ចាប់ខ្លួនបាន​ចោរឆក់​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ បន្ទាប់ពី​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​សម្រេច​

1086
ចែករម្លែក

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក ២​នាក់ ត្រូវ​សមត្ថកិច្ច​ដេញតាម​ចាប់បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​មិនបាន​សម្រេច ហើយ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ម៉ូតូ​ជនរងគ្រោះ​ដួល​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ត្រង់ចំណុច​មុខ សណ្ឋាគា អី​ន​ថា​ខន ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក​
​ខណ្ឌចំការមន ។​

​ជនសង្ស័យ​ដែល​ចាប់បាន​ម្នាក់​មាន​ឈ្មោះថា ខន ឃៀង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី កែវ មាន​ស្រុកកំណើត ភូមិ​ដូង​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះថា នី ងិ​ប ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ បើកឡាន ស្នាក់​បុរី​ភព​ថ្មី​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ត្រូវបាន​ដកហូត ម៉ាក​ស៊ុយ​សា​គី​លែ​ត ពណ៌​ស ពាក់​ស្លាក​លេខ តាកែ​ច 1N 4669 ត្រូវ​កម្លាំង​នគរបាល​ឃាត់ទុក​។​

​ជនសង្ស័យ និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ត្រូវ​សមត្ថកិច្ច​បាន​នាំយកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ទំនប់ទឹក និង​ឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង បន្ទាប់មក​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនបន្ត​ទៅកាន់ អធិការនគរបាល​ខ​ណ្ឌ​ចំការមន ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ លីន​ណា​