ចរន្ត​, ចរច្រប់​, ចន្ទល់​, ចេតនា​, ចន្លោះ​, ចលនវត្ថុ​, ទ្រនល់​, ជន់​, រំលែក​, រលែក​, រលស់​, តំណែង​, តំណ​, តំណក់​, ដំណោះ​, ដំណាល​, រចនា​, រ៉ាប់រង​, រង្កៀក​, រារែក​

177
ចែករម្លែក

ចរន្ត ចៈ​-​រ៉​ន់ បា​. ( ន​. ) (​ចរ + អន្ត > ចរន្ត​) ចលនា ឬ​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅដោយ កម្លាំង​នៃ​ធាតុទឹក​និង​ធាតុភ្លើង​ជាដើម : ចរន្តអគ្គិសនី ។

​ចរច្រប់ ច​ច្រប់ ( កិ​. ឬ កិ​. វិ​. ) ដើរ​ចុះ​ដើរ​ឡើង​សុសសព្វ (​ដូចជា​គេ​ច្រប់​អន្ទង់​), ដើរ​វក់ វី​សព្វ : ដើរ​ចរច្រប់ ។ ដើរ​ចរច្រប់​អា​រ៉​ប់ គឺ​ដើរ​ចរច្រប់​បត់​ចុះ​បត់​ឡើង​ច្រើន​បក​ច្រើនសា (​ម​. ព​. ច្រប់ ឬ ច្រប់ៗ ផង​) ។

​ចន្ទល់ ច​ន់​-​ទល់ ( ន​. ) ប្រដាប់​សម្រាប់​ទល់ : ចន្ទល់ផ្ទះ​, ចន្ទល់រទេះ ។

​ចេតនា ចេ តៈ ន៉ា សំ​. បា​. ( ន​. ) គំនិត​ដែល​នាំ​ចិត្ត​ឲ្យ​ភ្នក​, ឲ្យ​ផ្ដួច​គិត ។ ចេតនា​នេះ ជា​តួ​ចេតសិក​ដែល​ដឹកនាំ​ចិត្ត​ឲ្យ​ចេះ​គិត ។ ចេតនាកម្ម (–​កាំ​) អំពើ​ដែល​សម្រេច​ដោយ ចេតនា​ឬ​ដែល​កើតឡើង​ដោយ​ចេតនា ។ ចេតនារម្មណ៍ (–​រ៉​ម់​) អារម្មណ៍​របស់ ចេតនា​, ធម្មជាត​ជាទី​រីករាយ​នៃ​ចិត្ត ។

​ចន្លោះ ( ន​. ) ទី​ឆ្លង​, ទី​ជា​កណ្ដាល​នៃ​ប៉ែក​ទាំងពីរ​, រវាង : ចន្លោះផ្ទះ​, ចន្លោះរបង ។ គុ​. ទំនេរ : ពេល​ចន្លោះ​ពី​ពេលធ្វើការ ។

​ចលនវត្ថុ ចៈ​-​ល៉ៈ​-​ន៉ៈ​-​វាត់​-​ថុ ( ន​. ) វត្ថុ ឬ ទ្រព្យ​របស់​ដែល​កម្រើក​បាន​, ដែល​លើក ដាក់ ឬ​ដឹកនាំ​ពី​កន្លែង​មួយ​ទៅកាន់​កន្លែង​មួយទៀត​បាន មាន​តុ ទូ ជាដើម ។ ព​. ផ្ទ​. អចលនវត្ថុ ។

​ទ្រនល់ ( ន​. ) ប្រដាប់​ធ្វើ​ដោយ​ឈើ​ឬ​ដោយ​ដីស្អិត​ដុត​ឲ្យ​ឆ្អិន មាន​សណ្ឋាន​មូល សម្រាប់​វាយក្អម​, ឆ្នាំង បន្ទុល​ពី​ខាងក្នុង : ទ្រនល់​វាយក្អម ។ ទ្រនុល​

​ជន់ ( កិ​. ) ឡើង​សាយភាយ​, ទឹក​ជន់ ។ ព​. ប្រ​. បរិបូរ​, ពោរ​ពាស​; ច្រើន​និយាយ​តែ អំពី​ភោជនាហារ​ឬ​លាភសក្ការៈ ដែលមាន​បរិបូរ​ណាស់ បរិភោគ​ឬ​ចែករំលែក​មិន​ខ្ចាត់ មិនចេះ​រលស់ ។

​រំលែក ( កិ​. ) ធ្វើ​ឲ្យ​ញែក​ចេញ​ខ្លះ​, បំបែកចេញ​ខ្លះ​, ធ្វើ​ឲ្យ​រលស់​ចេញ​ខ្លះ យកចេញ​ខ្លះ​, ចែក​ឲ្យ​ខ្លះ​តាម​ការគួរ : រំលែក​ម្ហូប​ចែកគ្នា ។ (​កុំ​ច្រឡំ រំលែក និង រលែក​) ។

​រលែក ( កិ​. ) ចែក​, បែក​, ញែក​, ជា​ភាគ : ប្រមូល​មនុស្ស​មិន​ឲ្យ​រលែក​គ្នា (​ម​. ព​. រំលែក ផង​) ។ ចែក​រលែក ចែក​បែង​ឲ្យ​ជា​ភាគ​ស្មើគ្នា​ឬ​តិច​ច្រើនជាង​គ្នា ប៉ុន្តែ​ឲ្យ​បាន​គ្រប់គ្នា ។ ដើរ​រលែក​គ្នា ដើរ​បែក​ទាស​ចេញពី​គ្នា ។

