ចាប់ខ្លួន​៦​នាក់ ករណី​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ពេល​ចុះទៅ​អន្ដរាគមន៍​ឲ្យ​បើកផ្លូវ​ជាតិ​លេខ​៤ ព្រឹក​ថ្ងៃទី​១៩​ខែមេសា

289
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានបញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​ថា នៅពេលនេះ កម្លាំង​នគរបាល​របស់លោក បាន​ចាប់​ខ្លូន​មនុស្ស​៦​នាក់ ដែល​បាន​ដឹកនាំ​និង​ចូលរួម​ប្រើ​ហិង្សា​ទៅលើ​មន្ដ្រីនគរបាល និង​ប្រជា​ការពារ នៅពេលដែល​កងកម្លាំង​បាន​ចុះទៅ​អន្ដរាគមន៍ ឲ្យ​ពួកគេ​បើកផ្លូវ​ជាតិ​លេខ​៤​ឡើងវិញ ដោយ​ពួកគាត់​យក​ដុំថ្ម និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវជាតិ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ប្រហែល​១​ម៉ោង​។​

​ការចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​នេះ ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ ៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​ឃាត់ខ្លួន​២​នាក់​កាលពី​ម្សិលមិញ សរុប​រហូត​ដល់ពេល​នេះ ឃាត់ខ្លួន​ចំនួន​៨​នាក់​ហើយ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ចាត់ទុកថា គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិនអាច​លើកលែង​ឲ្យ​បាន នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តែម្ដង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ពេលដែល​កម្លាំង​របស់​យើង និង​ប្រជា​ការពារ​ចុះទៅ​សម្របសម្រួល និង​រើស​ដុំថ្ម​ចេញពី​ផ្លូវជាតិ​ស្រាប់តែ ប្រជាពលរដ្ឋ​ទាំងនោះ បាន​គប់​ដុំថ្ម​ទៅលើ​ពួកគេ​បណ្ដាល​ឲ្យ​មន្ដ្រីនគរបាល​របស់​យើង​៤​នាក់ និង​ប្រជា​ការពារ​២​នាក់ រងរបួស​បែកក្បាល ហើយ​រថយន្ដ​៣​គ្រឿង បាន​រង​ការខូចខាត​ផងដែរ​”​។​

​សូមបញ្ជាក់ថា​នេះ​ជា​ថ្ងៃទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​បាននាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ខឹង​អាជ្ញាធរ​ចុះទៅ​រុះរើ​ខ្ទម និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួកគាត់ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ដែល​សង់​លើដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ កាលពី​ម្សិលមិញ​ជាង​៦០០​ខ្នង​។​

​ជាមួយគ្នានេះ ចំពោះ​ហេតុការណ៍​នេះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ផងដែរ រួមមាន​៖ ឈ្មោះ ខ្លូត តុ​សិ​តា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ​មុខរបរ​មេផ្ទះ ស្នាក់នៅ​បណ្ដោះអាសន្ន​ដូច​កន្លែងកើតហេតុ ដែល​ត្រូវ​ឃាត់ខ្លួន ដោយសារ​ការ​គប់​ដុំថ្ម និង​ប្រើ​ដំបង​វាយ​លើ​កំលាំង​សមត្ថកិច្ច​ចំរុះ​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​នាក់ និង​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ កែវ សាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មានមុខរ​បរជា​អ្នកនេសាទ នៅ​ស្រុក​ព្រៃនប់ ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​បិទផ្លូវ​។​

​ក្រុម​អ្នកឃ្លាំមើល​ព្រឹ​ត្ត​ការណ៍​សង្គម​បាន​លើកឡើងថា ពិតជា​ស្មាន​មិន​ដល់​មែន ពេលនេះ​សមត្ថកិច្ច​បាន​បញ្ចេញ​សកម្មភាព​ទន់ភ្លន់​អត់ធ្មត់ នៅ​ព្រឹ​ត្ត​ការណ៍​ចំពោះមុខ លើសពី​ការ​ស្មាន ទោះបី​មានការ​វាយប្រហារ​ហឹ​ង្សា​តាម​ពាក្យសម្តី​ជេ​ប្រមាថ គប់​ដុំថ្ម បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ហូរឈាម ជោក​ខ្លួន​យ៉ាងណាក្តី​នេះ​បញ្ជាក់ថា ជាការ​ជោគ​ជ​យ័​ដ៏​ធំធេង​ក្នុងការ​អនុវត្តន៍​ច្បាប់​៕

#