ចាប់ពី​ឆ្នាំ​១៩៩៩ ចិន​បាន​ផ្តល់ជំនួយ​ដល់​ព្រឹទ្ធសភា​១៥​លើក​មាន​ទឹកប្រាក់​ជាង​១៦​លាន​ដុល្លារ​

636
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​រហូតដល់​បច្ចុប្បន្ន សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់ជំនួយ​ដល់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១៥​លើក ដែល​សរុប​ជា​ថវិកា​ជាង​១៦​លាន​ដុល្លារ​អាម៉េរិក​។​

​ជំនួយ​ទាំងនេះ បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការជួយ​អភិវឌ្ឍ​ស្ថាប័នព្រឹទ្ធសភា​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ព្រឹទ្ធសភា​ឱ្យ​ទទួលបាន​លទ្ធផល​ខ្ពស់​ឈានទៅ​សម្រេច​គោលដៅ របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ និង​ប្រជាជន និង​បំពេញ​មុខងារ​ទាំងបី គឺ​មុខងារ​នីតិកម្ម មុខងារ​ត្រួតពិនិត្យ និង​មុខងារ​តំណាង ប្រកបដោយ​ប្រសិទ្ធភាព ។​

​នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ពិធី​ប្រគល់​និង​ទទួល​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្រោម​អធិបតីភាព​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​លី អាន​( Li AN) ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ជម្រាប​ថា​៖ ចាប់តាំងពី​ថ្ងៃ​បង្កើត​ព្រឹទ្ធសភា រហូតមកទល់​ពេលនេះ សភា រដ្ឋាភិបាល និង​ប្រជាជន​ចិន បានសម្រេច​ផ្តល់ជំនួយ​ចំនួន​១៥​លើក​ជូន​ដល់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ជំនួយ​លើក​ទី​១៥​នេះ​ផ្អែក​តាម​សេចក្តីអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ដោយមាន​ការយល់ព្រម​ជាគោលការណ៍​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ចិន​-​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ផ្តល់ជំនួយ​សម្រាប់​ព្រឹទ្ធសភា នីតិកាល​ទី​៤ នាពេលនេះ រួមមាន​៖ កុំព្យូទ័រ​ដាក់​លើ​តុ​ចំនួន​១២០​គ្រឿង កុំព្យូទ័រ​យូរ​ដៃ​ចំនួន​១២០​គ្រឿង ម៉ាស៊ីន​បោះ​ពុ​ម្ភ Laser Printer ចំនួន​១២០​គ្រឿង ម៉ាស៊ីន​បោះ​ពុ​ម្ភ Multi-Functional ចំនួន​០៥​គ្រឿង ម៉ា​ស៊ី​ថតចម្លង​ចំនួន ០៥​គ្រឿង និង​រថយន្ត Pick-up ចំនួន​១២​គ្រឿង ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន ៦២៦, ៨៦៥.២៤ ដុល្លារ​អាមេរិក​។​

​ក្នុងនាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក Li AN ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ប្រទេស​ចិន និង​ប្រទេស​កម្ពុជា គឺជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូរ​ល្អ និង​មាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូរ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ មាន​ទំនុកចិត្ត​នយោបាយ​កម្រិត​ខ្ពស់ មាន​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ពាណិជ្ជកម្ម​ទ្វេភាគី ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ បានផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​កាន់តែ​រឹងមាំ​។

​លោក​បាន​គូសបញ្ជាក់ថា កន្លងទៅនេះ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ចំណែក​មួយ​យ៉ាងសំខាន់​នៃ​ទំនាក់ទំនង​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយនឹង​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន និង សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​រវាង​សភា រដ្ឋាភិបាល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​បាន​បង្កើន​ការយល់ គ្នា​ជា​បន្តបន្ទាប់​ព្រមទាំង​បាន​ពង្រឹង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​ការគ្រប់គ្រង​នយោបាយ ការគ្រប់គ្រង​ប្រទេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ជំរុញ​ទំនាកទំនង កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឈានទៅ​កម្រិត​ថ្មី​មួយទៀត​។​

​លោក លី អាន បាន​លើកឡើងថា ជំនួយ​ដ៏​ថ្លៃថ្លា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ដល់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ប្រើប្រាស់​តាម​ការចាំបាច់​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤​។ លោក​សង្ឃឹមថា សម្ភារៈ​ទាំងអស់នេះ ព្រឹទ្ធសភា​នឹង​ប្រើប្រាស់​តាម​ការចាំបាច់ និង​កាន់តែ​ប្រសើរ ដើម្បី​ធានា​ដល់​ការងារ​របស់​ព្រឹទ្ធសភា​។​

​ក្នុងឱកាស​នេះ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​គូសបញ្ជាក់ថា ចាប់តាំងពី​ព្រឹទ្ធសភា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩​រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយ​ដល់​ព្រឹទ្ធសភា​កម្ពុជា​។​រហូតមកដល់​ពេលនេះ ជំនួយ​របស់​ចិន​ជូន​ដល់​ព្រឹទ្ធសភា​កម្ពុ​ជាមាន​ចំនួន​១៥​លើក ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦,៦៩៥,៩៤៦.៥៤ ដុល្លារ​សហរដ្ឋអាមេរិក​។ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សំណូមពរ​របស់​ព្រឹទ្ធសភា និង​បាន​ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​តម្រូវការ​របស់​ព្រឹទ្ធសភា​កម្ពុជា​។ ជំនួយ​ទាំងអស់នោះ បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការជួយ​អភិវឌ្ឍ​ស្ថាប័នព្រឹទ្ធសភា និង​ជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​ការ ងារ​របស់​ព្រឹទ្ធសភា ឱ្យ​ទទួលបាន​លទ្ធផល​ខ្ពស់​ឈានទៅ​សម្រេច​គោលដៅ របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ និង​ប្រជាជន និង​បំពេញ​មុខងារ​ទាំងបី គឺ​មុខងារ​នីតិកម្ម មុខងារ​ត្រួតពិនិត្យ និង​មុខងារ​តំណាង ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​។​
​លោក ទេព ង​ន បាន​បញ្ជាក់ថា ជំនួយ​របស់​ប្រទេស​ចិន​លើក​ទី​១៥​នេះ ជា​សក្ខីភាព​ថ្មី​មួយទៀត និង​ជា​និមិត្តរូប​នៃ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។​ប្រទេស​ទាំងពីរ​ខិតខំ​បន្ត​ពូន​ជ្រំ​និង​ជ្រោង​ទង់​”​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​”​ឱ្យបាន​ស្ថិត​ស្ថិរ​យូរអង្វែង​និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ប្រកបដោយ​ភាពរុងរឿង​សម្រាប់​ប្រជាជន​និង​ប្រទេស​យើង​ទាំងពីរ​។​

​ក្នុងនាម​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា លោក ទេព ង​ន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ចិន​ជា​បងប្អូន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​និច្ចកាល​ឈរ​យ៉ាងរឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក​ថា “​កម្ពុជា​-​ចិន ជា​មិត្ត​ដែកថែប​” ហើយ​ជួយ​គាំទ្រ​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​លោក ទេព ង​ន បាន​អះអាង​បញ្ជាក់ជូន​លោក​ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ថា ព្រឹទ្ធសភា​នឹង​ខិតខំ​ប្រើប្រាស់​ជំនួយ​នេះ​ឱ្យចំ​គោលដៅ និង​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​ទាញយក​សក្តានុពល​ពី​ជំនួយ​នេះ​ជា​ឧបករណ៍​បម្រើ​ការងារ​ឱ្យ​ស្ថាប័ន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕

#