ចាប់ផ្តើម​បើក​យុទ្ធនាការ ជួសជុល​ផ្លូវ ទ្រង់ទ្រាយ​ធំ នៅក្នុង​រាជធានី​ភ្នំពេញ​

614
ចែករម្លែក

​ដោយ​៖ រ៉ា​ម៉ន​
​ភ្នំពេញ​៖ យុទ្ធនាការ​ជួសជុល​ផ្លូវ ទ្រង់ទ្រាយ​ធំ នៅក្នុង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ហើយ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ដែល​អនុវត្ត​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ។ យោងតាម​ការណែនាំ របស់លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ កន្លងមកនេះ ការជួសជុល​ជង្ហុក សំបុកមាន់ តាមផ្លូវ​ក្នុង​ខណ្ឌ ៤ ក្នុង​ក្រុង (​ខណ្ឌចំការមន ៧​មករា ទួលគោក ដូនពេញ​) គិត​ត្រឹម​ថ្ងៃនេះ សម្រេចបាន ៩០ ភាគរយ​រួចហើយ នៅសល់​ជង្ហុក​តិចតួច​ប៉ុណ្ណោះ​។

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា យុទ្ធនាការ​ជួសជុល​ជង្ហុក (​សម្បុកមាន់​) តាម​ដងផ្លូវ​សាធារណៈ បានចាប់ផ្តើម​ហើយ ដូចជា សកម្មភាព​ជួសជុល​ជង្ហុក សំបុកមាន់ នៅ​ផ្លូវ​លេខ​៥៥២ ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​២៧៣ ចុះទៅ​ម្តុំ​ទួល​សង្កែ​។​

​លោក​បាន​បន្ថែមថា យោងតាម​ណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី កន្លងមកនេះ ការជួសជុល​ជង្ហុក​សំបុកមាន់ ផ្លូវ​ក្នុង​ខណ្ឌ ៤ ក្នុង​ក្រុង មាន​ខណ្ឌចំការមន ៧​មករា ទួលគោក និង​ដូនពេញ គិត​ត្រឹម​ថ្ងៃនេះ សម្រេចបាន ៩០ ភាគរយ​ហើយ នៅសល់​ជង្ហុក​តិចតួច​ប៉ុណ្ណោះ ដែល​យើង​កំពុង​ជួសជុល​ចំនួន ៦ ក្រុម ។ ក្រុម​អ៊ុត​កៅស៊ូ​ថ្នល់ ចំនួន ២៣ ខ្សែ ក៏​កំពុង​ចាប់ផ្តើម ។ ឯ​ខណ្ឌ​ជាយក្រុង យើង​មាន​ក្រុម​ជួសជុល​ផ្លូវ​បេតុង ១ ក្រុម ហើយ​យើង​នឹង​បង្កើន​ឱ្យដល់ ៤ ក្រុម​ឆាប់ៗ​នេះ​។​

​លោក​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ធ្នូ ២០១៨ យើង​ចុះ​ជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ១៣៨ . ២០៤ . ៣០៦ . ៤០០ . ១៨០០ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវ​បេតុង​អង្គ​តា​មិញ និង​វត្តភ្នំ ជួសជុល​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ២០៤ ក្នុង​ខណ្ឌទួលគោក ។ ដូច្នេះ​ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​សូមឱ្យ​បងប្អូន​ចូលរួម​ផ្តល់ព័ត៌មាន​ទីតាំង​ជង្ហុក ដែល​បងប្អូន​ឃើញ ដោយ​ភ្ជាប់​ជាមួយ​រូបភាព បញ្ជាក់​ពី​ទីតាំង​ភូមិសាស្ត្រ ផ្លូវ សង្កាត់ និង​ខណ្ឌ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ក្រុមការងារ​ងាយស្រួល​ដោះស្រាយ​ជួសជុល​ជូន​៕​v