ចាប់បាន​ទាំង​លានៗ​គ្រាប់​តែ​ពួក​ឈ្មួញ​នៅតែ​សំរុក​នាំចូល​​រាល់ថ្ងៃ ឥឡូវ​តម្រួត​ថៃ​ចាប់ផ្តើម​បាញ់សម្លាប់​តែម្តង​

721
ចែករម្លែក

អ្នកដឹកជញ្ជូនថ្នាំញៀនម្នាក់ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃអង្គារទី៤ធ្នូនៅស្រុកមួយក្នុងខេត្តឈៀងរ៉ៃភាគខាងជើងខណៈជននេះបាញ់សមត្ថកិច្ចនិងព្យាយាមរត់គេចខ្លួន។

ពួកមន្រ្តីបាននិយាយថា ថ្នាំញៀនគ្រាប់ប្រភេទមេតំហ្វេតាមីន៦,១លានគ្រាប់ នៅក្នុងបាវ៣០ត្រូវបានរកឃើញនៅក្នុងរថយន្តពិកអាប់របស់ជនឈ្មោះ អានូចា ផាគិត ឧត្តមជាអ្នកស្រុកក្នុងខេត្តជាប់ព្រំដែននេះ។

ពួកមន្រ្តីយាមរថយន្តពិកអាប់ម៉ាក Mitsubishi និងថ្នាំញៀនជាង៦លានគ្រាប់ នៅស្រុកដយ លួង ខេត្តឈៀងរ៉ៃ កាលពីព្រឹកថ្ងៃ៤ធ្នូ

បើតាមប៉ូលិស ពួកខ្លួនបានអោយសញ្ញារថយន្តសង្ស័យឈប់ តែអ្នកបើកបរបានបាញ់ដាក់ក្រុមទាហាននិងប៉ូលិស ហើយព្យាយាមរត់គេច។ក្រោយការបាញ់តគ្នា អានូចា បានត្រូវគ្រាប់ដួលស្លាប់ តែជនសង្ស័យផ្សេងទៀតដែលធ្វើដំណើរជាមួយគ្នាបានគេចខ្លួនអស់។

កាលពីថ្ងៃសៅរិ៍ទី១ធ្នូ ជនស៊ីឈ្នួលជញ្ជូនថ្នាំញៀនចំនួន៥នាក់ក៏ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាមួយទាហាននៅក្នុងស្រុកមួយជាប់ព្រំដែនមីយ៉ាន់ម៉ា ក្នុងខេត្តឈៀងរ៉ៃ។ថ្នាំញៀនមេតំហ្វេតាមីន ១លានគ្រាប់ត្រូវបានរឹបអូសផងដែរ។

ក្នុងការឃាត់ឆែកឆេរនៅចម្ងាយ៧០០ម៉ែត្រពីព្រំដែននេះ ជនល្មើសបានដើរស្ពាយសាក់កាដូតាមផ្លូវព្រៃនិងត្រូវបានទាហានឃាត់ឆែកតែពួកគេបានបាញ់មកលើសមត្ថកិច្ចនិងការបាញ់គ្នាបានចំណាយពេលអស់១៥នាទី ។ព្រឹកឡើងនៅថ្ងៃអាទិត្យ ទាហានរកឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណ៥នាក់ ដែលត្រូវគេជឿថាជាជនកុលសម្ពន្ធមកពីម្ខាងនៃព្រំដែន។សាក់កាដូ៥ មួយៗផ្ទុកថ្នាំញៀន២០០.០០០គ្រាប់ ក៏ត្រូវបានរកឃើញនៅជិតសាកសព។

សូមបញ្ជាក់ថា ថ្នាំញៀនក្នុងបរិមាណច្រើនៗបាននិងកំពុងលួចនាំចូលកាត់ព្រំដែនថៃ-មីយ៉ាន់ម៉ានិងឡាវ ក្នុងខេត្តឈៀងរ៉ៃនិងឈៀងម៉ៃ ជាហេតុនាំអោយមានការប៉ះទង្គិចដោយអាវុធជាញឹកញាប់។

កាលពីចុងខែមុន ​ជនសង្ស័យ​ជា​អ្នកជួញដូរ​ថ្នាំញៀន​២​នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន​និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​៥​លាន​គ្រាប់​ត្រូវ​ចាប់បាន​ពី​រថយន្ត​មួយ​បាំង​កន្លះ​(​ពិ​ក​អាប់​)​របស់គេ​ក្រោយ​​ការបើក​ដេញតាម​នៅក្នុង​ស្រុង​សុង ក្នុង​ខេត្ត​ព្រះ​កាលពី​ថ្ងៃ​សៅ​រិ៍​។​

​ក្រោយ​ត្រូវ​ចាប់ខ្លួន ជនសង្ស័យ បាន​និយាយថា​ខ្លួន​ត្រូវបាន​គេ​ជួល​អោយ​ដឹកជញ្ជូន​ថ្នាំញៀន​ពី​ខេត្ត​ឈៀង​រ៉ៃ​មកកាន់​ក្រុង​បាងកក​៕ដោយ:វាសនា

រថយន្តនិងថ្នាំញៀនដែលអាជ្ញាធរថៃបង្រ្កាបកាលពីសប្តាហ៍មុននៅជិតព្រំដែនខាងជើង