ចាន់ សំអាត និង សូត្រ ប៊ុន​ធី សង្ឃឹម​បន្ត​ឈ្នះ​

694
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់ ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១ មិថុនា ចាន់ សំអាត ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង និង សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក មាន​ជំនឿ​ចិត្ត​ថា ពួកគេ នឹង​បន្ត​ឈ្នះ​ទៀត ជាមិនខាន ។​

​សំអាត ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ដែន សា​យ៉ា​ម (Den Sayam) ។ នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់​ពួកគេ​ទាំង ២ រូប នៅក្នុង​ព្រឹត្តិការណ៍​នេះ ។ មួយ​ប្រកួត​ដំបូង​របស់ ដែន សា​យ៉ា​ម ជួប​បរាជ័យ ឯ​សំអាត គេ​បានទទួល​ជ័យជំនះ នៅក្នុង​ការប្រកួត​លើក​ទី​១ របស់គេ ។ សម្រាប់​ការប្រកួត លើក​ទី​២​នេះ សំអាត ក៏មាន​ជំនឿ​ចិត្ត​ថា គេ​នឹង​ឈ្នះ​ដែរ ឯ ដែន សា​យ៉ា​ម ក៏បាន​ប្ដេជ្ញាចិត្ត​យកឈ្នះ ឲ្យ​ខាងតែបាន នៅក្នុង​ការប្រកួត​នេះដែរ​។​

ចាន់ សំអាត និង ដែន សា​យ៉ា​ម​

​សំអាត មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៥៩​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ដែន សា​យ៉ា​ម វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៣​ដង ឈ្នះ​៦៥​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ នរណា ឈ្នះ​នៅក្នុង​ជំនួប​លើក​ទី​២​នេះ ?​។​

​ចំពោះ សូត្រ ប៊ុន​ធី វិញ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត ង៉ា​ម (Phat Ngam) ដែល​នេះ ក៏​ជាការ​ប្រកួត​លើក​ទី​២ របស់​ពួកគេ ទាំង​២​ដែរ​។ សម្រាប់​ការប្រកួត​នេះ ផេ​ត ង៉ា​ម ហាក់ដូចជា​ស្ថិត នៅក្នុង​ភាព​ស្ងៀមស្ងាត់ ក្នុងខណៈដែល ប៊ុន​ធី ប្ដេជ្ញា​យកឈ្នះ ដើម្បី​ប្រជែង​យក​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ សូមបញ្ជាក់ថា ពួកគេ​ប្រកួត​បាន មួយ​ប្រកួត​ដូចគ្នា​មែន តែមួយ​ប្រកួត​របស់ ប៊ុន​ធី បានទទួល​ជ័យជំនះ ឯ​មួយ​ប្រកួត​របស់ ផេ​ត ង៉ា​ម ជួប​បរាជ័យ ។​

​សូត្រ ប៊ុន​ធី និង ផេ​ត ង៉ា​ម​

​ម្នាក់ៗ សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ហើយ​ពួកគេ សុទ្ធតែ​ត្រៀមខ្លួន​បានល្អ​ដូចគ្នា ហេតុនេះ លទ្ធផល​យ៉ាងណាៗ​នោះ ពិតជា​មិនអាច​ប៉ាន់ស្មាន ទុក​មុន​បានឡើយ ។ ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៥​ដង ឈ្នះ​៧៩​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ ផេ​ត ង៉ា​ម វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៦៨​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ព្រឿង សុ​ចឺ​ត ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ កាន់ ម៉េង​ហុង ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ សួន សា​ម៉ៃ ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​៕

#