ការចាក់​បេតុង​ជើងទេរ​ច្រាំង​ទន្លេមេគង្គ​ក្រុងកំពង់ចាមបាន មួយជំហាន

354
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
លទ្ធផល​នៃ​ការស្ថាបនា ច្រាំងទន្លេ​មេគង្គ​ក្រុង​កំពង់ចាម​មកដល់​ដើម​សប្តាហ៍​ទី​បី ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ដំណើរ​ការចាក់​បេតុង​ជើងទេរ​បាន​មួយ​កង់​ខាងក្រោម​ច្រាំង​បំផុត ហើយនឹង​បន្ត​ឡើង​មួយ​កង់​ទៀត​ឲ្យ​បាន​ចម្ងាយ​ពី​មាត់ទឹក​បច្ចុប្បន្ន​មក​ផ្នែក​ខាងលើ​ច្រាំង​ជាង ប្រាំបី ម៉ែត្រ​។ ដើម្បី​ធានាបាន​នូវ​កម្ពស់​ទឹកជំនន់​ទន្លេ​មួយ​នេះ នៅ​ចន្លោះ​នៃ​ការស្ថាបនា​នោះ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៨ មិថុនា​នេះ​ថា នៅថ្ងៃនេះ​ក្រុម​ជាងសំណង់​ច្រាំងទន្លេ​សម្រុក​សង់​បង្ហើយ​ចាក់​បេតុង​ជើងទេរ កង់​ខាងក្រោម​បំផុត​ជាប់​មាត់ទឹក​ដែលមាន​ទទឹង​ជាង បួន ម៉ែត្រ និង​បណ្តោយ ១៧០ ម៉ែត្រ​របស់​សំណង់​ច្រាំងទន្លេ​។ ដោយ​ចម្ងាយ​ជាង បួន ម៉ែត្រ​នៅ​ខាងលើ​ច្រាំង​នេះ គឺអាច​ធានាបាន​កម្ពស់​ទឹកជំនន់ ពីរ ម៉ែត្រ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា នឹង​សង់​បន្ត​កង់​ទី​២ នៅ​ថ្ងៃទី ១៩ មិថុនា​ស្អែក គឺ​ដើម្បី​ឲ្យ​បាន​ចម្ងាយ​សរុប​នៅលើ​ច្រាំង ៨,២៥ ម៉ែត្រ​នោះ​យើង​ពិតជា​អាច​ធានាបាន​ដល់​កម្ពស់​ទឹកជំនន់ ដែល​នឹង​ជន់​ឡើង​ក្នុង​រង្វង់​ខែកក្កដា ខាងមុខនេះ​បាន​ហើយ​។ ដោយ​មួយ​កង់ នៃ​ជើងទេរ​សំណង់​ច្រាំងទន្លេ​នេះ នឹង​ចំណាយពេល​ប្រហែល​មួយ​សប្តាហ៍ ប្រសិនបើ​គ្មាន​ការរំខាន​ពី​អាកាសធាតុ​ភ្លៀង​ធ្លាក់​នោះ​។​

​លោក វិបុល បាន​លើកឡើងថា ប៉ុន្តែ​បើ​ជួប​បញ្ហា​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ដូច​ការសង់ កង់​ទីមួយ​នោះ នឹង​ចំណាយពេល​ជាង​មួយ​សប្តាហ៍​។ បន្ទាប់ពី​ដំណើរការ​ស្ថាបនា​សង់​ជើងទេរ​ទាំងពីរ កង់​នៅ​ខាងក្រោម​ច្រាំង​នេះហើយ នឹង​ដក​ក្រុម​ជាងសំណង់​មក​សម្រុក​សាងសង់​សសរ​គ្រឹះ​ធ្នឹ​ង​ផ្នែក​ខាងលើ​ច្រាំង​បង្អស់​ជាន់​ទី​បួន​នោះ បន្តទៀត​។

​លោក​បាន​បន្តថា យើង​ហាក់​មិនអាច​កំណត់​រយ​:​ពេល​សាងសង់​ខឿន​ច្រាំង​ទន្លេមេគង្គ​នៅ​ក្រុង​កំពង់ចាម​ថា នឹង​ប្រើប្រាស់​ពេលវេលា​ប៉ុន្មាន​ឲ្យ​បាន​ហើយ​រួចរាល់​ណាស់​។ ដោយសារ​ជួប​បញ្ហា​ប្រឈម​ច្រើន​ដូចជា បញ្ហា​កាស​ធាតុ​ភ្លៀង​ធ្លាក់​ញឹកញាប់​ពេក និង​បញ្ហា​គ្រឿងចក្រ​ខាង​ម៉ាស៊ីន​លាយ​បេតុង​ក៏​ឧស្សាហ៍​ខូ​ត​ផងដែរ​។ ប៉ុន្តែ​សង្ឃឹមថា សំណង់​ខឿន​ច្រាំងទន្លេ​នេះ​នឹង​ហើយ​មុន​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​មកដល់​។​

​ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​សម្រាប់​ថ្ងៃទី ១៨ មិថុនា ២០១៩​នេះ មាន​កម្ពស់ ៤,៣៩ ម៉ែត្រ គឺ​ខ្ពស់ជាង​ថ្ងៃ​ម្សិលមិញ ០,០១ ម៉ែត្រ​។ ប៉ុន្តែ​កម្ពស់​ទឹក​នេះ​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​ថ្ងៃទី ១៨ មិថុនា ២០១៨​នោះ គឺមាន​កម្ពស់ ៦,៧៥ ម៉ែត្រ​៕ ល​/សរន