ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់​គួរតែ​ដោះដូរ​ប៉ូលិស​បញ្ជា​ចរាចរណ៍

821
ចែករម្លែក
  • 1
    Share

ព្រះសីហនុ​៖ រាល់ពេល​មាន ការកកស្ទះ​ចរាចរណ៍​ម្តងៗ អ្នកបើកបរ​យានយន្ត​ទាំងអស់​គប្បី ស្តាប់​ការបញ្ជា ចរាចរណ៍​របស់​ប៉ូលិស​ចរាចរណ៍ ឬ សមត្ថកិច្ច​ដែល​ឈរ​បញ្ជា​ចរាចរណ៍ បើ មិន​ដូច្នេះ​ទេ​បញ្ហា​នឹង​ពិបាក​ទាំងអស់គ្នា​។​

​បញ្ហា​នេះ ពលរដ្ឋ​បានលើកឡើង ថា អាជ្ញាធរខេត្ត​គួរ​មានការ​ដោះដូរ​ការងារ​ប៉ូលិស​ចរាចរណ៍ មួយរយៈ​គឺ​យក​ប៉ូលិស​ចរាចរណ៍​ខេត្ត​មក​ដាក់​ស្រុក​យក​ពី​ស្រុក ទៅ​ដាក់​បញ្ជា​ចរាចរណ៍​ម្តង​មើល ក្រែង មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​វិញ ។​
​ ​
ពលរដ្ឋ​បាន​បន្តថា ប្រការនេះ អាចជួយ​កាត់បន្ថយ​ការ​ស្គាល់គ្នា សាច់ ញាតិ​ក្រុម​គ្រួសារនិយម និង​បក្ខពួក និយម​បាន​មួយចំនួនធំ ព្រោះ​ប៉ូលិស ចរាចរណ៍​ទៅ​ពី​ស្រុក​មិនសូវ​ស្គាល់ អ្នកក្រុង ដូចនេះ​ការបញ្ជា​ចរាចរណ៍ អាចមាន​ប្រសិទ្ធភាព ត្រូវ​ចាប់​គឺ​ចាប់ ត្រូវ​ពិន័យ​បាន មិន​ខ្វល់​។​
​ ​
ពលរដ្ឋ​លើកឡើងថា បច្ចុប្បន្ន ទីក្រុង​ព្រះសីហនុ មានការ​គោរព​ច្បាប់ ចរាចរណ៍​មិន​ដល់ ៥០ ភាគរយ​ទេ ដោយ​សំអាង​លើ​បក្ខពួកនិយម ហេតុ នេះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​គួរតែ សាកល្បង​មួយរយៈ ក្រែង​មាន​ប្រសិទ្ធ​-​ភាព​សណ្តាប់ធ្នាប់​ល្អ​ឡើងវិញ ។​
​ ​
មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ម្នាក់ សុំ​មិន​ប្រាប់​ឈ្មោះ បាន​និយាយថា ប្រសិនបើ​មានការ​ដោះដូរ ប៉ូលិស​បញ្ជា ចរាចរណ៍​ពី​ក្រុង​ទៅ​ស្រែ យក​ពី​ស្រែ ចូល​ក្រុង​បែបនេះ ដូចជា​ម្យ៉ាងដែរ សណ្តាប់ធ្នាប់​អាច​ប្រសើរ​បាន បើ​ដូចជា សព្វថ្ងៃនេះ​ពិបាក​ភ្នែក​មើល​ណាស់​បើ​ចាប់​យកមក ផាកពិន័យ ប៉ះ​លើ បងប្អូន កូនក្មួយ ពិតជា​លំបាក​មែន​។​
​ ​
មតិផ្ទុយ​មួយ ក៏​លើកឡើង​ដែរ​ថា វា​ពិតជា​លំបាក​ក្នុង​ការងារ​ពិតមែន ហើយ ទោះបី​មានការ ដោះដូរ​ប៉ូលិស បញ្ជា​ចរាចរណ៍​យ៉ាងណាក្តី ក៏​នៅតែ បញ្ហា​ដដែល ព្រោះ​ក្នុង​ទីក្រុង​ព្រះសីហនុ សព្វថ្ងៃ​បើតាម​ដឹង​ប៉ូលិស​ចាប់ពី ថ្នាក់​ស្នងការរង​ចុះ​មកដល់​មន្ត្រីប៉ូលិស​ម្នាក់ៗ​មាន​រថយន្ត​ជួល ឱ្យ​ចិន​ស្ទើរ​គ្រប់ៗ គ្នា ហើយ​សុទ្ធ​តែមាន​សញ្ញា​សម្គាល់ របស់​ពួកគេ ហេតុនេះហើយ​ធ្វើឱ្យ​ចិន មួយចំនួន​មានការ​ផ្គើន​នឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍ ដែលជា​មេរោគ​ចម្លង គ្នា​ទៅវិញទៅមក ជំងឺ​នេះ​មិនអាច​សះ ស្បើយ​ទេ លុះត្រាតែ​បំបាត់​អំពើ​ពុក​-​រលួយ​នេះ​ឱ្យអស់​សិន ៕ ដោយ​: វណ្ណៈ​

#