ចរិត​ពិត​របស់ លោក សមរង្ស៊ី កាន់តែ​បង្ហាញ​ច្បាស់​ឡើងៗ​!

408
ចែករម្លែក

​អ្នកនយោបាយ​ជើង​មិន​ជាប់​ដី​លោក​សមរង្ស៊ី​ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​និយាយ​ឡឺតៗ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ចាក់ផ្សាយ​កាលពី​យប់​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩ ដោយមាន​ខ្លឹមសារ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​អង្គ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។

​លោក​សមរង្ស៊ី​បាន​លើកឡើងថា ព្រះមហាក្សត្រ ជា​ចំណាប់ខ្មាំង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​ដូច្នេះ​ព្រះមហាក្សត្រ​មិន​ហ៊ាន​ធ្វើ​អ្វី​ទេ ដោយ​ខ្លាច​សម្តេច​ហ៊ុនសែន​។ លោក​បន្ថែម​របៀប​ញេច​ម្ទេស​ថា ព្រះមហាក្សត្រ​ចង់តែ​រក្សា​រាជបល្ល័ង្ក​។ ដូច្នេះ​យើង​ទុក ព្រះអង្គ​មួយអន្លើ ​ដោយ​យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែលជា​អាយ៉ងរបស់​សម្តេច ហ៊ុនសែន ដូច​សព្វថ្ងៃ​បានទេ​។​

​ការលើកឡើង​របស់លោក​សមរង្ស៊ី​ដូច្នេះ​ នាំ​ឲ្យ​ស្ថាប័ន​ជាតិ​ជាច្រើន ពិសេស​ព្រះ​បរមរាជវាំង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកញ្ញា ​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​។ ក្នុង​សេចក្តី​ថ្លែងការណ៍ ប្រកាស​ដាច់អហង្ការថ្កោលទោស ដែល​ព្រះបរមរាជវាំង​ចាត់ទុក​លោក សមរង្ស៊ី មាន​ចរិត​ជា​ជន​ក្បត់ជាតិ​ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ ដែល​ព្រះអង្គ កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។​

​តាម​ព្រះបរមរាជវាំង​ ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះមហាក្សត្រ ​ធ្វើ​ឲ្យ​សង្គមជាតិ​កម្ពុជាកំពុង​ទទួលបាន​សេចក្តីសុខ សន្តិភាព និង​ការអភិវឌ្ឍ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បន្ទាប់មក​នៅ​ថ្ងៃទី​១៣​កញ្ញា លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចេញ​អ​ធិបញ្ជា ទៅកាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​កម្មវត្ថុ​ស្នើ​ចាត់​វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់​និង​តឹងរ៉ឹង​បំផុត​លើ​លោក​សមរង្ស៊ី​ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​នៃ​យើង​។​ក្នុង​លិខិត លោក​រដ្ឋមន្ត្រី​យុត្តិធម៌​បញ្ជាក់ថា ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​នេះ គឺជា​ទង្វើ​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ ហើយ​ទង្វើ​នេះ ត្រូវបាន​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្ត​មាត្រា ៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដូចគ្នានេះដែរ ​នៅ​រសៀល ថ្ងៃទី​១៣ ខែកញ្ញា លោក កែវ សុធា ព្រះរាជអាជ្ញារង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ដោយ​សម្រេច​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​លើ​លោក​សមរង្ស៊ី ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​បទចោទប្រកាន់​ថ្មី​លើ​លោក​សមរង្ស៊ី​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​ប​ញ្ញ​ត្តមាត្រា​៤៣៧​ស្ទួន​នៃ ក្រមព្រហ្មទណ្ឌ​។ ក្នុង​រដ្ឋធម្មនុញ្ញ មាត្រា ៧ បានលើកឡើង​អំពី​អង្គ​ព្រះមហាក្សត្រ​។ ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។ អង្គ​ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​អស់​មួយ​ជី​វីត​ អង្គ​ព្រះមហាក្សត្រ​មិនអាច​នរណា​រំលោភ បំពាន​បានឡើយ​។​

​រីឯ​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​ពី បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។ ការប្រមាថ​គឺជា​វាចារ កាយវិការ សំណេរ គំ​នូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១(​មួយ​) ឆ្នាំ ទៅ ៥​ឆ្នាំ​(​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២.០០០.០០០(​ពីរលាន​) រៀល ទៅ ១០.០០០.០០០(​ដប់​លាន​) រៀល​។​

