ចលាចល​ពេញ​សភា​ហុងកុង ខណៈ​ពួក​សមាជិកសភា​រារាំង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ទីក្រុង​

916
ចែករម្លែក

​ដោយ​ហៅ​លោកស្រី​ថា “​ម៉ែ​ប៉ូលិស​ម៉ាហ្វីយ៉ា​” ក្រុម​សមាជិកសភា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ស្រែក​បង្ខំ​ដល់​ទៅ​ពីរដង​ឱ្យ​មេដឹកនាំ​ហុងកុង​លោកស្រី ខា​រី ឡាំ បញ្ឈប់​ការ​ថ្លែង​សុន្ទរកថា​របស់គាត់​អំពី​ការដាក់ចេញ​នូវ​កម្មវត្ថុ​គោលនយោបាយ​របស់លោក​ស្រី​កាលពី​ថ្ងៃ​ពុធ​ទី​១៦​តុលា ហើយ​បន្ទាប់មក​បាន​អំពាវនាវ​ឱ្យ​លោកស្រី​លាលែង​ពី​តំណែង​នៅក្នុង​ភាពវឹកវរ ដែល​បណ្តាលឱ្យ​លោកស្រី​ដើរចេញ​សភា​នីតិប្បញ្ញត្តិ​។​

​លោកស្រី​ឡាំ​នៅតែ​អាច​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ជាង​មួយ​ម៉ោង​ក្រោយមក​តាមរយៈ​វីដេអូ ប៉ុន្តែ​ការស្វាគមន៍​ដ៏​អរិភាព​នៅក្នុង​សភា​បានកត់សម្គាល់​នូវ​ការ​ទះកំផ្លៀង​ចំពោះ​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​រូបនេះ ដែល​កំពុង​ដោះស្រាយ​មិន​ចេញ​ជាមួយនឹង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​ឥឡូវនេះ​ឈានចូល​ដល់​ខែ​ទី ៥ ។​

​នៅពេល​លោកស្រី​ឡាំ​ចាប់ផ្តើម​ថ្លែង​សុន្ទរកថា លោកស្រី​ត្រូវបាន​ស្រែក​ឌឺដង​ដោយ​ក្រុម​សមាជិកសភា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដោយ​ដៃ​កាន់​ផ្ទាំង​បដា​បង្ហាញ​រូប​បាតដៃ​លោកស្រី​ឡាំ​ប្រឡាក់​ឈាម​។ ពួកគេ​ក៏បាន​ប្រើ​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ដើម្បី​បំភ្លឺ​មុខ​របស់​លោកស្រី​ឡាំ​និង​បញ្ចាំង​លើ​ជញ្ជាំង​នៅ​ពីក្រោយ​លោកស្រី​ជាមួយនឹង​ការទាមទារ​សំខាន់ៗ​របស់​ក្រុមបាតុករ​ផងដែរ​។​

​លោកស្រី​ឡាំ​បាន​ចាក​ចេញពី​បន្ទប់​ផ្សាយ​វីដេអូ​នោះ ហើយ​បន្ទាប់មក​ក៏​វិល​មកវិញ​នៅ​ប្រហែល ២០ នាទី​ក្រោយ​ដើម្បី​ព្យាយាម​ម្តងទៀត តែ​រឹត​ជួប​កំហឹង​ខ្លាំង​ជាង​មុន​ទៀត​។ សមាជិកសភា​ម្នា​ក់ដៃ​កាន់​បដា បាន​ឡើង​ជាន់​លើ​តុ​។ ជាថ្មី​ម្តងទៀត ប្រធានសភា​បាន​បញ្ឈប់​សម័យប្រជុំ​ហើយ​លោកស្រី​ឡាំ​បាន​ចាកចេញ​។ សមាជិកសភា​ម្នាក់​ដែល​ពាក់​ម៉ា​សមុខ​ក្រដាស​រូប​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​គប់​ចោល​បដា​មួយ ខណៈ​លោកស្រី​ឡាំ​កំពុង​ដើរចេញ​។​

​នៅ​ទីបំផុត គឺ​៧៥ នាទី​បន្ទាប់ពី​ការចាប់ផ្តើម​ថ្លែង​សុន្ទរកថា​ដែល​បាន​គ្រោងទុក​ពីមុន លោកស្រី​ឡាំ​បាន​ថ្លែង​វា​ម្តងទៀត​តាមរយៈ​វីដេអូ​លីង ជាមួយ​ទង់ជាតិ​ចិន​នៅ​ខាងស្តាំ​ដៃ​គាត់ និង ទង់ជាតិ​ហុងកុង​នៅ​ខាងឆ្វេង​ដៃ​គាត់​។​

​ដោយ​ពណ៌នា​ទឹកដី​ចិន​ពាក់កណ្តាល​ស្វយ័ត​នេះ​កំពុង​ឆ្លងកាត់ “​វិបត្តិ​ធំៗ​” លោកស្រី​ឡាំ​បាន​និយាយថា “​ប្រជាជន​កំពុង​សួរថា​តើ​ហុងកុង​នឹង​វិល​មករក​ភាពប្រក្រតី​វិញ​ទេ​?”​។

​លោកស្រី​អំពាវនាវ​ឱ្យ​ប្រជាជន​៧,៦​លាន​នាក់ “​ចេះ​ស្រឡាញ់​ទីក្រុង​” ដោយ​ដាស់តឿន​ថា ការបន្ត​អំពើហិង្សា​និង​បាចសាច​សេចក្តី​ស្អប់ខ្ពើម​នឹង​ធ្វើឱ្យ​បាត់បង់​តម្លៃ​ស្នូល​របស់​ហុងកុង​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ឡាំ​ដើរ​ចេញពី​សភា​ក្រោយ​មានការ​រារាំង​សុន្ទរកថា​របស់លោក​ស្រី