ចាប់ខ្លួន​ម្តាយក្មេក​និង​បងថ្លៃ​មេធាវី អ៊ូ ប៊ុន​រ៉ា ក្នុងករណី​ចាប់ បង្ខាំង​ឪពុក​លោកស្រី​ព្រះរាជអាជ្ញារង​ម្នាក់

655
ចែករម្លែក
  • 909
    Shares

ដោយ​: វ​ណ្ណះ​.​ស​រិ​ទ្ធ / ព្រះសីហនុ​: ម្តាយក្មេក និង​បងថ្លៃ​លោក​មេធាវី​អ៊ូ បុ​ន​រ៉ា​ត្រូវបាន កម្លាំង កងរាជអាវុធហត្ថ ស្រុក​កំពង់​សិលា​សហការ​ជាមួយ​កម្លាំង អាវុធហត្ថ​ស្នាក់ការ​៤១២ ប្រចាំការ​ផ្លូវជាតិ​លេខ​៤ ចាប់​ឃាត់ខ្លួន​យកមក​សាកសួរ​ករណី​បទ​បង្ខាំង​បុរស​ចំណាស់​ម្នាក់ ដែល​ត្រូវជា​ឪពុក​បង្កើត​លោកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ខុសច្បាប់​អស់​រយៈពេល​ជិត​៣០​នាទី​។ រហូតមកដល់​រសៀល​ថ្ងៃទី​៥​ខែកុម្ភៈ​មនុស្ស​ទាំង​៣​នេះ​ត្រូវបាន​បញ្ជូន​យកមក​សាកសួរ​នៅ​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​កំពង់សីលា​។​

​លោក​ប៉ែន កុសល ជំទប់​ទី​១​ឃុំ​ស្ទឹង​ឆាយ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩​លោក ប៊ុន យុ​ទ្ធា អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ឆាយ​ខាងត្បូង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​បាន​ទូរស័ព្ទ​មក​ថា មាន មនុស្ស​ស្រី​ម្នាក់​និង​មនុស្ស​ប្រុស​២​នាក់​បាន​គំរាម​ឲ្យ​លោក​ចុះ​ពី​ម៉ូតូ​រួច​ចាប់​លោក បង្ខាំង​មិន​ឲ្យ​ទៅណា​និង​ដកយក​កូនសោរ​ម៉ូតូ​ទុក​នៅ​ចំណុច​តាម​ដង​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា​។ ក្រោយពី​បានទទួល​ព័ត​មាន​នេះ​រួចមក​លោក​បាន​ឲ្យ​មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្ទឹង​ឆាយ​ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ​ដើម្បី​ជួយ​រំដោះ​ជនរងគ្រោះ​។​

​ដោយឡែក​ប្រភពពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា​បាន​បន្ថែម​បញ្ជាក់ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​សៀង សុខ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ កម្លាំង​កង​រាជ​អាវុធ​ស្រុក​កំពង់សីលា និង​កម្លាំង​ស្នាក់ការ​សន្តិសុខ​៤០២​ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី សំ សា​មាន មេបញ្ជាការ​ស្រុក បាន​ចុះ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​នៅ​ចំណុច​ផ្ទះ​ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​មង​ជិត​១០​ព្រឹក​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩​។ មនុស្ស​ចំនួន​៣​នាក់​នេះ​ឈ្មោះ សំ សុខុន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​(​ម្តាយ​)​ឈ្មោះ រ៉ា​ន ដា​លុច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​(​កូន​)​និង​.​ឈ្មោះ ពុធ ធនូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​(​ក្មួយ​)​។​

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ អ្នកច្បាប់​ម្នាក់​បាន​និយាយថា​សកម្មភាព​នេះ​គឺជា​បទល្មើស​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ដែលមាន​ចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​២៥៣​នៃ​ក្រមព្រហ្មទណ្ឌ​។​
​មាត្រា​២៥៣​នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា​( បុគ្គល​ដែល​ចាប់​ដែល​ឃុំឃាំង​ឬ​ដែល​បង្ខាំង​បុគ្គល​ផ្សេងទៀត ដោយ​គ្មាន​បញ្ជា​ពី​អាជ្ញាធរ​ស្របច្បាប់ ឬ​ក្រៅពី​ករណី​ដែល​ច្បាប់​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ បើ​ការចាប់​ការឃុំ​ឃាំង​ឬ​ការ​បង្ខាំង​ខ្លួន មាន​រយៈពេល​តិចជាង​៤៨​ម៉ោង​…)៕