ចាប់ខ្លួន​ប្រភេទ​ទី​៣ ចំនួន​២​នាក់ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​

737
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ JAMES MICHAEL SARZOTTI ភេទ​ប្រុស កើត​ឆ្នាំ​១៩៥១ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន លេខ ៥៤៦១៦៣៤៧៨ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅ​ភូមិ​គ្រិះ ឆាំ ម៉ូ​នី ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ទើប​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​ភេទ​ទី​៣ នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ហាង​បាយ មួយកន្លែង ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប រួច​នាំយកមក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង​ទទួល​ផែន អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ថា ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ JAMES MICHAEL SARZOTTI ភេទ​ប្រុស កើត​ឆ្នាំ​១៩៥១ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន លេខ ៥៤៦១៦៣៤៧៨ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅ​ភូមិ​គ្រិះ ឆាំ ម៉ូ​នី ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​បាន​លួច​ទ្រព្យសម្បតិ្ត​(​ទូរស័ព្ទដៃ លុយ ខ្សែក​) របស់​ជនបរទេស រួចមក ទើប​លោក បានឱ្យ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភេទ​ទី​៣ ទៅក្នុង​ហាង​បាយ​មួយកន្លែង​ក្នុង​សង្កាត់​ស្វាយដង្គំ រួច​នាំយកមក​ធ្វើការ​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការខេត្ត ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​។​

​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ ទី​១. ឈ្មោះ អ៊ុន រតនា ភេទ​ប្រុស (​ជា​ភេទ​ទី​៣) កើត​ឆ្នាំ​១៩៨២ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ដែល​ទើប​ចេញពី​ព​ន្ធា​គារ​នៅ​ឆ្នាំ​២០១៧ និង ទី​២. ឈ្មោះ មិត្ត ដូង ភេទ​ប្រុស (​ជា​ភេទ​ទី​៣) កើត​ឆ្នាំ​១៩៩២​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​ទើប​ចេញពី​ព​ន្ធា​គារ​នៅ​ឆ្នាំ​២០១៧ ។​ក្រោយ​សាកសួរ ជនសង្ស័យ​(​ប្រភេទ​ទី​៣)​ទាំងពីរ​នាក់ រួចមក ពួកគេ​បាន​ឆ្លើយ​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច​យើង​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក ទូរស័ព្ទដៃ​មួយគ្រឿង ម៉ាក IPHONE X ពណ៌ ស របស់​ជនរងគ្រោះ​ប្រាកដ​មែន កាលពី​វេលា​ម៉ោង​ប្រហែល​០៣ ទៀបភ្លឺ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំនុច​តាមផ្លូវ​មាត់​លូ ម្តុំ​ផ្សារ​រាត្រី ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ចំពោះ​លុយ​និង​ខ្សែក​ខ្លួន​មិនបាន​លួច​ទេ ហើយ​ចំពោះ​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក IPHONE X ពណ៌​ស ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូតយក​ពី​ពួកគេ​។​

​បច្ចុប្បន្ន ជនសង្ស័យ​(​ប្រភេទ​ទី​៣)​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ល​