ចាងហ្វាងផលិតកម្ម ឡេង ណា វ៉ាត្រា ចុះ MOU ជា​មួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បង្ហាត់​ជំនាញ​ភាសា​កូរ៉េ ដោយ​ឥតគិតថ្លៃ

313
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖ មិនត្រឹមតែចែករំលែកសេចក្តីស្រលាញ់ដល់បងប្អូនក្រីក្រ កន្លងមកទេ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ចែករំលែកសូម្បីកម្មវិធីអប់រំ ជាក់ស្តែងកាលពីព្រឹកពុធ ទី២០ វិច្ឆិកា ២០១៩ ចាងហ្វាងផលិតកម្ម ឡេង ណាវ៉ាត្រា បានចុះអនុស្សារណៈ យោគយល់​គ្នា ជា​មួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ ក្នុង​គោល​បំណង​បង្ហាត់​ជំនាញ​ភាសា​កូរ៉េ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​អ្នក​​ដែល​មាន​ចំណង​ចង់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ ផងដែរ។

នាយក​​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ តឹប អឿន បាន​ថ្លែង​ថា ដើម្បី​ឆ្លើយ​តប​​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​ទៅ​លើ ជំនាញ​ភាសា​បរទេស វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បាន​សម្រេច​បើក​ថ្នាក់​រៀន ជំនាញ​ភាសា​កូរ៉េ​១​មុខ​បន្ថែម​ទៀត សម្រាប់ បង​ប្អូន​សិស្ស​និស្សិត​ដែល​មាន​បំណង​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ក្នុង​​នោះ ការ​បើក​ថ្នាក់​រៀន​​នេះ ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន​បុរី​ឡេង​ណាវ៉ាត្រា។

លោកបាន​បន្ថែម​​ថា តាមរយៈកិច្ចព្រមព្រៀងនេះ សិស្ស-និស្សិត នឹងទទួលបាន នូវចំណេះដឹងផ្នែកភាសាកូរ៉េ បានយ៉ាងងាយស្រួល ព្រោះការសិក្សា មិនតម្រូវឲ្យបង់​ប្រាក់ឡើយ ។ កន្លងមកលោកឧកញ៉ា តែងតែចូលរួមសហការ និងជួយដល់វិទ្យាស្ថាន ជាច្រើនលើកមកហើយ ក្នុង​​នោះ​ដែរ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិល្បៈ​នៅ វិទ្យាស្ថាន​មួយ​នេះ ក៏​កំពុងតែ​បម្រើ​ការងារ​​នៅ ក្រុមហ៊ុន​លោក​ឧកញ៉ា​ជា​ច្រើន​នាក់ ក្នុង​​តំណែង​ធំៗ​ផង​ដែរ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បាន បញ្ជាក់ ថា គោល​បំណងដែលលោកបង្កើតថ្នាក់សិក្សា ភាសាកូរ៉េដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់​សនិស្សិត ដែលមានបំណងចង់ទៅបំពេញការងា នៅក្នុង ប្រទេសកូរ៉េ ដែលបានរៀនភាសាកូរ៉េឲ្យ​ស្ទាត់​ជំនាញ ប្រឡងទៅធ្វើការងារឆាប់ជាប់ និងផ្ដល់ជូននូវព័ត៌មានជាក់លាក់ ច្បាស់លាស់ មុននឹង​ចេញ​ទៅ​បំពេញ​ការងារ នៅ ក្រៅប្រទេស ជៀសវាងចាញ់បោកជនខិលខួច និងក្រុមហ៊ុនមួយចំនួន ដែល​មិនមាន​ប្រភពច្បាស់លាស់។

លោកឧកញ៉ាបន្តថា ការសិក្សានេះ គឺមិនមានផលប៉ះពាល់ ដល់ការសិក្សាជំនាញ របស់និស្សិត ឬ​ការ​ធ្វើការងារណាមួយរបស់ប្អូនៗ និស្សិតឡើយ ពោលគឺយើងសិក្សា នៅចន្លោះម៉ោងណាមួយ ដែល​ទំនេរ ហើយក៏ជំរុញឲ្យនិស្សិត ធ្វើការអនុវត្តជាក់ស្ដែង ពោលគឺធ្វើការងារបណ្ដើរ និងសិក្សាបណ្ដើរ ដើម្បីបានចំណូលផ្គត់ផ្គង់ ការសិក្សា របស់ ខ្លួន មុននឹងសម្រេចចិត្ត ទៅធ្វើការនៅប្រទេសកូរ៉េ។

សូមជម្រាបថា វគ្គសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិ ពាណិជ្ជ សាស្ត្រនេះ គឺ​មាន​រយៈពេល២ឆ្នាំ ហើយធ្វើការជ្រើសរើសនិស្សិតឲ្យចូលសិក្សា ​១​វគ្គ​ចំនួន ២០០នាក់ ដោយ​ត្រូវ​រៀន ចន្លោះ​៣ទៅ​៦​ខែ ម៉ោង​សិក្សា​អាច​ធ្វើ​ចន្លោះ ម៉ោង​១២​ថ្ងៃ​ត្រង់ ទៅ ម៉ោង​៥ ល្ងាច។ ចាប់​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩​នេះ តទៅ ។ក្រៅ​ពីផ្ដល់ឱកាសសិក្សា ដោយមិនគិតថ្លៃរួចមក និស្សិតនឹង​មានឱកាសច្រើន​ក្នុង​ការ​​​ទៅ​បំពេញ​ការងារ នៅក្នុងប្រទេសកូរ៉េ ពេលសិក្សាចប់ ក្រោមកិច្ចសហការ ជាមួយក្រសួង ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងយុវនិតិសម្បទា ក្រោមការជួយជ្រោមជ្រែងបន្ថែម ពីក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា៕