ចាប់ផ្តើម​ខ្វះ​ទឹក​ប្រើប្រាស់​ហើយ​នៅ​តំបន់​មួយចំនួន​

567
ចែករម្លែក
  • 3
    Shares

​កាលពីដើម​សប្តាហ៍​កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​សម្តែង ការព្រួយបារម្ភ​នឹង​ការខ្វះ​ទឹកស្អាត​ប្រើប្រាស់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន នៅក្នុង​រដូវប្រាំង ព្រមទាំង​បាន​ណែនាំ​ឲ្យ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម រាជធានី​ខេត្ត​ទាំងអស់​សហការ​ជាមួយ មន្ទីរ​ធនធានទឹក និង​ឧតុនិយម សិក្សា​អំពី​ប្រភពទឹក ដែល​ត្រូវ​ផ្គត់ផ្គង់​។
​ ​
​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើកឡើងថា បើសិនជា​យើង​ធ្វើការ​ព្យាករ បើ​អត់​ភ្លៀង តើ​នឹងខ្វះ​ទឹក​ប៉ុន្មាន​ម៉ឺន ឬ​សែន​ម៉ែត្រគូប ?​ដើម្បី​ឲ្យ​មន្ទីរ​ទាំងអស់​សិក្សា​នៅក្នុង​ក្របខណ្ឌ​រដ្ឋបាល ដែនដី​និ​មួយៗ​។ ជាការ​ចាំបាច់ អភិបាលខេត្ត​ដែលជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដឹកនាំ គ្រប់​វិស័យ នឹង​អាច​ជំរុញ ឬក៏​ជួយ​កិច្ចការងារ​នេះ ដោយ​ក្រសួង បាន​ឲ្យ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ទាំងអស់ ធ្វើជា​សេនាធិការ​ជូន​ក្រសួង​ផង ជូន​អភិបាលខេត្ត​ផង​ពីព្រោះ​កិច្ច ការងារ​នេះ ជា​កិច្ចការ​អន្តរ​វិស័យ មិនមែន​តែ​ក្រសួង​ណាមួយ​ទេ តែ​ជា​កិច្ច​ការរួម​ដែល​ត្រូវ រួមគ្នា​គិត រួមគ្នា​ធ្វើ​ទាំងអស់គ្នា​។​
​ ​
​ជាមួយនឹង​ការប្រកាស​ខាងលើ​របស់​មន្ត្រី​ខាងលើ គឺ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ពន្ធនាគារ​ខេត្តព្រះវិហារ​កំពុង​ជួប​ការខ្វះខាត​ទឹក​ប្រើប្រាស់ ជាខ្លាំង​។ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ពន្ធនាគារ​នៃ​ខេត្ត​នេះ​ក្រៅពី​ឡាន​ដឹក​ទឹក​ទៅ ចែក​នៅ​ពន្ធនាគារ​ហើយ​នោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ផ្តល់​អណ្តូងទឹក ចំនួន​មួយ​សម្រាប់​ផ្គត់ផ្គង់​នៅ​ទីនោះ​។ អណ្តូងទឹក​នោះ គឺ​គ្រោង នឹង​ជីក ក្នុង​ជម្រៅ​ប្រមាណ ៥០ ម៉ែត្រ និង​មាន​បំពាក់​នូវ​ម៉ាស៊ីនបូមទឹក​ខ្នាតតូច ចំនួន​មួយគ្រឿង ព្រមទាំង​រៀបចំ​ជា​ប្រព័ន្ធ ទុយោ​ទឹក ដែល​អាច​បូម​ចែកចាយ នៅក្នុង​ពន្ធនាគារ​ទាំងមូល​។​

ពន្ធនាគារ​ខេត្តព្រះវិហារ ដែល​កំពុងតែ​ជួប​ការខ្វះខាត​ទឹកជា​ខ្លាំង ស្ថិតក្នុង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ មាន​មន្ត្រី​បម្រើ​ការងារ ចំនួន ៥៥ នាក់ និង​ទណ្ឌិត​សរុប​ចំនួន ៤៥៥ នាក់​។​
​ ​
ដោយឡែក នៅ​ខេត្តកោះកុង ឯណោះ​វិញ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ពី​សកម្មភាព​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម ខេត្តកោះកុង ដឹក​ទឹក ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការខ្វះខាត​ទឹក​ប្រើប្រាស់​ជាខ្លាំង នៅ​ភូមិ​ចំនួន បួន​ក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ ការដឹក​ទឹក​ចែក​ប្រជាពលរដ្ឋ​នេះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី ១២​ខែកុម្ភៈ មកម្ល៉េះ ហើយ​មន្ទីរ​នឹង​បន្ត​ដឹក​រហូតដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ទទួល​បានការ ផ្គត់ផ្គង់​ទឹកស្អាត​ឡើងវិញ ។​
​ ​
ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ក្រុង​ខេមរភូមិន្ទ ទី​រួម​ខេត្តកោះកុង​បាន​ប្រឈម​នឹង​ការខ្វះខាត ទឹកស្អាត​ប្រើប្រាស់ ខណៈ​អាងទឹក​តា​ប៉ន ដែលជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការ ផលិត​ទឹកស្អាត ចាប់ផ្តើម​រីង​ខះ​។ អាជ្ញាធរខេត្ត ក៏ដូចជា មន្ទីរ និង​អង្គភាព​ជំនាញ កំពុង​ទាញយក​ទឹក​ពី​អាងទឹក​មួយកន្លែង​ទៀត​ស្ថិត​នៅក្រោយ​អាកាសយានដ្ឋាន​មក​ផ្គត់ផ្គង់ ឲ្យ​ការផលិត​ជំនួស​វិញ​។​

