ចាប់បញ្ជូន​កម្មករ​ធ្វើ​ដំឡូង​ម្នាក់​ពីបទ​លួច​គោ​ទៅ​តុលាការ​

724
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ​សមត្ថកិច្ច​ស្រុក​អង្គរជុំ​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​អង្គរធំ​និង​ប្រជា​ការពារ​ភូមិ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កម្មករ​ធ្វើ​ដំឡូង​ម្នាក់​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​លួច​សត្វ​គោ​មេ​មួយ​ក្បាល​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។

​ហេតុការណ៍​នេះ បាន​កើតឡើង​ស្ថិតនៅ​ចំណុច​អូ​តា​លាវ ស្ថិតនៅ​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៧​ឥ​ខែឧសភា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​និយាយ​ឱ្យដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ចាន់ ផន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កំ​ប្លើ​ប ឃុំ​គោក​ដូង ស្រុក​អង្គ​ជុំ ខេត្តសៀមរាប បានមក​រាយការណ៍​ថា រូបគាត់​បាន​បាត់គោ​មេ​មួយ​ក្បាល ដែល​ត្រូវ​ចោរលួច​យកទៅ​បាត់ នៅ​ចំណុច​អូ​តា​លាវ ស្ថិតនៅ​ភូមិ​ដូន​អែម ឃុំ​គោ​ដូង ស្រុក​អង្គរជុំ​។​

​សមត្ថកិច្ច​បាន​បញ្ចាក់​ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​រួចមក សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន ស្ថិតនៅ​ចំណុច​ភូមិ​ប្រសាទ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប ហើយ​បាន​បញ្ជូន​មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ វិញ ដើម្បី​ធ្វើការ​សាកសួរ រួច​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​។

​ជនសង្ស័យ​មានឈ្មោះ អ៊ា អ៊ា​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​រើ​ល ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប (​មុខរបរ កម្មករ​ធ្វើ​ដំឡូង​)​ប្រពន្ធ​ឈ្មោះ ពឿ​ត សូ អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់​ស្រី​ក្នុងបន្ទុក​។​ក្រោយពី​ការសាកសួរ​ជនសង្ស័យ បាន​សារភាពថា ខ្លួនគេ ពិតជា​បាន​លួច​គោ របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ចោទប្រកាន់​តាម​នីតិវិធី​ច្បាប់​៕S/

​រូបភាពៈ ឃាត់ខ្លួន​កម្មករ​ធ្វើ​ដំឡូង​ម្នាក់​ពីបទ​លួច​គោ បញ្ជូនទៅ​តុលាការ​៕​គូលែន​