ចាប់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ដែល​ជួញដូរ​កម្មករ​កម្ពុជា ៣២ នាក់​ពី​ព្រំប្រទល់​ខេត្ត​ស្រះកែវ​

1106
ចែករម្លែក

កាលពី​ចន្ទ​ទី ១៤​សីហា ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់​ក្នុង​ខេត្ត​ស្រះកែវ​ពីបទ​ជួញដូរ​កម្មករ​អន្តោប្រវេសន៍​កម្ពុជា​ចំនួន ៣២ នាក់ ញាត់​ចូលក្នុង​ឡាន​១២​កៅអី​មួយគ្រឿង​។ នេះ​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​

​លោក អូស្មាន់ ស៊ូ​ឡុង (Ousman Sulong) អាយុ ៣៦ ឆ្នាំ​បាន​បើកឡាន​ម៉ាក Toyota Commuter ពណ៌​ទឹកប្រាក់​មួយគ្រឿង​នៅ​ល្បឿន​ដ៏​លឿន​ពី​ស្រុក​អំ​ព័រ​ខុ​ក​សាំង ខេត្ត​ស្រះកែវ​ឆ្ពោះទៅ​ទីក្រុង​បាងកក​នៅពេល​គាត់​ត្រូវបាន​ប៉ូលិស​ឃាត់​ឡាន​ដើម្បី​ត្រួតពិនិត្យ​។​

​ប៉ូលិស​បាន​រកឃើញ​ជ​ន​ជាតិ​កម្ពុជា​សរុប​ចំនួន ៣២ នាក់​ដែលមាន​បុរស ១៩ នាក់​និង​ស្ត្រី ១៣ នាក់ ប្រជ្រៀត​គ្នា​ណែន​នៅក្នុង​ឡាន​នោះ​។​

​យោងតាម​ប៉ូលិស​ខេត្ត​ស្រះកែវ គ្មាន​ជនជាតិខ្មែរ​ណា​ម្នាក់​មាន​ឯកសារ​ធ្វើដំណើរ​ជាមួយ​ពួកគេ​នោះទេ​។​

​ប៉ូលិស​បាន​និយាយថា លោក​អូស្មាន់​ដំបូង​បាន​បដិសេធ​មិន​ព្រម​ឈប់​ឡាន​ទេ ហើយ​ជាន់​ហ្គ័​រ​បន្ថែម​ល្បឿន​រត់គេចខ្លួន​។​

​ក្រោយមក​គាត់​បាន​ឈប់​នៅពេល​ឡាន​ប៉ូលិស​ជាច្រើន​គ្រឿង បាន​រាំងខ្ទប់​ផ្លូវ​នៅខាងមុខ​។​

​យោងតាម​របាយការណ៍​របស់​ប៉ូលិស លោក​អូស្មាន់​បាន​និយាយថា​លោក​ត្រូវបាន​គេ​ជួល​ឱ្យ​ទៅយក​កម្មករ​អន្តោប្រវេសន៍​កម្ពុជា​នៅ​ព្រំប្រទល់​ខេត្ត​ស្រះកែវ​ក្នុងតម្លៃ​ពី ១.៥០០ ទៅ ២.០០០ បាត​ក្នុង​មួយ​ជើង​។ គាត់​បដិសេធ មិន​ព្រម​ប្រាប់​ឈ្មោះ​អ្នក​ដែល​ជួល​គាត់​នោះទេ​។​

​របាយការណ៍​របស់​ប៉ូលិស​ក៏បាន​និយាយ​ផងដែរ​ថា ជនជាតិ​កម្ពុជា​ទាំង ៣២ នាក់ ដែល​មកពី​ខេត្តកំពង់ធំ​និង​បន្ទាយមានជ័យ​ក្នុងប្រទេស​កម្ពុជា ម្នាក់ៗ​បាន​សារភាពថា​បាន​បង់ប្រាក់ ៣ ពាន់​បាត​ដើម្បី​ចូលទៅ​ក្នុងប្រទេស​ថៃ​។ ប៉ូលិស​បាន​និយាយថា ពួកគេ​មានបំណង​ទៅ​បាងកក​ដើម្បី​រក​ការងារ​ធ្វើ​។​

​ប៉ូលិស​បាន​បន្ថែមថា ពួកគេ​បាន​ទាក់ទង​ជាមួយ​ឯកអគ្គ​កុងស៊ុល​កម្ពុជា​នៅក្នុង​ស្រុក​អារញ្ញ​ប្រាថេត​នៃ​ខេត្ត​ស្រះកែវ​ដើម្បី​ប្រាប់​ពួកគេ​អំពី​ឧបទ្ទវ​ហេតុនេះ​និង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ដើម្បី​ទប់ស្កាត់​ការជួញដូរ​ជន​ចំណាកស្រុក​កម្ពុជា​ឆ្លងកាត់​ព្រំដែន​នៅ​ស្រះកែវ​។ បន្ទាប់ពី​ការស៊ើបអង្កេត លោក​អូស្មាន់​ត្រូវបាន​ឃុំខ្លួន​ពីបទ​ជួញដូរ​មនុស្ស ខណៈដែល​ប្រជាជន​កម្ពុជា ៣២ នាក់​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​អន្តោប្រវេសន៍​ស្រុក​អារញ្ញ​ប្រាថេត​សម្រាប់​និរទេស​ខ្លួន​ទៅ​ស្រុកកំណើត​វិញ​៕ ដោយ៖ កញ្ញាដាលីស