ចាក់​មួយ​កន្ត្រៃ​បង្ហាញ​ចិត្ត​ស្មោះ ពេល​សង្សារ​មកសុំ​ចែកផ្លូវ​គ្នា​

519

ដោយ​: ចាន់ ថន / ព្រៃវែង​: បុរស​ម្នាក់​បាន​យក​កន្ត្រៃ​ចាក់​ខ្លួនឯង​ឲ្យ​របួសធ្ងន់ ដោយ​តូចចិត្ត​ខឹង​នឹង​សង្សារ​របស់ខ្លួន​សូម​បែកផ្លូវ​គ្នា ខណៈ​នាង​ជា​សង្សារ​លើក​ហេតុផល​ថា បង​លែងប្រពន្ធ​មិនទាន់​ដាច់ ចឹ​ង​អូន​ដើរចេញ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​ទាម​លក់​គ្រឿងសំអាង ស្ថិតក្នុង​ភូមិ​ឡឥដ្ឋ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១៩​និង​២៤​នាទី យប់​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា បុរស​ដែល​ចាក់​ខ្លួនឯង​ឈ្មោះ ឡាញ់ ថៃ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់​លិច ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ បាន​រងរបួស​ពោះ​១​កន្លែង ត្រូវគេ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​ប្រភព​និយាយថា ដើមចម​ដំបូង​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ស្អិតរ​មួ​ត​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ អៀម លី​ណា ហៅ​ស្រី​ផល អាយុ​៣៤​ឆ្នាំ ដែលជា​ម្ចាស់​លក់​គ្រឿងសំអាង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​អស់​រយៈពេល​យូរហើយ​ដែរ​។ ប៉ុន្តែ​ថ្មីៗ​នេះ ស្ត្រី​ជាស​ង្សា​ឈ្មោះ អៀម លី​ណា ហៅ​ស្រី​ផល បានដឹងថា បុរស​ជា​ជនរងគ្រោះ​បាន​មាន​ប្រពន្ធ ហើយ​មិនទាន់​លែងលះគ្នា​ដាច់ស្រេច​ទេ​។ នាង​ក៏បាន​សុំ​បែកផ្លូវ​គ្នា ជាមួយ​ឈ្មោះ​ឡាញ់ ថៃ​ដែលជា​សង្សា​នោះ​។ ពេលឮ​សង្សារ​និយាយ​ពាក្យ​ដដែលៗ​សុំ​បែកផ្លូវ​គ្នា​មិន​ដាច់​ពី​មាត់ លុះដល់​ម៉ោង​កើតហេតុ ឈ្មោះ ឡាញ់ ថៃ តូចចិត្ត​ក៏​ខឹង​ស្ទុះ​ទៅយក​ក​ន្ទ្រៃ​ចាក់​ខ្លួនឯង​ចំពោះ​តែម្តង​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី​៕ ល​