ចាប់បាន​គ្រឿងញៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី បន្ទាប់ពី​អាជ្ញាធរ​រឹបអូស​គ្រឿងញៀន​ទម្ងន់​ជិត​៤​តោន​

264
ចែករម្លែក

​ថ្នាំញៀន​កេ​តា​មីន​និង​កូកាអ៊ីន​តម្លៃ​ជាង​កន្លះ​ពាន់​លាន​រីង​ហ្គី​ដ​ត្រូវបាន​រឹបអូស​នៅក្នុង​ប្រតិបត្តិការ​រួមគ្នា​រវាង​ប៉ូលិស​ម៉ាឡេស៊ី​និង​នាយកដ្ឋាន​គយ​នៅ​តំបន់ ពោ​សាត់​ភើ​ដា​ហ្គា​ន​ហ្គា​ន​អា​ឡាំ​ជ្វា នៅ​ទីប្រជុំជន ពុន​កាក់​អា​ឡាំ​។​

​ជាការ​បង្ក្រាប​គ្រឿងញៀន​ធំ​បំផុត​រហូតមកទល់​ប​ច្ចុ​ប្បន្ន កូកាអ៊ីន​ជាង ៣ តោន​កន្លះ និង​កេ​តា​មីន​កន្លះ​តោន​ត្រូវបាន​រឹបអូស​ក្នុងអំឡុង​ការ​ឆ្មក់​បង្ក្រាប​រួមគ្នា​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋ​គូ​ឡា​សេ​ឡាន់​ហ្គ័​រ​បាន​បង្ហោះ​សារ​មួយ​នៅ​ម៉ោង​ប្រហែល ៦ ល្ងាច​ថ្ងៃ​ចន្ទ ទី​១៩ សីហា ដោយ​និយាយថា អាជ្ញាធរ​បាន​រកឃើញ​ថ្នាំ​កេ​តា​មីន​ចំនួន ៥០០ គីឡូក្រាម​និង​កូកាអ៊ីន​ចំនួន​ជាង ៣,២៣ តោន​ដែលមាន​តម្លៃ​ជាង ៦៧៦ លាន​រីង​ហ្គី​ដ (១៦១ លាន​ដុល្លារ​)​។​

​តាម​ដឹងថា​ក្រុមការងារ​នៃ​ផ្នែក​ពង្រឹង​នាយកដ្ឋាន​គយ​និង​បុគ្គលិក​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​សហព័ន្ធ​បាន​ចាប់ខ្លួន​បុរស​ក្នុងស្រុក​៤​នាក់ និង​បុរស​បរទេស ៩ នាក់ បន្ទាប់ពី​បាន​ឆ្មក់​ចូល​ហាង​មួយ​នៅ​ផ្លូវ Jalan PPAJ 1/1 នៃ​តំបន់​ពោ​សាត់​ភើ​ដា​ហ្គា​ន​ហ្គា​ន​អា​ឡាំ​ជ្វា នៅ​ម៉ោង​ប្រហែល ៤ និង ៣០ នាទី​ល្ងាច​ថ្ងៃអាទិត្យ ទី ១៨ សីហា​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក្រុម​នេះ​ត្រូវបាន​នាំ​ផ្លូវ​ដោយ​ជនសង្ស័យ​ពីរ​នាក់​ទៅកាន់​ហាង​លក់ទំនិញ​មួយកន្លែង​ទៀត​នៅ​ផ្លូវ Jalan Musytari U5/AN កន្លែង​ដែល​ពួកគេ​បាន​រកឃើញ​ឥដ្ឋ​បង្ហាប់​ជាង ៣ តោន ដែល​គេ​ជឿថា​ជា​កូកាអ៊ីន​។​

​តាម​ដឹង ជនសង្ស័យ​ទាំងអស់​និង​វត្ថុតាង​ដែល​បាន​រឹបអូស ត្រូវបាន​យកទៅ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស​ម៉ាឡេស៊ី​ប្រចាំ​រដ្ឋ​គូ​ឡា​សេ​ឡាន់​ហ្គ័​រ ដើម្បី​ចាត់ការ​បន្ត​។​

​ករណីនេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត ខណៈ​ការជួញដូរ​គ្រឿងញៀន​ក្រោម​មាត្រា ៣៩B នៃ​ច្បាប់​គ្រឿងញៀន​គ្រោះថ្នាក់​ឆ្នាំ ១៩៥២ អនុវត្ត​ទោស​ប្រហារជីវិត​ជា​ចាំបាច់ នៅពេល​ផ្តន្ទាទោស​៕ ដោយ៖ កញ្ញាដាលីស

គ្រឿងញៀន​ជិត​៤​តោន​ត្រូវបាន​រឹបអូស​កាលពី​ថ្ងៃ​ចន្ទ​នៅ​ម៉ាឡេស៊ី
#