ចាប់ខ្លួន​ឃាតករ​ដែល​បើកឡាន​បំ​បុក​មនុស្ស​ឲ្យ​ស្លាប់​ហើយ​រត់គេចខ្លួន​ទៅសម្ងំ​ឯ​ព្រំដែន​ខ្មែរ​ថៃ​

917
ចែករម្លែក

សៀមរាប៖​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន ឃាតករ​ម្នាក់​រហូតដល់​ព្រំដែន​ខ្មែរ​ថៃ តាម​ដីការ​របស់​សាលាដំបូង​ខេត្ត បន្ទាប់ពី​ជន​ខាងលើ​បើកឡាន​បំ​បុក​មនុស្ស​ឲ្យ​ស្លាប់ និង​របួស ហើយ​រត់គេចខ្លួន​ទៅ​ពួន​សម្ងំ​ធ្វើជា​កម្មករសំណង់​ឯ​ព្រំដែន​ខ្មែរ​ថៃ​(​អូរ​ស្មាច់​)​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ ហួត កុង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធម្មជាតិ ឃុំ​សន្ទុក ស្រុក​ស្ទោង ខេត្តកំពង់ធំ មានមុខ​របរ​បើករ​ថ​យន្ត​ឲ្យ​ក្រុមហ៊ុន​គោ​ជល់​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​បង្ហាញថា ជនសង្ស័យ​ខាងលើ បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្សារ​ថ្ម ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងខណៈដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​មកពី​ធ្វើការ​សំណង់​។ ជននេះ​ចាប់ខ្លួន​តាម​ដីការ​លេខ​២៦៩/២០១៧​ចុះ​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៧ ដែល​ចេញ​ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ក្រោម​បទ​ចោទ​ឃាតកម្ម​ដោយ​ចេតនា​។​

​របាយការណ៍​បង្ហាញ​ទៀតថា ដើមចម​ដែល​បង្ក​ឲ្យ​ក្លាយទៅជា​អំពើ​ឃាត​កម្មនេះ ដំបូង​ឡើយ​នៅ​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៧ ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ស្គាល់គ្នា ហើយ​ផឹកស៊ី​ជាមួយគ្នា​នៅ​ម្តុំ​មុខ​ភោជនីយដ្ឋាន​រតនៈ​ចិន្តា ក្នុងភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ក្នុង​គ្រា​ដែល​ពួកគេ​ជោកជាំ​ដោយ​ជាតិ​ស្រវឹង ក៏បាន​ទាស់សំដី​គ្នា ភ្លាមនោះ​ជនសង្ស័យ​បាន​ឡើង​បើកឡាន​ធុន​កូរ៉េ​ចំណុះ ១,៥​តោន បំ​បុក​ជនរងគ្រោះ​ឈ្មោះ​នាក់ សាវុធ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ផ្ទុប​នឹង​ឡានធំ​មួយគ្រឿង​ទៀត​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ឯ​ឈ្មោះ​ប៉ាល់ តុល ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ទីលំនៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល រងរបួស​ធ្ងន់ ត្រូវ​ដឹក​ទៅ​ជួយសង្គ្រោះ​ឯ​មន្ទីរពេទ្យ ហើយ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។ ថ្ងៃ​បន្ទាប់​ក្រុម​សាច់ញាតិ​ជនរងគ្រោះ​បានដាក់​ពាក្យ​ប្តឹង ហើយ​តំណាង​អយ្យការ ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​តែម្តង​។ ជនសង្ស័យ​ដែល​ចាប់​ចោទ​បទ ឃាតកម្ម​ដោយ​ចេតនា ត្រូវបាន​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២៩​ខែមិថុនា ដើម្បី​ចាត់ការ​បន្ត​៕ ដោយ ៖អង្គរតូច​

ជនសង្ស័យ​ពេល​ចាប់ខ្លួន (​រូប​៖ អង្គរតូច​)