ចាប់ខ្លួន​ឃាតករ​២​នាក់​រំលោភ​សម្លាប់​រួច​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​នារី​វ័យក្មេង​នៅ​បាវិត​

373

(​ស្វាយរៀង​)៖​ឃាតករ​២​នាក់ ដែល​រំលោភ​សម្លាប់ រួច​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​នារី​វ័យក្មេង​ម្នាក់ ជា​បុគ្គលិក​បម្រើ​ការងារ​នៅកាស៊ី​ណូ Good Luck នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​នេះ​។ ដោយ​ម្នាក់​ចាប់បាន​នៅ​ភ្នំពេញ និង​ម្នា​ក់នៅ​ស្វាយរៀង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃទី​០៨ ខែសីហា នេះ​។​

​លោកស្នងការ​បានបញ្ជាក់​ថា ជនដៃដល់​ទាំង​២​នាក់ មានឈ្មោះ​ដូចជា ១.​ឈ្មោះ ឆើយ សុជាតិ អាយុ​៣៦​ឆ្នាំ និង​ទី​២.​ឈ្មោះ ផ្លៀក មុន្នី រស់នៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្យ ស្រុក​កំពង់រោ ខេត្តស្វាយរៀង​។ ជនដៃដល់​ទាំងពីរ​នាក់​មានមុខរ​បប​ជា​អ្នករត់​តាក់ស៊ី​។​

​នារី​រងគ្រោះ​ដែល​ត្រូវ​រំលោភ​សម្លាប់​នេះ ឈ្មោះ សុខ ម៉ា​លីន អាយុ​១៨​ឆ្នាំ បុគ្គលិក​កាស៊ីណូ Good Luck ក្នុង​ក្រុង​បាវិត​មាន​ទីលំនៅ​នៅ​​ខេត្តព្រះវិហារ ហើយ​ប្រទះឃើញ​សព​នៅ​កណ្ដាល​វាលស្រែ ក្នុងភូមិ​តា​ពៅ សង្កាត់​បាទី ក្រុង​បាវិត​។ នារី​ជនរងគ្រោះ​បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ ដោយ​មុនពេល​កើតហេតុ ស្ដ្រី​រងគ្រោះ​បាន​ទៅលេង​ឪពុកម្ដាយ​នៅ​ស្រុកកំណើត​ឯ​ខេត្តព្រះវិហារ​ហើយ​​បាន​ត្រឡប់មកវិញ​ឈប់​នៅ​បេនឡាន​ផ្សារ​អូឡាំពិក រាជធានី​ភ្នំពេញ រួច​ឡើង​ឡាន​បន្ដ​មក​ក្រុង​បាវិត​ដែលជា​ទីកន្លែង​ធ្វើការ​។​

​សូមជម្រាបថា ករណី​ដ៏​សាហាវព្រៃផ្សៃ​រំលោភ​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​នារី​រងគ្រោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​។ ដោយនៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ បាន​ជិះ​ក្នុង​រថយន្ដ​តាក់ស៊ី ម៉ាក Highlander ឆ្ពោះទៅ​ខេត្តស្វាយរៀង​ហើយ​ពេលទៅដល់​​ជី​ភូ ជនសង្ស័យ​ម្នាក់ទៀត ដែលជា​អ្នកបើករថយន្ដ​តាក់ស៊ី​ផងដែរ​នោះ បាន​ទុក​រថយន្ដ​របស់ខ្លួន​ចោល ហើយ​ឡើង​រថយន្ដ Highlander រួមគ្នា​ធ្វើ​សកម្មភាព​រំលោភ​សម្លាប់ រួចហើយ​ប្លន់​យក​ខ្សែ​កមួយ​ខ្សែ និង​ជញ្ជៀន​មួយ​វង់ គេចខ្លួន​តែម្ដង​៕​ដោយ​៖​មុនីរ័ត្ន/sn

​នារី​ម្នាក់​ជា​បុគ្គលិក​កាស៊ីណូ​បាត់​ខ្លួន​២​ថ្ងៃ​ស្រាប់​ឃើញ​សព​ត្រូវគេ​រំលោភ​សម្លាប់(រូប៖វ៉េបសាយ)