​ភូមិភាគ​បូព៌ា​ដែល​ខាង​តំបន់​ទទួល​ផែនការ វាយ​បក្ស​នៅក្នុង ខែកញ្ញា ឆ្នាំ​១៩៧៧ ខាងមុខនេះ​។ នៅក្នុង​ខែឧសភា ខ្ញុំ​បាន​ទៅ​ជួប សម​មិត្ត ឆន លេខា​ស្រុក​ស៊ីធរ​កណ្ដាល ដើម្បី​ពិភាក្សាគ្នា​រឿង​ត្រៀមកម្លាំង និង​កសាង​កម្លាំង​នៅក្នុង​ស្រុក​ស៊ីធរ​កណ្ដាល​។ ខ្ញុំ​នៅតែ​បន្តសកម្មភាព​កសាង​ក​ម្លាំ​ងរ​ហូត​។ បន្ទាប់ពី​ខ្ញុំ​ត្រឡប់មក​ឃុំ​ប្រ​ធាតុ​វិញ ខ្ញុំ​បាន​ទៅ​ឃុំ​ដំរិល​ជួប​ជាមួយ មិត្ត​ឆៃ​។ ខ្ញុំ​បាន​ណែនាំ​ឲ្យ​បំផុសប្រជាជន​ឲ្យ​មាន​ភាព​ច្រ​បូល​ច្របល់ និង​ប្រឆាំង​ជាមួយ​មាគ៌ា​បដិវត្តន៍​។ ក្រោយមក បង​ឈាន បាន​ហៅ​ខ្ញុំ​ទៅ​ចូលរួម​សន្និបាត​នៅក្នុង​ស្រុក​ពារាំង រយៈពេល​៥​ថ្ងៃ​។ ខ្ញុំ​ត្រឡប់មកវិញ​បាន​រយៈពេល​ពីរ​ថ្ងៃ ក៏​ចុះទៅ​ធ្វើការ​នៅតាម​សង្កាត់ តាម​ការ​រដ្ឋា​ន និង​តាម​វាលស្រែ​។ ខ្ញុំ​បាន​បំផុស​ថា នៅក្នុង​ឆ្នាំ​១៩៧៧​នេះ សង្គ្រាម​នឹង​កើតមាន​ទៀតហើយ​។ ជាមួយនេះ​ខ្ញុំ​ធ្វើការ​ពង្រឹងកម្លាំង​តាម​សង្កាត់​។ ពេល​ខ្ញុំ​ត្រឡប់មក​មន្ទីរ​វិញ ខ្ញុំ​ក៏បាន​ទទួល​សំបុត្រ​ពី បង​ពាម ហៅ​ខ្ញុំ​ឲ្យ​ទៅ​ជួប​នៅ​មន្ទីរ​ភូមិភាគ​។ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​១៩៧៧ វេលា​ល្ងាច​ខ្ញុំ​ត្រូវ​អង្គភាព​ចាប់ខ្លួន​តែម្ដង​។

កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ​យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ សេង សេន ហៅ ចៅ សឿន ពិត​ឬ​យ៉ាងណា​នោះទេ​៕ ល​