ចាប់ខ្លួន​ជនពិការ​ម្នាក់​តាំងពី​ថ្ងៃទី​១៨ ខែកក្កដា មក​ម្លេះ​ដែល​ប្រមាថកាតទាន​គ្រប់បែបយ៉ាង​មកលើ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ទើប​ភ្ញាក់ផ្អើល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​

378
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ បុរស​ជា​ជនពិការ​ម្នាក់​ដែល​ប្រើ​ហ្វេ​ស​បុក​ដាក់​រូប​កែម​ឡី និង​មាន​អា​ខោ​ន​ឈ្មោះ​ខ្ញុំ​ចង់បាន​នាយករដ្ឋមន្ត្រី​ថ្មី ត្រូវបាន​ផែន​សន្តិសុខ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ក្នុងករណី​ប្រព្រឹត្ត​បទល្មើស​ញុះញុង​អោយមាន​ការរើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​កដោយ​ភ្ញា​ប់​រឿង​ជាច្រើន​ប្រមាថកាតទាន​ជាច្រើន​លើ​នាយករដ្ឋមន្ត្រី​។​ករណីនេះ​ម​ត្ថ​កិច្ច​បាន​ចាប់ខ្លួន​តាំងពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​មក​ម្លេះ ប៉ុន្តែ​ទើបតែ​មានការ​ភ្ញាក់ផ្អើល​និង​បង្ហោះ​ព្រោងព្រាត លើ​ករណីនេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ។​

ជន​ដែល​ត្រូវ​ចោទ​មានឈ្មោះ ភុ​ន យុទ្ធ ភេទ​ប្រុស ឆ្នាំ​កំណើត​១៨ ខែកក្កដា ឆ្នាំ​១៩៨៤ ទីកន្លែង​កំណើត​នៅ​ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ជួល​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​មានមុខ​របរ​លក់​វត្ថុ​អនុ​ស្សាវ​រី​យ៏ នា​តំបន់​ផាប់​ស្ត្រី​ត ក្រុង​សៀមរាប ។​

ក្រុម​សន្តិសុខ​ផ្ទៃក្នុង​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​និយាយថា កាលពី​អំឡុង​ខែឧសភា​និង​ខែមិថុនា ឆ្នាំ​២០១៩ ឈ្មោះ ភុ​ន យុទ្ធ បានធ្វើ​សកម្មភាព​បង្ហោះ​សារ​និង​វីដេអូ​ឃ្លី​ប ជា​សាធារណៈ​នៅក្នុង​សង្គម​ហ្វេ​ស​បុក​របស់ខ្លួន ដោយបាន​សរសេរថា ខ្ញុំ​ចង់បាន​នាយករដ្ឋមន្ត្រី​ថ្មី សង្គម​កម្ពុជា​សព្វថ្ងៃ​មហា​ពុករលួយ គ្មាន​សិទ្ធ​បញ្ចេញមតិ នាយករដ្ឋមន្ត្រី​ពង្រឹង​អំណាច​តែ​ខ្លួនឯង គាបសង្កត់​រាស្ត្រ​គ្រប់យ៉ាង​មិនអោយ​ប្រជាពលរដ្ឋ​ចេះដឹង​ច្រើន​ទេ ជា​អាយ៉ងយួន យួន​ជា​អ្នក​លើក​បន្តុប ។​

សារបាន​បង្ហោះ​ទៀតថា បើ​និយាយថា​សមរង្សី​ក្បត់ជាតិ​វា​ហួស​សម័យ​អាឡេវ អើយ​បើ​និយាយ​ពី​ហ៊ុនសែន​ក្បត់ជាតិ​វា​កំពុង​ពេញនិយម​ណាស់​។​នៅ​មានការ​បង្ហោះ​សារ​និង​វីដេអូ​ជាច្រើន​ទៀត​ដែល ធ្វើអោយ​មានការ​ញុះញុង ដែល​ធ្វើអោយមាន​ការភាន់ច្រលំ​ពី​មតិ​ជាតិ​និង​អន្តរជាតិ​។​

ក្នុងករណី​ខាងលើ​នេះហើយ ទើប​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីការ​សម្រេច​អោយ​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​ខាងលើ ដោយមាន​ការិយាល័យ​ស​ន្តិ​សុខ​ផ្ទៃក្នុង ជា​អ្នកចាត់ចែង​រឿងនេះ ហើយ​ក៏បាន​កោះហៅ​ឈ្មោះ ភុ​ន យុទ្ធ ចូល​បំភ្លឺ តែ​ជន​នោះ​មិនបាន​ចូលមក​បំភ្លឺ​តាម​ការកោះហៅ ហើយ​ជន​នោះ​នៅតែ​បង្ហោះ​សារ​លើ​ហ្វេ​ស​បុក​ដដែល​។​

លុះ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីការ​បញ្ជា​អោយចូល​ខ្លួន ទើប​នៅ​ថ្ងៃទី​១៨ ខែកក្កដា សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ឈ្មោះ ភុ​ន យុទ្ធ យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​យកមក​សាកសួរ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ភុ​ន យុទ្ធ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជា​សាធារណៈ​និង​ចេញ​វីដេអូ​ឃ្លី​ប​ជេរប្រមាថ​ពិតមែន​។​

យោងតាម​ចម្លើយសារភាព​និង​បទល្មើស​គ្រប់គ្រាន់ លោក មុយ សុ​ភ័​ក្ក្រ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីការ​បង្គាប់​អោយ​ឃុំខ្លួន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ពីបទ​ញុះញុង​អោយមាន​ការរើសអើង​និង​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្តឡើង​នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប អំឡុង​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​ចែង​អោយ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​៤៩៦​និង​មាត្រា​៣០៧​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​សម្រេច​បញ្ជារ​អោយ​សមត្ថកិច្ច​នាំខ្លួន​ជន​ដែល​ត្រូវ​ចោទ​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយ​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។​

ទោះបី​រឿងនេះ​កើតមាន​ជាច្រើន​ថ្ងៃ​មកហើយ​ក្តី ប៉ុន្តែ​មាន​សង្គម​ហ្វេ​ស​បុក​ទើបតែ​បង្ហោះ​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ មើលទៅ​ហាក់បីដូចជា​រឿងនេះ​ថ្មីៗ​ចឹ​ង​។​គេ​និយាយថា​ជនពិការ​គួរអោយ​អាណិត​បំផុត ប៉ុន្តែ​ត្រូវបាន​អ្នក​ន​យោ​យ​បាយ​អូសទាញ​អោយ​គាត់​ងុបងុល​ដល់​ថ្នាក់​ហ៊ាន​ប្រមាថ​ដល់​អ្នកដទៃ ប្រមាថ​ថ្នាក់ដឹកនាំ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​។​ជនពិការ​នៅ​កម្ពុជា​ត្រូវបាន​លើក​កំពស់​និង​ផ្តល់​សិទ្ធ​ផ្សេងៗ តែ​មិន​មានន័យថា​ជនពិការ​ដែល​ប្រព្រឹត្ត​បទល្មើស ត្រូវតែ​ទទួលទោស​តាមផ្លូវ​ច្បាប់​ដូច​គេ​ដូច​ឯង​ដែរ​៕B/