ចាប់ផ្តើម​ប្រជុំ​ចរចា​ដោយ​រលូន តែ​មិនទាន់បាន​លទ្ធផល​!

259
ចែករម្លែក

​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល ជា​យន្តការ​ត្រីភាគី បាន​ជួបប្រជុំ ជា​លើក​ទី​២ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​អ្នកសម្របសម្រួល​។​

ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ដែល​ចូលរួម​ពី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោក ហេង សួរ ,​ភាគី និយោជក​ថៅកែ​រោងចក្រ​កាត់ដេរ ដឹកនាំ​ដោយ​លោក វ៉ាន់ ស៊ូ​អៀង និង​ភាគី​សហជីព កម្មករ​កាត់ដេរ កាលពី​ព្រឹក​ថ្ងៃទី​៣​កញ្ញា មាន​បទ​បង្ហាញ​ចំនួន​បី​អំពី​លទ្ធផល​នៃ​ការ ស្រាវជ្រាវ ទៅលើ​កត្តា​សង្គម និង​កត្តាសេដ្ឋកិច្ច ដែលមាន​ធាតុ​ផ្សំ​ចំនួន​ប្រាំពីរ ដើម្បី​ជា មូលដ្ឋាន​បង្អែក សម្រាប់​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល ធ្វើការ​កំណត់​ប្រាក់ ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត សម្រាប់​ឆ្នាំ​២០២០​។

​មុននឹង​ចាប់ផ្តើម​ពិភាក្សា​បន្ត នៅ​ជុំ​ទី​បី ខាងមុខនេះ ភាគី​សហជីព នឹង​ប្រជុំ​ផ្ទៃក្នុង ដើម្បី​កំណត់​យក​តួលេខ​ប្រាក់​ឈ្នួល​ជាក់លាក់​មួយ​សម្រាប់​ដាក់​ស្នើ​ពិភាក្សា​។​រីឯ​ភាគី​និយោជក​ថៅកែ​រោងចក្រ ក៏​នឹង​ជួបប្រជុំ​ផ្ទៃក្នុង ខណៈ​រាជរដ្ឋាភិបាល​ក៏​គ្រោង​នឹង​ជួបប្រជុំ ផ្ទៃក្នុង​ផងដែរ​។​
​ ​
យ៉ាងណាក៏ដោយ ជារួម កិច្ចពិភាក្សា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា​ទោះបី​មិនទាន់​ទទួល បាន​លទ្ធផល​ល្អប្រសើរ​ក៏ដោយ​ក៏ប៉ុន្តែ​វា​បាន​ធ្វើឡើង​ដោយ​រលូន​និង​ផ្តល់នូវ​របាយ ការណ៍​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ សម្រាប់​ជា​ទុន​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​សម្រេច ចិត្ត ទៅលើ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត សម្រាប់​ឆ្នាំ​២០២០​។
​ ​
ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ជា​យន្តការ​ត្រីភាគី ដោយមាន​តំណាង​មកពី​ភាគី សហជីព​កម្មករ​ចំនួន ១៧​រូប តំណាង​ថៅកែ​រោងចក្រ​ចំនួន ១៧​រូប និង​តំណាង​អន្តរ ក្រសួង​រាជរដ្ឋាភិបាល​ចំនួន ១៧ រូប​។ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលមាន រដ្ឋមន្ត្រី​ការងារ ជា​ប្រធាន និង​អនុប្រធាន​ពីររូប មកពី​តំណាង​សហជីព​កម្មករ និង តំណាង​ថៅកែ​និយោជក ត្រូវបាន​បង្កើតឡើង ដើម្បី​បំពេញបេសកកម្ម​ស្រាវជ្រាវ និង​ពិភាក្សា​លើ​ការដំឡើង​ប្រាក់ខែ​កម្មករនិយោជិត​។

​ជាមួយគ្នា​នោះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ​ក៏ត្រូវ​បាន​ដំឡើង​មួយឆ្នាំ ម្តងៗ តាមរយៈ​ការ​អង្គុយ​ចរចា​ដោយ​សន្តិវិធី រវាង​សហជីព​កម្មករ​ថៅកែ​រោងចក្រ​កាត់ ដេរ និង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​នៅ​ឆ្នាំ​២០១៩​នេះ កម្មករ​កាត់ដេរ មាន​ប្រាក់​ឈ្នួល​អប្បបរមា ១៨២ ដុល្លារ ដោយ​ពុំ​រាប់ បញ្ចូល​នូវ​ប្រាក់​អត្ថប្រយោជន៍​នានា​នោះទេ​។​

​ការចរចា​តាម​យន្តការ​ត្រីភាគី​នេះ នឹងត្រូវ​ប្រើពេល​យ៉ាងហោច​មួយខែ ដោយ​ចរចា ហើយ ចរចា​ទៀត ទាល់តែ​ភាគី​ទាំងបី រក​ចំណុចរួម ឬក៏​ខិត​កាន់តែ​ជិត​រកគ្នា​។ ចុង ក្រោយ នឹងត្រូវ​សម្រេច​តាមរយៈ​ការបោះឆ្នោត ក្នុង​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល អប្បបរមា ដែលមាន​សមាសភាព​ត្រីភាគី ចំនួន ៥១​រូប ដោយ​សំឡេង​ភាគច្រើន ដាក់​ខាត ឬ ៥០​ភាគរយ​បូក មួយ​យក​តួលេខ​រួមមួយ​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​។ នៅ​ឆ្នាំនេះ ដូច​ឆ្នាំមុនៗ​ដែរ គឺ​រដ្ឋមន្ត្រីក្រសួង​ការងារ​ចង់បាន​លទ្ធផល​នៃ ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​២៧-៣០ ខែកញ្ញា​។​