​រលស់ ( កិ​. ) ថយ​ចំនួន​តិច​ចុះ​, នៅមាន​តិចជាង​ចំនួន​ដើម​:​ប្រាក់​រលស់​ពី​ក្នុង​ថង់​,​មនុស្ស ចេញ​រលស់​ពី​ទីប្រជុំ ។

​តំណែង ( កិ​. ) (​ម​. ព​. ដំណែង កិ​.) ។ ( ន​. )​អ្វីៗ​ដែល​គេ​តែង ។ របៀប​លំដាប់​កិត្តិយស មន្ត្រី​, មុខក្រសួង​,​មុខងារ​, មុខការ : លាចាក​មុខតំណែង​, ដាក់​ឲ្យ​នៅក្រៅ​តំណែង ។

​តំណ ( ន​. ) កន្លែង​ដែល​ត​, មុខ​ដែល​ត​ភ្ជាប់​គ្នា​; កាល​, គ្រា​, ជំនាន់​, ដែល​ត​គ្នា : តំណខ្សែ​; តំណ​នៃ​វង្ស​ត្រកូល​; ចម្រៀង​នេះ​មាន​តំណ​ពី​រឿង​មុន​មក ។

​តំណក់ ( ន​. ) សភាវៈ​រាវ​ដែលមាន​ចំនួន​តិច​ល្មមតែ​ស្រក់​ចុះ​តក់ៗ : ទឹក​មួយ​តំណក់​, តំណក់ភ្លៀង ។

​ដំណោះ ( ន​. ) ការ​ដោះ​, ពាក្យ​ដោះ​, ដំណើរ​ដោះស្រាយ : ចោទប្រកាន់​គេ​មិន​ជាប់​ទេ គេ​មាន​ដំណោះស្រាយ​ច្រើនយ៉ាង​ណាស់ ។ ដំណោះពិត ការដោះស្រាយ​តាម​ហេតុ​ពិត ។ ឥតមាន​ដំណោះ ឥតមាន​ផ្លូវ​ដោះ ។

​ដំណាល ( គុ​. ) ដែល​ស្មើ​អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា : អ្នកនឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាល គ្នា​; ចេញទៅ​ក្នុងពេល​ដំណាលគ្នា ។ កិ​. វិ​. ព្រម​គ្នា​, ជាមួយគ្នា : ទៅ​ដំណាលគ្នា​, មក ដល់​ដំណាលគ្នា ។

​រចនា រៈ​ចៈ​ន៉ា សំ​. បា​. ( ន​. ) ការតាក់តែង​; ការធ្វើ​ឲ្យ​វិចិត្រ​ផ្សេងៗ​; ការរៀប​រៀង​ឲ្យ ត្រូវ​របៀប​បែបយ៉ាង​; ការ​តែងសេចក្ដី​ឲ្យ​ចុះ​របៀប​; … ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា កិ​. ក៏បាន : រចនា​ឲ្យ​ល្អ​ប្លែក ។ ប្រើ​ជា គុ​. ក៏បាន : ការ​រចនា​, ក្បាច់រចនា ។ សាលា​រចនា​សាលា ដែលមាន​ពួក​គ្រូបង្រៀន​ខាង​ការ​រចនា​ផ្សេងៗ (​ឈ្មោះ​សាលារៀន​មួយ​នៅ​ក្រុងភ្នំពេញ ក្នុង​សម័យមុន​, សម័យ​តម​ក​ហៅ សាលា​វិចិត្រសិល្ប​) ។

​រ៉ាប់រង ស​. ( កិ​. ) (​រ័​បរ្ច​ង អ​. ថ​. រ៉ាប់​រ៉ង​) ទទួលរង គឺ​ទទួលភារៈ ឬ​ទទួលបន្ទុក​លើ​ខ្លួន​, ទទួល​អះអាង : រ៉ាប់រង​កិច្ចការ​គ្រប់យ៉ាង​; និយាយថា រងរ៉ាប់ ក៏បាន (​ម​. ព​. រង ១ កិ​.) ។

​រង្កៀក ( កិ​. ) ចាប់​កៀក​យោគ​ចុះ​យោគ​ឡើង​ឲ្យ​រលុង ដើម្បី​ដកចេញ​ឬ​ដើម្បី​ឲ្យ​ចុះ ជ្រៅ : ចាប់​បង្គោល​រង្កៀក ។ ងាកចុះងាកឡើង​រឿយៗ ដូច​គេ​ចាប់​រង្កៀក :​រង្កៀក ក្បាល​, រង្កៀកខ្លួន ។

​រារែក ( គុ​. ) ដែល​រា​ចុះ​រា​ឡើង​ស្មើភាគ​ដូច​គេ​រែក គឺ​ស្ទាក់ស្ទើរ​, អល់អែក​, មិន​ដាច់​មិន​ស្រេច​ទៅខាង​ណា : ចិត្ត​រារែក​, គំនិត​–, សម្ដី​–, ដំណើរ​– ។ ប្រើ​ជា កិ​. វិ​. ក៏បាន : និយាយ​រារែក ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​