ចាប់ថៃនិងតៃវ៉ាន់១៨នាក់ ពាក់ព័ន្ធជំរិតឆបោកតាមទូរស័ព្ទ

2799
ចែករម្លែក

ជនជាតិថៃ១៦នាក់និងចិនតៃវ៉ាន់២នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងការឆ្មក់ចូលចាប់មួយដោយប៉ូលិសវៀតណាមសហការជាមួយប៉ូលិសថៃនៅក្រុងហូជីមិញលើក្រុមបោកប្រាស់តាមទូរស័ព្ទដែលដឹកនាំដោយក្រុមជនជាតិចិនតៃវ៉ាន់មួយ ដែលបានផ្តោតលើជនរងគ្រោះថៃនិងធ្លាប់បោកប្រាស់បានប្រាក់ជាង៥០លានបាតក្នុងរយៈពេល២ខែ។

ប្រតិបត្តិការរួមគ្នាកាលពីថ្ងៃសុក្រទី២៤សីហា កើតឡើងបន្ទាប់ពីមានព័ត៌មានមួយថា ក្រុមឆបោកតាមទូរស័ព្ទតៃវ៉ាន់មួយ កំពុងតាមប្រមាញ់ជនជាតិថៃដែលធ្វើការរកស៊ីនៅក្រុងហូជីមីញអស់ពេលប្រមាណ២ខែមកហើយនិងបានបង្រៀនជនជាតិថៃជាច្រើននាក់ទៀតអោយចេះទូរស័ព្ទចេញពីវៀតណាមទៅកាន់គ្រួសារជនរងគ្រោះនៅថៃ។

សរុបជនសង្ស័យ១៨នាក់ត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលឆ្មក់ចាប់នៅខុនដូចំនួន៤ ដែលសុទ្ធតែបំពាក់ដោយកាមេរ៉ាសន្តិសុខ។ប៉ូលិសបានរកឃើញកុំព្យូទ័រជាច្រើនគ្រឿង ទូរស័ព្ទដៃ សៀវភៅធនាគារនៅក្នុងបន្ទប់របស់ពួកគេ។ក្នុងចំណោមជនសង្ស័យ១៨នាក់ មានជនជាតិថៃ១៦នាក់ដែលគ្រប់គ្រងដោយចិនតៃវ៉ាន់២នាក់។ពួកគេមានភារកិច្ចទូរស័ព្ទទៅបោកជនរងគ្រោះនៅថៃអោយផ្ញើលុយមកកាន់ក្រុមនេះ។

ការស៊ើបអង្កេតបានរកឃើញថា ក្រុមនេះបានធ្វើសកម្មភាពបានប្រមាណ២ខែនិងប្រមូលបានប្រាក់ជាង៥០លានបាត។ជនរងគ្រោះចុងក្រោយជាអ្នករស់នៅក្រុងបាងកកដោយផ្ទេរប្រាក់៨សែនបាតមកអោយក្រុមនេះ។

ជនសង្ស័យទាំងអស់ត្រូវវៀតណាមចាប់សួរចម្លើយ ហើយជនជាតិថៃ១៦នាក់នឹងត្រូវបញ្ជូនមកប្រឈមទោសនៅថៃនៅសប្តាហ៍ក្រោយ៕ដោយ៖វាសនា

ប្រតិបត្តិការរួមគ្នា បានឆ្មក់ចូលចាប់ជនសង្ស័យនៅ៤ខុនដូ និងចាប់បានជនសង្ស័យ១៨នាក់កាលពីថ្ងៃសុក្រទី២៤សីហានៅក្រុងហូជីមីញ