​យ៉ាងណា​ក៏ដោយចុះ ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​កម្ពុជា​ត្រូវបាន ធ្វើឡើង​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ តាមរយៈ​យន្តការ​ត្រីភាគី​។

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមាន​ការប្រមូលផ្តុំ ធ្វើបាតុកម្ម​តវ៉ា​ដំឡើង​ប្រាក់ខែ​ទ្រង់ ទ្រាយ​ធំ​ឡើយ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣​ដោយមាន​បា​តុ កម្ម​ហិង្សា នៅ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​តំបន់​រោងចក្រ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​រាជធានី ភ្នំពេញ​។

​កម្មករ​កាត់ដេរ និង​សហជីព​កម្មករ បាន​យល់ច្បាស់​ហើយ​ថា ការតវ៉ា ធ្វើបាតុកម្ម ដែល​ចុងក្រោយ​ប្រែជា​ហិង្សា រវាង​កម្មករ​កាត់ដេ​រ និង​អាជ្ញាធរ​សមត្ថកិច្ច គឺ​មិនបាន ផលប្រយោជន៍​អ្វី​នោះទេ​។ ផ្ទុយទៅវិញ មានតែ​កម្មករ​កាត់ដេរ​ខ្លួនឯង​ដែល​ចូលរួម បាតុកម្ម ខាតបង់​ប្រយោជន៍ ដោយសារតែ​ថៅកែ​កាត់លុយ​ឬក៏​បណ្តេញ​ចេញពី ការងារ​ក៏មាន​។ ធ្ងន់ធ្ងរ​ជាង​នេះ កម្មករ​សហជីព ដែល​ចូលរួម និង​ដឹកនាំ​បាតុកម្ម រហូតដល់​មាន​ហិង្សា ក៏មាន​របួស ហើយ​បើ​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់ និង​ជាប់ពន្ធនាគារ ដូច​ករណី​នៅ​រោងចក្រ​យ៉ាក​ជី​ង នៅ​កំបូល និង​នៅ​តំបន់​រោងចក្រ​ផ្លូវ​វេ​ង​ស្រេង​កាលពី ចុងខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ឧទាហរណ៍​ស្រាប់​។ ដូច្នេះ គ្មានអ្វី​ប្រសើរ​ជាង​ការ​អង្គុយ​តុ​ចរចា គ្នា​ដោយ​សន្តិវិធី​នោះទេ ព្រោះ​រោងចក្រ ជា​ឆ្នាំងបាយ​របស់​កម្មករ​ហើយ​កម្មករ ក៏ត្រូវ​រក្សា​ការពារ​ឆ្នាំងបាយ​ដោយ​ឈប់​ជឿ​ការ​ញុះញង់​របស់​អ្នកនយោបាយ​ប្រឆាំង ទៀតហើយ​។​

​យ៉ាងណាក៏ដោយ តាម​គម្រោង ក្រសួង​ការងារ បានកំណត់​យក​ខែកញ្ញា​នេះ ដើម្បី ចរចា​ប្រាក់​ឈ្នួល ជា​លក្ខណៈ​ត្រីភាគី​។ នៅ​ខែតុលា ឆ្នាំ​២០១៩ នឹងមាន​ការបើក​ប្រជុំ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ក​ម្មក​រ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ ហើយ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ គឺជា​ការចូល​ជា​ធរមាន អនុវត្ត​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​។​

​ជារួម ច្បាស់​ណាស់​ថា ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំក្រោយ នឹងត្រូវ​ដំឡើង​លើសពី ១៨២ ដុល្លារ ដោយ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​។ ក្នុងនោះ ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ពោលគឺ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក ជើង ផ្ទាល់​តែម្តង រួមទាំង​ការចំណាយ​របស់​កម្មក​រ​កាត់ដេរ និង​អតិផរណា​ទំនិញ​ឡើង ថ្លៃ​ជាដើម​។​

​គ្រាន់តែ​ថា ការដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ នឹង​អាច​មិន​ទទួលបាន ដូច​ការទាមទារ​រប​ស់​ភាគី​សហជីព​កម្មក​រ​ឡើយ​។ បទពិសោធន៍​ក្នុង​ឆ្នាំ​កន្លងៗ​មក បានបង្ហាញ​ច្បាស់​ហើយ​។ ក្នុងនោះ តែងតែមាន​តួលេខ​បី​ខុសគ្នា​។ ពោលគឺ​សហជីព កម្មករ ដាក់​តួលេខ​ខ្ពស់​ជាងគេ រីឯ​និយោជក ជា​ថៅកែ​រោងចក្រ​តែងតែ​ដាក់​តួលេខ ទាប តែ​ក៏​លើស​ប្រាក់ខែ​ចាស់​ដែរ​។ ចំណែក​ក្រសួង​ការងារ តំណាង​រាជរដ្ឋាភិបាល ដាក់​តួលេខ​១ នៅ​កណ្តាល រវាង​សហជីព និង​ថៅកែ​។ ចុងក្រោយ​ប្រាក់ខែ​កម្មករ​កាត់ ដេរ នៅ​ឆ្នាំ​ថ្មី ត្រូវបាន​ដំឡើង​លើស​ឆ្នាំ​ចាស់​ដោយមាន​ទាំង​ការផ្តល់​បន្ថែម​ពី​ប្រមុខ រាជរដ្ឋាភិបាល​ប្រាំ​ដុល្លារ ក្នុង​មួយខែ ផងដែរ​៕ ដោយ​: ម៉េង​ឆៃ​

#