ចាប់ខ្លួន​ចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ចំនួន​៥៨​នាក់ ដែល​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

634
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បាន​ចាប់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥៨​នាក់ (​ចិន វៀតណាម កូរ៉េ ថៃ ខ្មែរ​) ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្លិប​មួយ​ស្ថិតនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លិប​កម្សាន្ត​មួយ​ (​រូប​កណ្តាល​) ម្ចាស់​ក្លិប​

​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ម៉ោងជាង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ដោយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។ ការបង្ក្រាប គឺជា​លើក​ទី​២ ។​

​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៥៨​នាក់ (​ស្រី​២៤​នាក់​) ដែល​ចាប់ខ្លួន រួមមានៈ ជនជាតិ​ចិន​ចំនួន ២៩​នាក់ (​ស្រី​៥​នាក់​)​។ ជនជាតិ​វៀតណាម ចំនួន​២៣​នាក់ (​ស្រី​១៥​នាក់​)​។ ជនជាតិ​ថៃ​ចំនួន​ពីរ​នាក់ (​ស្រី​)​។ ជនជាតិ​កូរ៉េ​ចំនួន មួយ​នាក់ (​ប្រុស​)​និង​ជនជាតិខ្មែរ​ចំនួន​បីនាក់ (​ស្រី​២​នាក់​)​។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ៥៨​នាក់ ក្នុងនោះ​មាន​ជនជាតិ​កូរ៉េ​មាន​តួនាទី​ជា​អនុប្រធាន​ក្រុមហ៊ុន និង​ជា​ម្ចាស់​ទីតាំង​។ មាន​ជនជាតិ​វៀតណាម និង​ជា​មេការ​ធំ និង​ជនជាតិខ្មែរ​ម្នាក់​។​

​ចំណែក​វត្ថុតាង​ដកហូត​មានដូចជាៈ អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ទម្ងន់ ២,០៥​ក្រាម​។ ម្សៅ​គេ​តា​មីន ទម្ងន់​៦,៥៨​ក្រាម និង​ម្សៅ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី ទម្ងន់​៩៧,០៨​ក្រាម​។
​ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។​

​គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ពីថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ បង្ក្រាបបាន​ចំនួន ៨០១៨​ករណី ឃាត់​មនុស្ស​ចំនួន ១៦២៣២​នាក់ ស្រី​១៣៤​នាក់ ក្នុងនោះ​មាន​ជនបរទេស​ចំនួន ៣១០​នាក់ (​ស្រី​៤៨​នាក់​) មាន​២៤​សញ្ជាតិ​។ ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ ៥០៦១​ករណី ឃាត់ ៩០៩៩​នាក់ (​ស្រី ៩១៧​នាក់​)​។ ប្រើប្រាស់ ២៩៥៧​ករណី ឃាត់ ៧១៣៣​នាក់​(​ស្រី ៤២៦​នាក់​)​។ អនុវត្ដ​ដីកា ២៤៣​ដីកា ឃាត់ ២៣៥​នាក់ (​ស្រី ៩​នាក់​)​។​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន ៥៣៣kg 846,54g និង ៣៧០​កញ្ចប់​។ កញ្ឆា​ក្រៀម​ទម្ងន់ ៧៤kg 146g និង ១៦៤៩២៥​ដើម​៕ MN/​ល​