ចាប់ផ្តើម​សាងសង់​ស្ពាន​ស្ទឹង​កែវ​ឡើងវិញ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​

2054
ចែករម្លែក
  • 213
    Shares

​ដោយ​: បូកគោ / កំពត​: ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​រដ្ឋបាល​ខេត្តកំពត បាន​រូតរះ​ក្នុងការ​សាងសង់​ស្ពាន​ស្ទឹង​កែវ​ដែល​បាក់​ដាច់​ដោយ​ទឹកជំនន់​ឡើងវិញ តាមរយៈ​ថវិកា​បានមកពី​ការឧបត្ថម្ភ​របស់​ម្តេច​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ខណៈពេល​ចុះ​ពិនិត្យ​ការដាក់​សម្ភារៈ​សំណង់​កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​សាងសង់​ស្ពាន​ស្ទឹង​កែវ​ឡើងវិញ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ កំពុង​ទទួល​ស្វាគមន៍​ថា ដោយ​ទទួលបាន​ថវិកា​ផ្ទាល់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យល់​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្តកំពត​ក៏​ប្រញាប់​រូតរះ​ក្នុងការ​សាងសង់​ស្ពាន​បាក់​ដាច់​កន្លងមក ដើម្បីឱ្យ​បងប្អូន​បាន​ឆ្លងកាត់​ឡើងវិញ​។ ស្ពានឈើ​នេះ​សាងសង់​ជាថ្មី​នៅ​ទីតាំង​ដដែល​មាន​បណ្តោយ​៨០​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ដោយ​ប្រើ​រយៈពេល​៩០​ថ្ងៃ​ឱ្យបាន​រួចរាល់ និង​ចំណាយ​ថវិកា​ចំនួន​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​គុណភាព ព្រមទាំង​ទំហំ​នៃ​ស្ពាន​នេះ​អាច​ចរាចរ​បាន​នូវ​ប្រភេទ​រ៉ឺម៉ក​ម៉ូតូ គោយន្ត និង​រថយន្ត​ធុន​តូច​។ ដូច្នេះ ក្នុងនាម​ជា​ម្ចាស់​ស្ពាន​ទាំងអស់គ្នា សូម​បងប្អូន​ចូលរួម​ជួយ​រក្សា​ការពារ​ដើម្បី​បាន​ប្រើប្រាស់​យូរអង្វែង​។ លោក ជាវ តា​យ បានបញ្ជាក់​ផងដែរ​ថា នេះ​គ្រាន់តែ​ជា​ស្ពាន​បណ្តោះអាសន្ន​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃ​ខាងមុខ ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​នឹងសិក្សា​លម្អិត ដើម្បី​ឈានទៅ​សាងសង់​ជា​ប្រភេទ​បេតុង​ជំនួស​វិញ​។​

​សូមបញ្ជាក់ថា​ស្ពាន​ស្ទឹង​កែវ​ស្ថិតនៅ​ភូមិ​អន្លង់​ម៉ាក់​ប្រា​ង ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ​បាន​បាក់​ដាច់​ដោយសារ​ទឹកជំនន់​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។ ចាប់តាំងពី​ពេលនោះ​មក ប្រជាពលរដ្ឋ​ទូទៅ ជួប​ការលំបាក​ដោយ​ត្រូវ​ចំណាយលុយ​ជិះទូក​ឆ្លងស្ទឹង ហើយ​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ទៀតផង​។ ស្ពាន​មួយ​ខ្សែ​នេះ​មាន​សារសំខាន់​ចំពោះ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ និង​ដឹកទំនិញ​សព្វសារពើ​ដើម្បី​បាន​ដល់​គោលដៅ​នានា​៕ ល​