ចាប់ខ្លួន​អតីត​មេ​ជីវពល​អាហ្វ្រិក​កណ្តាល​បញ្ជូនទៅ​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​

369

សមាជិកសភារបស់សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងជាអតីតមេដឹកនាំក្រុមជីវពល លោកអាល់ហ្រ្វេត យេកាតូម ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការក្រុងឡាអេកាលពីថ្ងៃសៅរិ៍ទី១៧វិច្ឆិកា ដើម្បីឡើងសវនាការនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ចំពោះបទឧក្រិដ្ឋសង្រ្គាមប្រឆាំងមនុស្សជាតិ។

តុលាការICC និយាយថា យេកាតូម ដែលជាអតីតមេជីវពលនៅក្នុងចលនាមួយដែលមានការជាប់ពាក់ព័ន្ធនឹងការបង្ហូរឈាមជាតិសាសន៍ នឹងត្រូវកាត់ទោសចំពោះឧក្រិដ្ឋសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អាល់ហ្វ្រេដ យេកាតូម ត្រូវបានចាប់ខ្លួនកាលពីខែតុលា ក្រោយគាត់បាញ់កាំភ្លើងក្នុងសភា

តុលាការនេះបានចាប់ផ្តើមការស៊ើបអង្កេតមួយកាលពីខែកញ្ញាឆ្នាំ២០១៤លើបទឧក្រិដ្ឋបង្កឡើងនៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ២០១២ ហើយចៅក្រមរបស់តុលាការបានចេញដីកាចាប់ខ្លួន យេកាតូម ហៅ«រ៉ាំបូ» កាលពីថ្ងៃអាទិត្យមុន។

កងជីវពលរបស់យេកាតូម ធ្វើសកម្មភាពនៅភាគខាងត្បូងប្រទេស។នៅឆ្នាំ២០១៥ គាត់បានក្លាយជាគោលដៅនៃទណ្ឌកម្មអាមេរិកចំពោះការវាយប្រហារប្រឆាំងជនអ៊ីស្លាម​ ជនស៊ីវិលនិងប្រើប្រាស់ក្មេង១៥៣នាក់ ធ្វើជាយុទ្ធជនរបស់គាត់។ទោះជាយ៉ាងណានៅឆ្នាំ២០១៦ គាត់ជាប់ជាសមាជិកសភា តែត្រូវចាប់ខ្លួនកាលពីខែតុលាដោយសារបាញ់កាំភ្លើងនៅក្នុងសភាក្នុងពេលមានការជ្រើសរើសប្រធានសភា៕ដោយ៖វាសនា