ចាប់ផ្តើមៈ​ថ្ងៃ១៣​កក្កដា​យុទ្ធនា​ការសំអាត​សំរាមពីក្រុងព្រះសីហនុ​

226
ចែករម្លែក
លោកគួចចំរើនអភិបាលខេត្តព្រះសីហនុពេលប្រកាសបើកយុទ្ធនាការសំអាតសំរាម

ដោយៈ​ប​.​ខុន​/​ព្រះសីហនុៈ​សំរាម​ដែល​មាននៅ​សេសសល់​តាម​ដងផ្លូវ​ទីសាធារណៈ​នានា​ក្នុង​ក្រុងព្រះសីហនុ​ជាច្រើន​ថ្ងៃខែ​មកហើយ​ត្រូវបាន​កើប​សម្អាត​ចេញ​អស់ នៅ​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បើក​យុទ្ធនាការ​សម្អាត​ទីក្រុង​ឱ្យបាន​ស្អាត​ឡើងវិញ​។​
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់ថា​ការប្រមូលផ្តុំ​កម្លាំង​និង​មធ្យោបាយ តាម​ការ​ស្ម​គ្រ័​ចិត្ត​ចូលរួម​ពី​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​ផ្នែក​ឯកជន​នៅថ្ងៃនេះ គឺ​ដើម្បី​ធ្វើការ​សម្អាត​សំរាម​ដែល​នៅសល់​យូរ​ច្រើន​ថ្ងៃខែ​មកហើយ នៅតាម​ផ្លូវ និង ទីសាធារណៈ​នានា​ក្នុង​ទីក្រុង​ឱ្យបាន​ស្អាត​ម្តង រួចហើយ​ប្រគល់​ឱ្យទៅ​ក្រុមហ៊ុន​ដែលមាន​ភារកិច្ច​ធ្វើការ​គ្រប់គ្រង​និង​សម្អាត​បន្ត​កុំឱ្យ​មាននៅ​សល់​សំរាម​តទៅទៀត​។​
​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ពេលនេះ បើ​យើង​មិន​ជួយ​សម្អាត​គាត់​(​ក្រុមហ៊ុន​)​ម្តង​ទេ សំរាម​វា​នៅ​សេសសល់​ពាសពេញ​ក្នុង​ទីក្រុង ។ ពេល​សម្អាត​ស្អាត​ហើយ​បើ​នៅមាន​សំរាម​ថ្មី​កើតឡើង​ទៀត​នោះ វា​ជាការ​បង្ហាញឱ្យឃើញ​ពី​សមត្ថភាព​របស់គាត់​(​ក្រុមហ៊ុន​)​ក្នុងការ​ធានា​ភាព​ស្អាត​បាន​ឬ​មិន​ស្អាត​ហើយ​។​


​សំរាម​ដែល​គេ​ឃើញ​មា​នគរ​ពាសវាល​ពាសកាល​តាម​ដងផ្លូវ​ទីសាធារណៈ​ដីឡូត៍​មិនមាន​ម្ចាស់​នៅ​គឺជា​សំរាម​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​ដឹក​ចេញ​មិន​អស់​និង​សំរាម​របស់​ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន​នៅតាម​ផ្លូវ​តូចៗ ដែល​ក្រុមហ៊ុន​បាន​ចូល​ទៅយក​ត្រូវ​ប្រជាពលរដ្ឋ​យកមក​ចោល​តាម​ព្រៃ​ដីឡូត៍​ឬ​ទីទួល​នៅពេល​មាន​ភ្លៀង​ខ្លាំង​ធ្លា​ក់មក​សំរាម​ទាំងនោះ​ក៏បាន​ហូរ​ធ្លាក់​តាម​ទឹក​មក​ទី​ទាប​ឬ​ចូល​ផ្លូវទឹក​បង្ក​ឱ្យ​ស្ទះ​ទឹក​លិច​ផ្លូវថ្នល់​និង​ភូមិដ្ឋាន​។​
​សំរាម​នៅក្នុង​ក្រុងព្រះសីហនុ​សព្វថ្ងៃនេះ​ត្រូវបាន​គេ​ប្រាប់​ឱ្យដឹងថា ប្រមូលផ្តុំ​នៅតាម​ដេប៉ូ​សំរាម​ជាង​៣០​កន្លែង ដែល​ក្នុង​មួយថ្ងៃ​មាន​បរិមាណ​សរុប​ពី​៦៥០​ទៅ​៧០០​តោន បើ​នៅ​ថ្ងៃបុណ្យ​អាច​កើន​ដល់​៨០០​តោន ត្រូវ​ដឹក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​អូរ​ចំណា ដែលមាន​ទំហំ​៥០​ហិកតា មាន​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤ និង​មាន​ចម្ងាយ​ប្រមាណ​ជា​៣៧​គីឡូម៉ែត្រ ពី​ក្រុងព្រះសីហនុ​។​


​សំរាម​នៅ​ក្រុងព្រះសីហនុ​ទទួលខុសត្រូវ​ដឹកជញ្ជូន​ចេញ ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ​ជា​អក្សរ​កាត់ KSWM តាមរយៈ​រថយន្ត និង គ្រឿងចក្រ​ចំនួន​៦៨​គ្រឿង ។ ចំនួន​រថយន្ត​សម្រាប់​ដឹក​សំរាម បើ​ធៀប​ជាមួយនឹង​បរិមាណ​សំរាម​ប្រចាំថ្ងៃ គឺ​មិនមាន​សំរាម​នៅ​សេសសល់​តាម​ទីសាធារណៈ​នោះទេ ប្រសិនបើ​ក្រុមហ៊ុន​ធ្វើការ​គ្រប់គ្រង​បាន​ត្រឹមត្រូវ​នោះ​។​
​យុទ្ធនាការ​សម្អាត​ទីក្រុង ដែល​ផ្តួច​ផ្តើមគំនិត​ឡើង​ដោយ​លោក​អភិបាលខេត្ត​ព្រះសីហនុ គួច ចំរើន​នៅថ្ងៃនេះ​គឺ​ដើម្បី​ទីក្រុង​ដែលជា​ផ្ទះ​រស់នៅ​របស់​យើងទាំងអស់គ្នា​ស្អាត​ដោយមាន​ការចូលរួម​ពី​បណ្តា​អង្គភាព​នានា​នៅ​ជុំវិញ​ខេត្ត ក្រុមហ៊ុន​ឯកជន​និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​នេះ​សរុប​ប្រមាណ​ជា​៣.០០០​នាក់ ជាមួយនឹង​រថយន្ត គ្រឿងចក្រ​សរុប​ប្រមាណ​ជា​១៦០​គ្រឿង ដែល​ស្ម​គ្រ័​ចិត្ត​ចូលរួម​៕​សរន​