ចាញ់​ការ​ភ្នាល់​ល្បែង ជួល​គេ​ឱ្យ​ថត​ឈុត​ឆាក​ក្លែងបន្លំ​ថា​ខ្លួន​ត្រូវគេ​ធ្វើឃាត រួច​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​គេចវេះ​មិន​សងលុយ

753

​មន្ត្រីជាន់ខ្ពស់​ម្នាក់​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០ មេសា​ថា ប៉ូលិស​បង់​ក្លា​ដែ​សបាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ក្លែងបន្លំ​ករណី​ឃាតកម្ម​របស់គាត់​នៅលើ​បណ្តាញ​សង្គម ដោយ​ប្រើ​ទឹក​ផ្លែឈើ​ក្រហម​ធ្វើជា​ឈាម​ក្លែងក្លាយ​ដើម្បី​គេចវេះ​ការបង់ប្រាក់​ចំនួន ១.៨០០ ដុល្លារ​អាមេរិក​សម្រាប់​ការ​ភ្នាល់​កីឡា​គ្រី​ឃី​ត (Cricket)​។​

​វីដេអូ​នៃ​ករណី​ឃាតកម្ម​របស់​បុរស​ឈ្មោះ អា​ដែល ស៊ី​ក​ឌ័​រ (Adel Shikder) ត្រូវបាន​ចែករំលែក​តៗ​គ្នា​ប្រហែល ១០.០០០ ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ជាហេតុ​ញ៉ាំងឱ្យ​ប៉ូលិស​តាមរក​សាកសព​គាត់​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​នៅ​ក្រុង​ដា​ក្កា លោក កាំ​រូស​ហ្សា​ម៉ាន់ ដា​សា (Kamruzzaman Sardar) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​គាត់​បាន​ជួល​វិចិត្រករ​តុបតែង​សម្រាប់​ភាពយន្ត​ម្នាក់ ដែលជា​អ្នក​ថត​វីដេអូ​ករណី​ឃាតកម្ម​ក្លែងក្លាយ​របស់គាត់ បន្ទាប់ពី​គាត់​បាន​ចាញ់​ប្រាក់​ភ្នាល់​ល្បែង​ចំនួន ១៥០.០០០ ម៉ឺន​តា​កា នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន Nidahas រវាង​បង់​ក្លា​ដែ​ស​និង​ឥណ្ឌា​”​។​

​បង់​ក្លា​ដែ​សបាន​ចាញ់​ការប្រកួត​កាលពី​ថ្ងៃទី ១៨ ខែមីនា​ក្នុង​ទីក្រុង​កូឡុំបូ​នៅពេលដែល​កីឡាករ ឌី​ណេ​ស កា​ធី​ក របស់​ឥណ្ឌា​វាយ​ចំ​គ្រាប់​បាល់​ទី ៦ ចុងក្រោយ ដើម្បី​ទទួល​ជ័យជម្នះ​។​

​ប៉ូលិស​បាន​និយាយថា មនុស្ស ៣ នាក់​ត្រូវបាន​គេ​ឃើញ​នៅក្នុង​វីដេអូ​។ មនុស្ស​២​នាក់​គឺ​កំពុង​អារ​បំពង់ក​របស់​ស៊ី​ក​ឌ័​រ អាយុ ២៨ ឆ្នាំ បន្ទាប់ពី​ចាប់គាត់​ព្យួរ​ជើង​ឡើងលើ​។​

​ពួកគេ​បាន​ប្រើ​ស៊ី​រ៉ូ​ទឹក​ផ្លែឈើ​ក្រហម​ធ្វើជា​ឈាម​ក្លែងក្លាយ​នៅលើ​សាកសព​គាត់ ខណៈដែល​រូបថត​នៃ​ឃាតកម្ម​អារ​.​ក នេះ​ត្រូវបាន​ចែករំលែក​ត​គ្នា​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​។​

​ស៊ី​ក​ឌ័​រ​បាន​បញ្ជូន​វីដេអូ​នេះ​ទៅ​មនុស្ស​ម្នាក់ ដែល​គាត់​ភ្នាល់​ចាញ់​។​

​លោក ស៊ី​ក​ឌ័​រ និយាយថា “​គាត់​បានឈ្នះ​លុយ ៤០.០០០ តា​កា​ពី​មនុស្ស​ដដែល​នេះ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​បង់​ក្លា​ដែ​ស និង ស្រីលង្កា ដែល​បង់​ក្លា​ដែ​ស​ជា​អ្នកឈ្នះ​។ គាត់​បាន​ចាយវាយ​លុយ​នោះ ហើយ​បន្ទាប់មក គាត់​បាន​ភ្នាល់​កាន់តែ​ធំ​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​”​។​

​ប៉ូលិស​បាន​និយាយថា ស៊ី​ក​ឌ័​របា​ន​ទូរស័ព្ទ​ទៅ​ប្អូនប្រុស​របស់គាត់ ដោយ​ប្តូរ​សំឡេង​ឱ្យ​ប្លែក ហើយ​ប្រាប់​ប្អូនប្រុស​ថា សាកសព​របស់គាត់​ស្ថិតនៅ​តំបន់ ឈី​ត​តា​ហ្គុ​ង ឆ្ងាយ​ពី​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​ប្រហែល ២០០ គីឡូម៉ែត្រ​។​

​សាច់ញាតិ​និង​ប៉ូលិស​បាន​ស្វែងរក​សាកសព​នៅ​ទីនោះ ក្រោយពី​ម្តាយ​ដ៏​ភ័យ​ស្លន់ស្លោ​របស់​ស៊ី​ក​ឌ័​រ​បានដាក់​ពាក្យបណ្តឹង​។​

​លោក​កាំ​រូស​ហ្សា​ម៉ាន់ និយាយថា ករណីនេះ​ត្រូវបាន​ដោះស្រាយ បន្ទាប់ពី​ប៉ូលិស​បាន​ចាប់ខ្លួន​វិចិត្រករ​តុបតែង​ខ្លួន​រូបនោះ​កាលពី​ថ្ងៃ​សៅរ៍ (​ទី ២៤ មីនា​) ហើយ​នៅ​ថ្ងៃ​បន្ទាប់ ស៊ី​ក​ឌ័​រ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​សង្កាត់​ហ្វា​រីដ​ពួ​”​។​

​មុនពេល​នាំខ្លួន​មក​ថត​ដាក់​កាមេរ៉ា​ទូរទស្សន៍ លោក​ស៊ី​ក​ឌ័​រ​និយាយថា “​ខ្ញុំ​បានធ្វើ​វា ដូច្នេះ​គាត់​នឹងមិន​មក​ទារលុយ​ពី​ខ្ញុំ​ទេ​។ ខ្ញុំ​មិនបាន​ដឹងថា​វា​នឹង​បង្កឱ្យមាន​បញ្ហា​នេះ​ឡើង​ទេ​”៕ ដោយ៖ កញ្ញាដាលីស

ស៊ី​ក​ឌ័​រ ត្រូវបាន​ចាប់ខ្លួន ពីបទ​បន្លំ​ករណី​ឃាតកម្ម​ខ្លួនឯង បន្ទាប់ពី​ភ្នាល់​កីឡា​គ្រី​ឃី​ត​ចាញ់ ១.៨០០ ដុល្លារ