ចាប់ខ្លួន​អតីត​អ្នកចំរៀង​ថៃ ចំពោះ​ការជួញដូរ​ថ្នាំញៀន​

805
ចែករម្លែក

​អតីត​អ្នកចំរៀង​និង​សិល្បការិនី​ថៃ នាង ព្រី​សាណា ប្រាយ​ស៊ែ​ង ឬ ពូ​គី ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុង​បាងកក​ចំពោះ​ការសង្ស័យ​ថា​ជួញដូរ​ថ្នាំញៀន​ជាង​៥​គីឡូក្រាម នេះ​បើ​តាម​ការ​​បញ្ជាក់​ពី​ប៉ូលិស​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​មិថុនា​។​

​ពូ​គី អាយុ​៤០​ឆ្នាំ ត្រូវបាន​ចាប់​ឃាត់​ខ្លួន​ជាមួយ​ប្តី​នាង​នៅ​ផ្ទះ​ជួល​មួយ កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​ក្នុងការ​ឆ្មក់​ចាប់ ប៉ូលិស​បាន​រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​៩៨,៣​ក្រាម ថ្នាំ​វង្វេង​១៨​គ្រាប់ កេតា​មីន​៤​ក្រាម​និង​កញ្ឆា ៤០​ក្រាម ជាមួយនឹង​​សារធាតុ​គីមី​និង​ឧបករណ៍​ដែល​គេ​ជឿ​ថា​ប្រើ​សំរាប់​ផលិត​ថ្នាំញៀន​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយ​ការចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់ កាលពី​ថ្ងៃ​ចន្ទ​។​បុរស វ័យ​២៨​ឆ្នាំ​នេះ​បាន​ទិញ​ថ្នាំញៀន​នៅ​ក្រុង​បាងកក​និង​ប៉ូលិស​បាន​ឆែក​​មើល​បន្ទប់​របស់​ជន​នេះ​ហើយ​បាន​ឃើញ​ថ្នាំ​កេតា​មីនលា​ក់​ក្នុងចាន​គោះ​បារី​ចំនួន​៣៩ សរុប​ជាង​៥​គីឡូក្រាម​។​ថ្នាំញៀន​ទាំង​នេះ​ត្រូវ​គេ​គ្រោង​នាំចេញ​ទៅ​ក្រៅប្រទេស​។​

​ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន បុរស​នេះ​បាន​ឆ្លើយថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​អ្នកចំរៀង​ខាងលើ​។​

​ប៉ូលិស​បាន​អោយដឹងថា ប្តី​ប្រពន្ធ​នេះ​បាន​លក់​ថ្នាំ​ទៅ​កាន់​ឈ្មួញ​លក់​បន្ត​អស់​ពេល​ជាង​មួយ​ឆ្នាំ​មកហើយ​។​ពួក​គេ​រង​ការចោទប្រកាន់​ពី​បទ​ផលិត រក​និង​ជួញដូរ​ថ្នាំញៀន​៕​ប្រែ​សម្រួល​៖​វាសនា​

ព្រី​សាណា ប្រាយ​ស៊ែ​ង (​ឆ្វេង​)​និង​ប្តី ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ជួល​មួយ​កាលពី​យប់​ថ្ងៃ​ចន្ទ