ចាប់ខ្លួន យាយតា ដែលដើររៃអង្គាស បោកយកប្រាក់ក្រោមរូបភាពបុណ្យនេះបុណ្យនោះ

195
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ជនសង្ស័យ យាយនិងតា ដែលតែងដើររ៉ៃអង្គាសប្រមូលប្រាក់ពីគ្រប់ទិសទី គ្រប់រដូវកាល ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ ក្រោយពួកគេ ប្រើប្រាស់លិខិតក្លែង ដើររៃអង្គាស បោកយកប្រាក់ ពីពលរដ្ឋ។

របាយការណ៍របស់នគរបាល បង្ហាញថាជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះសន សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ។ជននេះបានយកក្រដាស កម្មវិធីបុណ្យកឋិនទាន ដង្ហែរទៅកាន់វត្ត រតនះទ្វីបកែវកំបោរ ដើរ៉ៃអង្គាសបោកពលរដ្ឋ។ ឯកម្មវិធីបុណ្យប្រារព្ធធ្វើនៅវត្តស្វាយរមៀតនៃក្រុងសៀមរាប។

របាយការណ៍បង្ហាញទៀតថា ខណៈពេល ជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាព ក៏មានលោកគ្រូព្រះនាម នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀត បាននិមន្តមកមុខអង្គរវត្ត ក៏ប្រទះឃើញ ជនសង្ស័យ ដើរកាន់លិខិតបុណ្យ រៃអង្គាសប្រាក់ ពីភ្ញៀវ នៅមុខប្រាសាទអង្គរ។

ពេលនោះ ព្រះចៅអធិការខាងលើ ក៏បានពិនិត្យមើល លិខិតបុណ្យ ហើយក៏មានកម្មវិធីបុណ្យ នៅវត្តស្វាយរមៀត ដូចក្រដាស់បុណ្យ របស់ជនសង្ស័យ ដែរ។ តែក្រដាស កម្មវិធីបុណ្យ របស់ជនសង្ស័យ អ្នកផ្តើមបុណ្យ សុទ្ធសឹង តែព្រះចៅអធិការ មិនដែលស្គាល់។

ដោយឃើញ លិខិតបុណ្យ មិនប្រក្រតី បែបនេះ ព្រះចៅអធិការ ក៏បានរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគន៍ និងឈានដល់ឃាត់ខ្លួន។ ក្រោយពីសាកសួរ ជនសង្ស័យ បានសារភាពថា កន្លងមក ខ្លួនពិត ជាបានយកលិខិត កម្មវិធីបុណ្យក្លែងបន្លំ រៃអង្គាស យកប្រាក់ ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី៣ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃចាប់ខ្លួន។ ប្រាក់ដែលបានពីការរៃអង្គាសនេះ គឺប្រហែល៣០ម៉ឺនរៀល និងយកចាយវាយផ្ទាល់ខ្លួន ១៥ម៉ឺនរៀល ឯ១៥ម៉ឺនរៀលទៀតខ្លួន ប្រគល់ឲ្យបក្ខពួក ដែលទី១ឈ្មោះ អឹម សីហា ហៅសង្ហា ភេទប្រុសអាយុ៥៥ឆ្នាំ ទី២ឈ្មោះ យ៉ុន កៀ ភេទប្រុសអាយុ ៦០ឆ្នាំ និងទី៣ ឈ្មោះ ឌី សាន ភេទស្រី អាយុ ៥៥ឆ្នាំ ស្នាក់បន្ទប់ជួលក្បែរគ្នា ក្នុងក្រុងសៀមរាប។

ជនសង្ស័យ បានសារភាពទៀតថា សំបុត្របុណ្យនេះ មិនដឹង ឈ្មោះអ្នកទាំង៣ខាងលើបានមកពីណានោះទេ ហើយក៍មិនបានដឹងថា អ្នកណាជាអ្នកធ្វើនោះដែរ។ តែខ្លួនបានសំបុត្របុណ្យនេះ ពីអ្នកទាំង៣ ខាងលើ។ ជនសង្ស័យថា ពួកខ្លួនគឺជាពលរដ្ឋ ដែលមិនមានតួនាទីអ្វី ក្នុងវត្តស្វាយរមៀត នឹងវត្តកំបោរឡើយ ប៉ុន្តែនៅពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានជួប ព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀតផ្ទាល់តែម្តង។

របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួន សង្ស័យខាងលើបានម្នាក់រួចមក នៅថ្ងៃបន្ទាប់ សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះឌី សាន ដែលជាបក្ខពួក យកមកសាកសួរ។ ស្ត្រីឈ្មោះឌី សាន បានសារភាព ប្រាប់សមត្ថកិច្ចថា កន្លងមកខ្លួន ពិតជា បានយកលិខិត កម្មវិធីបុណ្យ ក្លែងបន្លំរៃអង្គាស យកប្រាក់ ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែឆ្នាំ២០១៩។ ដោយបានប្រាក់សរុបចំនួន៣០ម៉ឺនរៀល។ ហើយបានយកមក ចាយផ្ទាល់ខ្លួចំនួន១០ម៉ឺនរៀល ចំណែកប្រាក់២០ម៉ឺន រៀលទៀត ខ្លួនប្រគល់ឲ្យឈ្មោះ អឹម សីហា ហៅសង្ហា។ ចំណែកសំបុត្របុណ្យគឺឈ្មោះ អឹម សីហា ហៅសង្ហា ជាអ្នកធ្វើឲ្យពួកខ្លួន ដើររៃអង្គាស។

សូមបញ្ជាក់ថាជនសង្ស័យ ត្រូវបានចាប់ខ្លួនកាលថ្ងៃទី២៥ខែតុលា ឆ្នាំ ២០១៩ នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក្នុងគ្រាដែលពួកគេកំពុងធ្វើសកម្មភាពបោកប្រាស់ ចែកសំបុត្រសុំលុយ។ ចំពោះជនផ្សេងទៀត សមត្ថកិច្ចកំពុងតាមស្រាវជ្រាវបន្ត។

សូមរំលឹកថា កន្លងទៅនៅក្រុងសៀមរាប តែងតែឃើញ តាជី យាយជី មួយចំនួន បានដើររៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋ តាមផ្ទះ តាមផ្សារ និងតាមភោជនីយដ្ឋាននានា ដោយប្រើរូបភាព សំបុត្របុណ្យ ផ្សេងៗ។ ប៉ុន្តែ សកម្មភាពទាំងនេះ មិនត្រូវបានទទួលរង ពីការបង្ក្រាបរបស់សមត្ថកិច្ចនោះទេ ដែល មើលទៅពួកគេ ហាក់មានសំណាងរហូត។ ចឹងទេប្រជាពលរដ្ឋ ដែលជួបហេតុការណ៍បែបនេះ សូមមេត្តាពិនិត្យឲ្យបាន ម៉ត់ចត់ ចៀសវាង ការចាញ់បោកក្រុមជនខាងលើ ដោយប្រការណាមួយជាបន្តទៀត៕B/