ចាប់ខ្លួន​ប៉ូលិស​បីនាក់​រឿង​រត់ការ​ដោះលែង​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​

604
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញៈ
ចាប់ខ្លួន​មន្ត្រីនគរបាល​ចំនួន​បីនាក់ នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​នៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ពាក់ព័ន្ធ​ករណី​អន្ដរាគមន៍​ដោះលែង​ជនជាតិ​ចិន ចំនួន​១៨​នាក់ ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ

ជនជាតិចិនដែលចាប់ខ្លួននៅខេត្តកំពង់ស្ពឺ

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៉ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា នេះ​ថា មន្ដ្រីនគរបាល​ចំនួន​៣​នាក់ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២១ ខែកក្កដា​នេះ រឿង​អន្ដរាគមន៍​ដោះលែង​ជនជាតិ​ចិន ចំនួន​១៨​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​មន្ត្រី​ជាន់​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នគរបាល​ចំ​នួ​ម​៣​រូប ដែល​ត្រូវ​ចាប់ខ្លួន​គឺមាន​២​នាក់​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្នុងនោះ​មាន​ម្នាក់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ និង​ម្នាក់​វរសេនីយ៍ត្រី​) និង​ម្នាក់ទៀត​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។

​មន្ត្រីនគរបាល​ទាំងបី​នាក់ ដែល​ចាប់ខ្លួន​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​សូមជម្រាបថា ជនជាតិ​ចិន​ចំនួន​១៨​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ នៅ​ចំណុច​ដី​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​៕ ល