ចាប់ផ្ដើម​ប្រកួត​អត្តពលកម្ម​ជើងឯក​ជាតិ​ឆ្នាំ​២០១៧

119

(​ភ្នំពេញ​): ការប្រកួត​កីឡាអត្តពលកម្ម​ជើងឯក​ជាត​ឆ្នាំ​២០១៧ បានចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៦​ធ្នូ ដែល​វិញ្ញាសា​ប្រកួត​មុនគេ​នោះ គឺ​រត់​៨០០​ម៉ែត្រ​បុរស​-​នារី និង​រត់​១០០​ម៉ែត្រ​បុរស​-​នារី​។​

​លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ឲ្យ​ដឹងថា មាន​កីឡាករ​-​កីឡាការិនី​ចំនួន​១១៦​នាក់ មកពី​១៣​រាជធានី​-​ខេត្ត និង​ក្រសួង​២ គឺ​ក្រសួងការពារជាតិ និង​មហាផ្ទៃ​ចូលរួម​។ លោក​បញ្ជាក់ថា ប្រសិនបើ​លោក​ពន្យារពេល​តែ​បន្តិច​នោះ នឹងមាន​ខេត្ត​មួយចំនួនទៀត​ចូលរួម​បន្ថែម តែ​លោក​ចង់​ឲ្យ​ខេត្ត​ទាំងនោះ ចេះ​គោរព​ពេលវេលា ព្រោះ​លោក​បានដាក់​កាលបរិច្ឆេទ​ឲ្យ​ច្បាស់លាស់​ហើយ​។​

​ចំពោះ​លទ្ធផល នៃ​ការប្រកួត​វិញ្ញាសា​រត់​៨០០​ម៉ែត្រ​នោះ សម្រាប់​នារី​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី នួន ចរណៃ រាជធានី​ភ្នំពេញ រត់​ក្នុង​ថិរវេលា​២​នាទី​៤៥​វិនាទី​។ ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី ប៉ែន លក្ខិណា មកពី​ខេត្តកំពង់ឆ្នាំង រត់​ក្នុង​ថិរវេលា​៣​នាទី​០៧​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី ចាន់ សារ៉េត មកពី​ក្រសួងមហាផ្ទៃ​រត់​ក្នុង​ថិរវេលា​៣​នាទី​១១​វិនាទី​។​

​រត់​៨០០​ម៉ែត្រ​បុរស​វិញ​នោះ ចំណាត់ថ្នាក់​លេខ​១ កីឡាករ ឈុន ប៊ុនថន មកពី​ខេត្តស្ទឹងត្រែង រត់​ក្នុង​ថិរវេលា​២​នាទី​០០​វិនាទី​។ ចំណាត់ថ្នាក់​លេខ​២ កីឡាករ សាត ឧ​ត្ត​ម មកពី​ក្រសួងមហាផ្ទៃ​រត់​ក្នុង​ថិរវេលា​២​នាទី​០៧​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាករ ឱក រ៉ូ​ហ៊ី​ត មកពី​ខេត្តសៀមរាប រត់​ក្នុង​ថិរវេលា​២​នាទី​១១​វិនាទី​។​

​វិញ្ញាសា​រត់​ល្បឿន​លើ​ផ្ទៃរាប​នារី​ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី ប៉ែន សីហា រាជធានី​ភ្នំពេញ​រត់​ក្នុង​ថិរវេលា​១២​វិនាទី​៩៦​។ ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី ហៃ ស៊ូ​ម៉ី ខេត្តបាត់ដំបង​រត់​ក្នុង​ថិរវេលា​១៣​វិនាទី​៧៧ និង​ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី ឈិ​ត ចិន្ដា ខេត្តតាកែវ រត់​ក្នុង​ថិរវេលា​១៤​វិនាទី​១២​។​

​រត់​ល្បឿន​១០០​ម៉ែត្រ បុរស ចំណាត់ថ្នាក់​លេខ​១ កីឡាករ ទត សា​លីន រាជធានី​ភ្នំពេញ រត់​ក្នុង​ថិរវេលា​១១​វិនាទី​១៦​។ ចំណាត់ថ្នាក់​លេខ​២ កីឡាករ ង៉ែត ភា​រ័ត្ន ក្រសួងការពារជាតិ រត់​ក្នុង​ថិរវេលា​១១​វិនាទី​៤២​និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាករ សូ វេហា ខេត្តព្រៃវែង​រត់​ក្នុង​ថិរវេលា​១១​វិនាទី​៩៥៕L ដោយ​៖ រ៉ូ​ហ្សា​