​ជាមួយគ្នា​នោះ​ក្រសួង​ធនធានទឹក​ក៏បាន​ប្រកាស​ពី​ការចុះ​ត្រួតពិនិត្យ​ដោះស្រាយ​ទឹក​ប្រើប្រាស់ នៅ​ខេត្តកំពង់ធំ ដោយ​ជីក​ស្រះ​ទឹក នៅតាម​បាត​ស្ទឹង​ស្ទោង ក្នុងភូមិ​សាស្ត្រ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ តាមរយៈ​ការដាក់​គ្រឿងចក្រ ចុះ​អនុវត្ត​ជីក​ស្រះ ចាប់តាំងពី​ថ្ងៃទី ១៣ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ការជីក​ស្រះ​ទឹក​នៅតាម​បាត​ស្ទឹង​ស្ទោង ក្នុងភូមិ​សាស្ត្រ​ឃុំ​ម្សាក្រង គឺ​សម្រេចបាន​ចំនួន​ប្រាំមួយ ស្រះ​ហើយ លើ​ផែនការ​ជំហាន​ដំបូង សរុប​ចំនួន​ប្រាំបួន ស្រះ​។ ស្រះ​ទឹក​នីមួយៗ មាន​បណ្តោយ ២០ ម៉ែត្រ ទទឹង​ប្រាំបី ម៉ែត្រ និង​ជម្រៅ​បី​ម៉ែត្រ ។ ក្រសួង ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ប្រជា​ពល​ដ្ឋ ដែល​រស់​នៅតាម​ដងស្ទឹង​ស្ទោង ពិសេស​ក្នុងភូមិ​សាស្ត្រ​ឃុំ​ម្សាក្រង បាន​ប្រឈម​នឹង​ការខ្វះខាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ខណៈ​ទឹក ក្នុង​ស្ទឹង​ស្ទោង បានចាប់ផ្តើម​រីង​ខះ ដោយ​អន្លើៗ ។
​ ​
ដោយឡែក នៅ​ភូមិសាស្ត្រ​ខេត្ត​ដទៃទៀត ដូចជា នៅ​ស្រុក​លើកដែក ខេត្តកណ្តាល និង​នៅ​ស្រុក មេសាង ខេត្តព្រៃវែង ជាដើម ក្រសួង​ធនធានទឹក ក៏បាន​អន្តរាគមន៍ ដោយ​ដាក់​ម៉ាស៊ីនបូមទឹក បូក​ទឹកទន្លេ បញ្ចូល​តាម​ប្រឡាយ ព្រមទាំង​ផ្តល់នូវ​អណ្តូងទឹក​បំពាក់​ម៉ូ​ទ័​រ​បូម​ជាច្រើន​កន្លែង សម្រាប់​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់ នៅក្នុង​មូលដ្ឋាន​ផង និង​សម្រាប់​ជួយសង្គ្រោះ​ស្រូវប្រាំង​ផង​។​
​ ​
កាលពី​ខែមករា​ដើមឆ្នាំ​នេះ ប្រមុខ​រាជរដ្ឋាភិបាល បានចេញ​ប្រកាស​រួចហើយ ដើម្បី​ក្រើនរម្លឹក​ពី​ការ ខ្វះ​ទឹក​ប្រើប្រាស់ ហើយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ចាត់វិធានការ ថែរក្សា​ទឹក ខណៈដែល​នៅ​រដូវប្រាំង​នេះ អាកាសធាតុ​ឡើងក​ម្តៅ​ក្តៅ​ខ្លាំង​ពិសេស​នៅ​ខែមេសា ខាងមុខ​។ នៅពេលនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏បាន​ប្រកាស​ពី​ការបន្ត​ឡើងក​ម្តៅ បន្ថែមទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ខែប្រាំង ឆ្នាំ​២០១៦ គឺ​នៅ​ខែមេសា និង​ខែឧសភា នៅ​ទូទាំង ប្រទេស​កម្ពុជា បាន​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។ កាលណោះ អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់ លំដាប់ថ្នាក់ តាំងពី​ថ្នាក់ជាតិ ដល់​ថ្នាក់មូលដ្ឋាន សមាជិក​រាជរដ្ឋាភិបាល តំណាងរាស្ត្រ ព្រឹទ្ធសភា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់លំដាប់​ថ្នាក់ បាន​ចាត់វិធានការ​ចែក​ទឹក​ដល់ ប្រជាពលរដ្ឋ ទាំង​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ ក៏ដូចជា​ទឹកបរិសុទ្ធ​សម្រាប់​បរិភោគ​។ ស្រះ​ទឹក និង​អណ្តូង​ជាច្រើន​កន្លែង ក៏ត្រូវ​បាន​ជីក​ជូន​ប្រជាពលរដ្ឋ ដើម្បី​បាន​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព ប្រចាំថ្ងៃ​ផងដែរ​។​
​ ​
​ដូច្នេះ​នៅពេលនេះ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រាប់​តាំងពី​ថ្នាក់ជាតិ​រាប់​តាំងពី​ក្រុមការងារ​ចុះជួយ ខេត្ត​ស្រុក​ក្រុង​ខណ្ឌ​ឃុំ​សង្កាត់ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន សមាជិក​រាជរដ្ឋាភិបាល​សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់លំដាប់​ថ្នាក់​បន្ត​ចេញ អន្តរាគមន៍ បង្ហាញ​កម្លាំង​សរុប រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការដឹក​ទឹកស្អាត ចែកជូន​ប្រជាពលរដ្ឋ ជីក​អណ្តូង ជីក​ស្រះ ព្រមទាំង​បូមទឹក​ពី​ប្រភពទឹក​នៅតាម​ទន្លេ ស្ទឹង ព្រែក បឹងបួរ សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផង និង​សម្រាប់​សង្គ្រោះ​ស្រូវប្រាំង ដែល​ជិត​បាន​ប្រមូល​ផល​ច្រូតកាត់​ផង​។​
​ ​
ដោយឡែក ប្រជាពលរដ្ឋ​ខ្លួនឯង ក៏​គួរ​ស្វះស្វែង​ជួយ​ខ្លួនឯង​ជាមុនសិន​ដែរ​ហើយក៏​ត្រូវ​ប្រើប្រាស់ ទឹក​ដោយ​សន្សំសំចៃ​។ ចំពោះ​ស្រូវប្រាំង ដែល​ប្រឈម​នឹង​ស្វិត​ងាប់ ហើយ​មើលទៅ​មិនបាន​ផល​ទេ ដោយ​បើ​បូមទឹក​ដាក់ ក៏ត្រូវ​ចំណាយ​ច្រើន​ផង គប្បី​ជួន​ខ្វះ​ទឹក​ទៀត ក៏​ប្រជាកសិករ​ត្រូវ​គិត ពិចារណា ហើយ​ត្រូវ​ចេះ​ចែករំលែក​ទឹក​ដល់​អ្នក​ស្រុកភូមិ​ដទៃទៀត ប្រើប្រាស់​ដើម្បី​បាន​ផល​ស្រូវ ទាំងអស់គ្នា​ផង និង​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រាក្រ​ផង​។​

