ចលាចល​កំពុង​កើតឡើង ខណៈ​ទ្វីបអឺរ៉ុប​កំពុង​រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ទ្រង់ទ្រាយ​ធំ​

305

ទ្វីបអឺរ៉ុប​បាន​រង​ការវាយប្រហារ​ដោយ​មេរោគ​រារាំង​មិនឱ្យ​ចូលក្នុង​កុំព្យូទ័រ ថ្មី​មួយទៀត ស្របពេល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អង់គ្លេស រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី​ក៏​រង​ផលប៉ះពាល់​ដែរ​។​

​WPP ដែលជា​ទីភ្នាក់ងារ​ពាណិជ្ជ​កម្ម​ធំជាងគេ​នៅលើ​ពិភពលោក​និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​រាយការណ៍​ពី​បញ្ហា​នេះ ជាមួយ​បុគ្គលិក​ត្រូវបាន​ប្រាប់​ឱ្យ​បិទ​កុំព្យូទ័រ​របស់​ពួកគេ និង​ហាម​ប្រើប្រាស់ Wifi​។​

​​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ក៏​រង​ការវាយប្រហារ​ផងដែរ ជាមួយ​ប្រព័ន្ធ​ចែកចាយ​ភ្លើង​រដ្ឋ និង​ព្រលានយន្តហោះ​ដ៏​សំខាន់​នៅ​ទីក្រុង​គៀវ​រង​ការវាយប្រហារ ស្របពេល​ផ្សារ​ទំនើប​រហូតដល់​ម៉ាស៊ីន ATM បាន​ដាច់​បណ្ដាញ​។​

ក្រុមហ៊ុន​ប្រេង Rosneft របស់​រុស្ស៊ី ក្រុម​ដឹកទំនិញ​ដ៏​ធំ​រប​ស់ដា​ណឺ​ម៉ាក់ A.P. Moller-Maersk ក្រុមហ៊ុន​ច្បាប់ DLA Piper និង​ក្រុមហ៊ុន​ឧស្សាហកម្ម​បារាំង Saint-Gobain បាន​រាយការណ៍​ពី​បញ្ហា​វាយប្រហារ​តាម​អន​ឡាញ​នេះដែរ​។​

​ភ្លាមៗ​លោក អូ​ឡិ​កសាន់​ឌ័​រ តួ​ជី​នូវ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដោយ​និយាយថា “​ការវិភាគ​ដំបូង​អាច​ឱ្យគេ​និយាយបានថា ការវាយប្រហារ​នេះ​ជា​ផែនការ​របស់​រុស្ស៊ី​”​។​

​គេ​មាន​ព័ត៌មាន​តិចតួច​បំផុត​អំពី​នរណា​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បច្ចេកវិជ្ជា​ដែល​បាន​វិភាគ​សារ​នៅក្នុង​កុំព្យូទ័រ​បាន​និយាយថា មេរោគ​នេះ​គឺជា​មេរោគ​ទារលុយ​ជា​ថ្នូរ​។​

​មេរោគ​កុំព្យូទ័រ​ប្រភេទ​នេះ​ចាប់​ឯកសារ​ម្ចាស់​កុំព្យូទ័រ​ជា​ចំណាប់ខ្មាំង ដោយ​ទាមទារ​ឱ្យ​មានការ​បង់លុយ​ដើម្បី​រំលស់​យក​ឯកសារ​មក​វិញ ដោយ​ទូទាត់​តាម​សេវា​ផ្ទេរ​រូបិយ​បណ្ណ​អេ​ឡិច​ត្រូ​និ​ច Bitcoin ព្រោះ​គេ​មិនអាច​ចាប់​ដាន​របស់​អ្នកប្រើប្រាស់​បានទេ​៕ ​ដោយ ៖កញ្ញាដាលីស

មេរោគ​កុំព្យូទ័រ​ថ្មី​កំពុង​វាយប្រហារ​តំបន់​អឺរ៉ុប ហើយ​សូម្បី​ទូ ATM ក៏​បើក​លែងចេញ​ដែរ