ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ក្នុងនោះ​មាន​សង្ឃ​មួយអង្គ ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

964
ចែករម្លែក

កំពង់ចាម​៖ កម្លាំង​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់ខ្លួន​ជនសង្ស័យ​៦​នាក់ (​សង្ឃ​មួយអង្គ បាន​ផ្សឹក​ហើយ​) ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទី​១, ភូមិ​ទី​៣ សង្កាត់​វាលវង់ និង​ចំណុច​វត្ត​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។​

​ការចុះ​សហប្រតិបត្តិ​ការបង្ក្រាប​នេះ ដោយ​ប្រើ​វិធានការ​ញុះញង់ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៦​នាក់​ប្រុស (​សង្ឃ​០១​អង្គ បាន​ផ្សឹក​ហើយ​) នឹង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១២​កញ្ចប់ (​ធំ​០១​កញ្ចប់​) ម៉ូតូ​០២​គ្រឿង និង​ថង់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។

​ដោយបាន​ការឯកភាព​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម សមត្ថកិច្ច​បានប្រគល់​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ជូន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖ លីន​ណា​