ចាប់ផ្ដើម​វគ្គ​ជម្រុះ​នៅ​មណ្ឌល​ខេត្តសៀមរាប​

93

(​ភ្នំពេញ​): បន្ទាប់ពី​ប្រកួតរ​កជើង​ខ្លាំង​បាន​ចំនួន​២​មណ្ឌល​ហើយ​នោះ ព្រឹត្តិការណ៍ Sponsor Futsal Cup2017 ចាប់ផ្ដើម​ធ្វើការ​ប្រកួត​ជម្រុះ​នៅ​មណ្ឌល​ខេត្តសៀមរាប​បន្តទៀត​ហើយ នៅ​ចុង​សប្ដាហ៍​នេះ​។​

​ការប្រកួត​២​ថ្ងៃ គឺ​ថ្ងៃទី​៣០ និង ៣១​ធ្នូ​នោះ ធ្វើ​នៅ​ទីលាន​បាល់ទាត់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​។ លោក សឹម សាន​ត្រាន ដែលជា​អ្នកគ្រប់គ្រង និង​រៀបចំ​កម្មវិធី​ប្រកួត​នេះ បាន​ឲ្យ​ដឹងថា មណ្ឌល​ខេត្តសៀមរាប មាន​ក្រុមបាល់ទាត់​ចំនួន​៤០​ក្រុម​ចូលរួម​។​

​ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​ជម្រុះ (Knock-Out) គឺ​ក្រុម​ដែល​ចាញ់​ត្រូវតែ​ខ្ទាត​ចេញពី​ការប្រកួត ចំពោះ​ក្រុម​ដែល​ឈ្នះ​នៅសល់​៤​ក្រុម គឺ​បន្ត​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ ក្នុង​មណ្ឌល​។​

​សូម​បញ្ចា​ក់ថា ២​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺជា​ក្រុម​ដែល​បាន​ឡើងមក​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ឬ​វគ្គ​១០​ក្រុម​ចុងក្រោយ ដែល​សុទ្ធតែជា​ក្រុម​ឈ្នះ​ពី​ការប្រកួត​ជម្រុះ​នៅ​មណ្ឌល​ទាំង​៥​។​

​មណ្ឌល​ចំនួន ២ ដែល​បញ្ចប់​ការប្រកួត​ជម្រុះ​ហើយ​នោះ មាន​មណ្ឌល​រាជធានី​ភ្នំពេញ ដែល​មណ្ឌល​នេះ​មាន​ក្រុមបាល់ទាត់​ចូលរួម​ប្រកួត​ជម្រុះ​៤០​ក្រុម ហើយ​ក្រុម​លេខ ១ គឺ​ក្រុម​រ៉ូ​លីង​អេ​ហ្វ​ស៊ី ក្រុម​លេខ ២ គឺ​ហូ​ម​ស្ប៉ត​អេ​ហ្វ​ស៊ី​។​

​មណ្ឌល​ខេត្តបន្ទាយមានជ័យ ដែល​បានបញ្ចប់​វគ្គ​ប្រកួត​ជម្រុះ​ដែរ​ហើ យ​កាលពី​ថ្ងៃទី​២២ និង​២៣​ធ្នូ​នោះ មាន​៣២​ក្រុម​ចូលរួម​។ ២​ក្រុម​ដែល​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ គឺ​ក្រុម​ស៊ីសូផុន​អេ​ហ្វ​ស៊ី និង​ក្រុម​ចំណាត់ថ្នាក់​លេខ​២ គឺ​ក្រុម​ហ្វា​មី​លី​អេ​ហ្វ​ស៊ី​។​

​ក្រុម​ខ្លាំង​ទាំង​៤​ក្រុម​មកពី​២​មណ្ឌល​នេះ អង្គុយ​រង់ចាំ​៦​ក្រុម​ទៀត​មកពី​៣​មណ្ឌល គឺ​មណ្ឌល​ខេត្តសៀមរាប ខេត្តព្រៃវែង និង​ខេត្ត​ព្រះសីហនុ​។ ៤០​ក្រុម​នៃ​មណ្ឌល​ខេត្តសៀមរាប ក្រុម​ណា​ខ្លាំង​អាច​កក់​កៅអី​បាន​សម្រាប់​វគ្គ​១០​ក្រុម​ចុងក្រោយ​៕L ដោយ​៖ រ៉ូ​ហ្សា​