ចាងហ្វាង​កាសែត New York Times ព្រមាន​លោក​ត្រាំ​ថា ការវាយប្រហារ​របស់​គាត់​លើ​សារព័ត៌មាន គឺ​នាំមក​នូវ​គ្រោះថ្នាក់​និង​ការខាតបង់​ដល់​អាមេរិក​

631
ចែករម្លែក

​ចាងហ្វាង​កាសែត New York Times បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​កក្កដា​ថា លោក​បាន​ព្រមាន​លោក​ដូ​ណា​ល់ ត្រាំ​នៅក្នុង​កិច្ចប្រជុំ​សេត​វិមាន​ថា ការវាយប្រហារ​ខ្លាំង​ឡើង​របស់លោក​ប្រធានាធិបតី​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គឺ “​មាន​គ្រោះថ្នាក់​និង​ការខាតបង់​ដល់​ប្រទេស​របស់​យើង​” ហើយ “​នឹង​នាំទៅរក​អំពើហិង្សា​”​។​

​ប៉ុន្តែ​ការជួបប្រជុំ​ជាមួយ​លោក អេ​ជី សាល់​ស្បឺ​ហ្គ័​រ (A.G. Sulzberger) ចាងហ្វាង​កាសែត​ដ៏​មាន​កិត្យានុភាព​នេះ​តាំងពី​ថ្ងៃទី ១ ខែមករា មក ហាក់​មាន​ឥទ្ធិពល​តិចតួច​ណាស់​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​និង​សម្រាល​ភាព​តានតឹង​របស់លោក​ត្រាំ​ជាមួយនឹង​សារព័ត៌មាន​។​

​នៅលើ​ធ្វី​ត​ធឺ លោក​ប្រធានាធិបតី​បាន​រិះគន់​នូវ​អ្វីដែល​គាត់​បាន​ហៅថា “​អ្នកប្រឆាំង​ត្រាំ​នៅក្នុង​ឧស្សាហកម្ម​កាសែត​ដែល​ជិត​ដួលរលំ​” ដោយ​ហៅ​ពួកគេ​ថា​ជា “​មនុស្ស​មិន​ស្នេហា​ជាតិ​!”​។​

​កិច្ចប្រជុំ​របស់​ប្រធានាធិបតី​ជាមួយ​លោក សាល់​ស្បឺ​ហ្គ័​រ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២០ កក្កដា បន្ទាប់ពី​មាន​សំណើ​ពី​សេត​វិមាន​សម្រាប់​អ្វីដែល​ហាក់ដូចជា​ការប្រជុំ​ជា​ទៀងទាត់​ដើម្បី​យល់ចិត្ត​គ្នា​ជាមួយ​សារព័ត៌មាន​។​

​យោងតាម​លោក សាល់​ស្បឺ​ហ្គ័​រ កិច្ចប្រជុំ ដែល​រួមមាន​ទាំង​លោក ជែ​ម បេន​ណេ​ត អ្នក​កែសម្រួល​ទំព័រ​បទ​វិចារណកថា​របស់​កាសែត Times បាន​រក្សា​ការសម្ងាត់​តាម​សំណើ​របស់​សេត​វិមាន​រហូតដល់​លោក​ត្រាំ​បាន​ទម្លាយ​អំពី​កិច្ចប្រជុំ​នេះ​នៅលើ​ធ្វី​ត​ធឺ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​លោក​ត្រាំ​និយាយថា «​មាន​កិច្ចប្រជុំ​ដ៏​ល្អ​និង​គួរឱ្យ​ចាប់អារម្មណ៍​នៅ​សេត​វិមាន​ជាមួយ​លោក​អេ​ជី សាល់​ស្បឺ​ហ្គ័​រ​។ បាន​ចំណាយពេល​ជាច្រើន​និយាយ​អំពី​ព័ត៌មាន​ក្លែងក្លាយ ដែល​បានចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​របៀប​ដែល​ព័ត៌មាន​ក្លែងក្លាយ​បាន​ប្រែ​ទៅជា​ពាក្យ “​សត្រូវ​របស់​ប្រជាជន​”​។ សោកស្តាយ​មែន​!»​។​

​លោក​សាល់​ស្បឺ​ហ្គ័​រ និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​កាសែត The Times ប៉ុន្មាន​ម៉ោង​ក្រោយមក​នោះ​ថា ធ្វី​ត​របស់លោក​ប្រធានាធិបតី “​គឺ​ចង់​ឱ្យគេ​ដឹង​អំពី​កិច្ចប្រជុំ​សម្ងាត់​នេះ​យ៉ាង​ច្បាស់ក្រឡែត​” ហើយ​គាត់​បាន​រៀបរាប់​ពីអ្វី​ដែល​ហាក់បីដូចជា​ការប្រជុំ​និយាយ​ត្រង់ៗ​ខុស​ប្រក្រតី​ជាមួយ​លោក​ប្រធានាធិបតី​។​

​លោក​សាល់​ស្បឺ​ហ្គ័​រ​និយាយថា “​ខ្ញុំ​បាន​ប្រាប់​លោក​ប្រធានាធិបតី​ដោយផ្ទាល់​ថា ខ្ញុំ​គិតថា​ភាសា​របស់គាត់​មិន​គ្រាន់តែ​ជា​ភាសា​នាំឱ្យ​បែកបាក់​ប៉ុណ្ណោះ​ទេ តែ​កាន់តែ​នាំឱ្យមាន​គ្រោះថ្នាក់​”​។​

​លោក​បន្តថា «​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ទោះបីជា​ឃ្លា “​ព័ត៌មាន​ក្លែងក្លាយ​” គឺជា​ការមិនពិត​និង​មាន​គ្រោះថ្នាក់​ក៏ដោយ ក៏ប៉ុន្តែ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាងនេះទៅទៀត​អំពី​ការ​លាប​ពណ៌​របស់គាត់​លើ​អ្នកកាសែត​ថា​ជា “​សត្រូវ​របស់​ប្រជាជន​”​។ ខ្ញុំ​បាន​ព្រមាន​ថា​ភាសា​ក្តៅក្រហាយ​នេះ​កំពុង​រួមចំណែក​ដល់​ការកើនឡើង​នូវ​ការគំរាមកំហែង​អ្នកកាសែត ហើយ​វា​នឹង​នាំទៅដល់​អំពើហិង្សា​»​។​

​លោក​សាល់​ស្បឺ​ហ្គ័​រ​បាន​និយាយថា “​ខ្ញុំ​បាន​សុំឱ្យ​គាត់​ពិចារណា​អំពី​ការវាយប្រហារ​របស់គាត់​ទៅលើ​សារព័ត៌មាន ដែល​ខ្ញុំ​ជឿជាក់ថា​មាន​គ្រោះថ្នាក់​និង​ការខាតបង់​ដល់​ប្រទេស​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

ចាងហ្វាង​កាសែត New York Times ព្រមាន​លោក ដូ​ណា​ល់ ត្រាំ ថា ការវាយប្រហារ​ខ្លាំង​ឡើង​របស់គាត់​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គឺ មាន​គ្រោះថ្នាក់​និង​ការខាតបង់​ដល់​សហរដ្ឋអាមេរិក