ចាប់ខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​និង បក្ខពួក​ព្រមទាំង​រថយន្ត​ជាង​៤០​គ្រឿង​

727
ចែករម្លែក
ចាប់ខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កម្លាំង​អាវុធហត្ថ​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី ដោយបាន​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​បីនាក់​, រឹបអូស​រថយន្ដ​ជាង​៤០​គ្រឿង ត្រៀម​បំផ្លាញចោល​នៅនឹងកន្លែង ។​ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី បានធ្វើ​ប្រព្រឹត្តិ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយ​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​


​ក្នុងពេល បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន ,​មេការ​ពី​រេ​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​។​


​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃនេះ​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ ដែលមាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករថយន្ត ព្រមទាំង​រថយន្ដ​ជាង​៤០​គ្រឿង​។​រថយន្ដ​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មូ​ញ​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​។


​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បានបញ្ជាក់​ទៀតថា រថយន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​បំផ្លាញចោល​នៅ​ទីនោះ​តែម្ដង​។​អ្នកនាំពាក្យ​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាក់​ជាមិនខាន​ឡើយ​។​


​សូមបញ្ជាក់ថា ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នេះ បាន​កើង​មាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅ​អំពី​ឧកញ៉ា​ស៊ឹង សំអុល នៅមាន​ឧកញ៉ា​គ្រាក់ៗ​ច្រើន​រូប​ទៀត​កំពុង​សំងំ​រកស៊ី​ជួញដូរ​ឈើ​នៅ​មូលដ្ឋាន​ស្រុក​កោះ​ញែក ដោយ​ប្រើ​រូបភាព​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​និង​ដេញថ្លៃ​ផល​អនុផល​ព្រៃឈើ​ថែម​ទៀតផង​៕​សរន