ចាប់ខ្លួន​មនុស្ស​គម្នាក់ ដែលជា​មុខសញ្ញា​ប្លន់​ប្រើ AK និង​កាំបិត​បុ័ងតោ កាលពី​ជិត​១​ឆ្នាំមុន​

322

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ជនសង្ស័យ​ម្នាក់​ដែលជា​មនុ​ស្សគ ក្នុងករណី​ប្លន់​កាលពី​ជិត​មួយឆ្នាំ​មុន ដែល​គេច​ទៅ​លាក់ខ្លួន​ក្នុងព្រៃ ត្រូវបាន​នគរបាល​ស្រុក​អូររាំង ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៤​កញ្ញា​២០១៨ ក្នុងព្រៃ​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​

​ជនសង្ស័យពេលសមត្ថកិច្ចឃាត់ខ្លួន និង​រូបភាព​ឯកសារ​ក្នុងពេល​ប្លន់ (​រូប​: សាត​ចាន់​បុត្រ​)​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ ស្នងការរង​ខេត្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នេះ​ឈ្មោះ ព្យុ​ល តុលា ហៅ អា​.​គ ត្រូវបាន​ឃាត់ខ្លួន​ក្រោម​អំណាច​ដីកា​របស់​តុលាការ លេខ​១១/១៨ ចុះ​ថ្ងៃទី​០៥ កុម្ភៈ ២០១៨ ពីបទ​៖ ប្លន់​។ លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ជននេះ​ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​អ្នកភូមិ ក៏បាន​រត់គេចខ្លួន​ចូលទៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ លាក់ខ្លួន​អស់​រយៈពេល​ជិត​មួយឆ្នាំ​។ ទោះជា​សមត្ថ​កិច្ចខិតខំ​រុករក​យ៉ាងណា ក៏​មិនអាច​ចាប់ខ្លួនបាន ព្រោះ​ជនសង្ស័យ​បាន​សំងំ​ក្នុង​ព្រៃឈើ​ភូមិសាស្ត្រ​ស្មុគស្មាញ តែ​កម្លាំង​នៅតែ​តាមឃ្លាំមើល​រហូត​អាច​ឃាត់ខ្លួន​បាន​នៅពេល​ថ្មីៗ​នេះ​តែម្តង​។​

​សូម​រំ​ឮ​កថា កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៣​វិច្ឆិកា​២០១៧ មាន​ករណី​ប្លន់​ស្ត្រី​អាជីវករ​នៅ​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។ ប្រដាប់​ដោយ​កាំភ្លើង​អាកា​មួយ​ដើម និង​កាំបិត ចូលទៅ​ប្លន់​ក្នុងផ្ទះ​កាប់​ជាច្រើន​កាំបិត ដោយ​ជនសង្ស័យ​ប្លន់​យកបាន​ប្រាក់​អស់​ចំនួន​៣០០​ដុល្លារ និង​លុយ​រៀល​៣៥​ម៉ឺ​រៀល​។ ប្រភព​ថា នៅពេល​ប្រតាយប្រតប់​គ្នា ជនរងគ្រោះ​ដណ្តើមបាន​អាវុធ AK47 ០១​ដើម គ្មាន​គ្រាប់​៕ ល​