​សូមបញ្ជាក់ថា លោក​សមរង្ស៊ី មាន​ពាក្យបណ្តឹង និង​មាន​សាលក្រមសាលដីកា​ស្ថាពរ ផ្តន្ទាទោស​ជាច្រើន ដែល​រហូតដល់​ពេលនេះ លោក​សមរង្ស៊ី បានក្លាយ​ទៅជា​ទណ្ឌិតមួយរូប កំពុង​ត្រូវបាន​សមត្ថកិច្ចតាម​ចាប់ខ្លួន យកមកអនុវត្ត​ន៍ទោស នៅក្នុង​ពន្ធនាគារ​។​

​ទង្វើ​របស់លោក​សមរ​ង្ស៊ី នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នាំ​ឲ្យ​គេ​នឹក​ដល់​ឪពុក​របស់លោក គឺ​លោក​សម​សារី​។ លោក​សម​សារី ជា​មន្ត្រីរាជការ​ជាន់ខ្ពស់​ក្នុងសម័យ​សង្គម​រាស្ត្រនិយម ក្រោម​ការដឹកនាំ​របស់​សម្តេចព្រះ​នរោត្តម សីហនុ​។ ប៉ុន្តែ​លោក​សម​សារី បែរជា​ក្បត់​ព្រះមហាក្សត្រ ហើយ​ត្រូវបាន​គេ​ចាត់ទុកជា​ជន​ក្បត់ជាតិ​។ ដូច្នេះ​ពេលនេះ លោក​សមរង្ស៊ី ដែលជា​កូនប្រុស​របស់​ជន​ក្បត់ជាតិ ក៏បាន​ចិញ្ចឹមចិត្ត​ប្រឆាំង​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រមាថ និង​ប្រឆាំង​ព្រះមហាក្សត្រ​ហើយក៏​បាន​ស្នង​តំណែងឪពុក​ខ្លួន ជា​ជន​ក្បត់ជាតិ ត​ពូជ​ផងដែរ​។​

​ម្យ៉ាងទៀត លោក​សមរង្ស៊ី ដែលមាន​ឈ្មោះ​ជា​ទណ្ឌិត ហើយ​កំពុង​រស់នៅ​ប្រទេស បារាំង ក៏បាន​ប្រកាស​ពី​គម្រោងវិល​ត្រលប់មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​ខាងមុខ​។ ក៏ប៉ុន្តែ​ពាក្យសម្តី​របស់លោក​សម​រង្ស៊ី​លើក​នេះ ក៏​នឹងមិន​ខុសពី​លើក​មុនៗ​ដែរ​។ ពោលគឺ​ប្រកាស​ចោលៗ ព្រោះ​លោក​សមរង្ស៊ី ចូលចិត្ត និង​ជំនាញ​ខាង​បោកប្រាស់ អ្នកគាំទ្រ​លោក​ខ្លាំងណាស់​។ ចំណែក​និយាយ​លើក​នេះ​ទៀត​ក៏​ពិតជា​លេស​ថ្មី​មួយទៀត​ក្នុងការ​ភូតភ​របស់ខ្លួន​ក្រោម​ហេតុផល​ថា​គេ​គំរាម​លោក​ខាង​ផ្លូវច្បាប់​ជាថ្មី​។​

​ផ្ទុយទៅវិញ​បើសិនជា​លោក​សមរង្ស៊ី ចិត្តសឿង ហ៊ាន​វិលត្រឡប់មក​កម្ពុជា ទោះបី ជា​ថ្ងៃ​ណាក៏ដោយ គឺ​កងកម្លាំង​សមត្ថកិច្ច​កម្ពុជា ក៏​នឹង​ចាប់​លោក​សមរង្ស៊ី​បញ្ជូនទៅពន្ធនាគារ ដើម្បី​អនុវត្តន៍តាម​ដីកា​តុលាការ​។​

​សរុបមក ពេលនេះ លោក​សមរង្ស៊ី កាន់តែ​និយាយ កាន់តែ​ខុស ដូច​ពាក្យចាស់​ថា “​ភូត​ច្រើន ចាញ់​អាត្មា​”​។ ម្យ៉ាងទៀត ប្រជាប្រិយភាព​របស់លោក​ក៏​កាន់តែ​បាត់បង់ ទៅៗ ទាំង​អ្នកគាំទ្រ​ក្នុងស្រុក និង​ទាំង​នៅក្រៅ​ស្រុក ពិសេស​លើ​ឆាក​អន្តរជាតិ ក៏​កាន់តែ​តិច​ទៅៗ​។ នេះ​ក៏​ដោយសារតែ​លោក​សមរង្ស៊ី ភូតភរ​កាច់​មួល​ស្ថានភាព កម្ពុជា ខុសពី​ការពិត​ច្រើនពេក​៕ ដោយៈ ម៉េង​ឆៃ​/Ha