ចាប់ខ្លួន​អ្នកបើក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ជប៉ុន​ម្នាក់ បន្ទាប់ពី​ផឹក​គ្រឿង​ស្រវឹង​ហួស​កម្រិត​កំណត់ ១០ ដង

639
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​វិច្ឆិកា​ថា អ្នកបើក​យន្ដហោះ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ជប៉ុន (JAL) មួយរូប ត្រូវបាន​ចាប់ខ្លួន មុនពេល​ការហោះហើរ​របស់ខ្លួន បន្ទាប់ពី​ត្រូវបាន​គេ​រកឃើញថា​សេព​គ្រឿង​ស្រវឹង​ហួស​កម្រិត​កំណត់​ដល់​ទៅ ១០ ដង​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា ការធ្វើ​តេស្ត​លើ​បុរស​ម្នាក់​នោះ ដែល​ត្រៀម​បើក​យន្តហោះ បាន​បង្ហាញថា មាន​ជាតិ​អាល់កុល ១៨៩ មិ​ល្លី​ក្រាម​ក្នុង ១០០ មិ​លី្ល​លីត្រ​នៃ​ឈាម គឺ ហួស​កម្រិត​កំណត់​ស្ទើរតែ ១០ ដង​នៃ​កម្រិត​ស្របច្បាប់ ២០ មិ​ល្លី​ក្រាម​សម្រាប់​អ្នកបើកបរ​។​

​ទូរទស្សន៍ NHK របស់​ជប៉ុន​បាន​និយាយថា អ្នកបើកបរ​រថយន្ដ​ក្រុង​សម្រាប់​ដឹក​បុគ្គលិក​យន្តហោះ​បាន​រាយការណ៍​អំពី​លោក កាតស៊ូ​តូ​ស៊ី ជី​តស៊ូ​កា​វ៉ា (Katsutoshi Jitsukawa) ទៅ​ប៉ូលិស បន្ទាប់ពី​ធុំក្លិន​ស្រា​ឡើង​ង៉ោង​ចេញពី​ខ្យល់​ដង្ហើម​របស់គាត់​។ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន គាត់​ត្រូវបាន​តម្រូវឱ្យ​ធ្វើតេស្ត​ឈាម ដែល​បង្ហាញ​ពី​កម្រិត​ជាតិ​អាល់កុល​របស់គាត់​។​

​បុរស​អាយុ ៤២ ឆ្នាំ​រូបនេះ​បាន​សារភាពថា​គាត់​បាន​ផឹកស្រា​២​ដប​និង​ស្រា​បៀរ​មួយ​កំប៉ុង​នៅពេល​យប់​។ គាត់​ត្រូវបាន​គេ​ឃុំឃាំង​រហូតដល់​ថ្ងៃទី ២៩ វិច្ឆិកា​។​

​តាម​សេចក្តីរាយការន៍ លោក ជី​តស៊ូ​កា​វ៉ា បាន​ជាប់​ការធ្វើ​តេស្ត​ដង្ហើម​ញឹកញាប់ ដែល​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រដ្ឋ JAL បាន​និយាយថា គាត់​មិន​ជឿថា​ការធ្វើ​តេស្ត​ត្រូវបាន​ធ្វើឡើង​ត្រឹមត្រូវ​នោះទេ​។ ការហោះហើរ​ត្រូវបាន​ពន្យារពេល​ជាង​មួយ​ម៉ោង​។​

​ក្រុមហ៊ុន JAL បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា “​ក្រុមហ៊ុន​សុំទោស​ដល់​អ្នកដំណើរ​ដោយស្មោះ​និង​ចំពោះ​អ្នក​ទាំងឡាយ ដែល​រង​ផលប៉ះពាល់​ពី​ទង្វើ​របស់​បុគ្គលិក​ម្នាក់​នេះ​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន JAL បាន​សុំទោស​អ្នកដំណើរ បន្ទាប់ពី​អ្នកបើក​យន្តហោះ​របស់ខ្លួន​ផឹក​គ្រឿង​ស្រវឹង និង​បង្ក​ការពន្យារពេល​ហោះហើរ