​ប្រជាពលរដ្ឋ ក៏​គួរ​បន្ត​ខិតខំ​ស្វែងរក​ប្រភពទឹក ឬក៏​ប្រើ​គោយន្ត ម៉ូតូ រទេះគោ ដឹក​ទឹក សម្រាប់ ប្រើប្រាស់ ក្នុង​ជីវភាព​ប្រចាំថ្ងៃ ពោលគឺ​ខិតខំ​ឲ្យ​អស់​លទ្ធភាព និង​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទាញ​ទឹក​ពី​ប្រភពទឹក ចូលមក​កាន់​មូលដ្ឋាន​របស់ខ្លួន ឬក៏​អាច​ចូលរួម​ជា​កម្លាំង​សម្ភារ ឬក៏​ចូលគ្នា​ចេញ​ប្រេង សម្រាប់​ម៉ាស៊ីនបូមទឹក ទម្លាក់​ចូល​ប្រឡាយ ជាដើម​តាម​លទ្ធភាព រៀងៗ​ខ្លួន ក្នុង​បំណង​សាមគ្គី ដើម្បី​បាន​ទឹក​ប្រើ​ទាំងអស់គ្នា ឬក៏​ជួយ​ខ្លួនឯង​មុននឹង​អ្នកដទៃ ជួយ​យើង​៕ ដោយ​: ម៉េង​ឆៃ​