ចាប់ពី​ថ្ងៃទី​១៣​ធ្នូ​ទៅ ប្រជាពលរដ្ឋ អាចធ្វើ​ការរាយការណ៍​ដោយផ្ទាល់​ពី ផ្លូវ​ជង្ហុក​សំបុកមាន់​និង​ផ្លូវ​ខូច ទៅកាន់​អាជ្ញាធរ​ដើម្បី​ធ្វើការ​ជួសជុល​បាន​ទាន់ពេលវេលា​

494
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ តទៅ​ប្រជាពលរដ្ឋ​ទាំងអស់ អាចធ្វើ​ការរាយការណ៍​ដោយផ្ទាល់​ពី ផ្លូវ​ជង្ហុក ផ្លូវ​សំបុកមាន់​និង​ផ្លូវ​ខូច តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)​ទៅកាន់​អាជ្ញាធរ​ ដើម្បី​ធ្វើការ​ជួសជុល​បាន​ទាន់​ពេលវេលា ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ “​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)” ដែលជា​កម្មវិធី​ថ្មី​មួយ​ដែល​អាច​ទាញយក​ដោយ​ឥតគិតថ្លៃ នៅលើ App Store និង Play Store ក្នុង​ទូរស័ព្ទដៃ​។​

សូមជម្រាបថា​ព័ត៌មាន​ទាំងអស់​អំពី​ជង្ហុក​សំបុកមាន់​និង​ផ្លូវ​ខូច​ដែល​ត្រូវបាន​រាយការណ៍​​ដោយ​ជា​ពលរដ្ឋ​តាមរយៈ​ការ​បង្ហោះ​ជា​រូបថត និង​វីដេអូ​នៅក្នុង​កម្មវិធី​ថែទាំ​ផ្លូវ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ក្រុមការងារ​ទទួលបន្ទុក​របស់​ក្រសួង មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ទាំង​២៥ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី ធ្វើការ​ជួសជុល​។ ​កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​គ្របដណ្តប់​ទៅលើ​ការជួសជុល​ថែទាំ​ផ្លូវជាតិ​ទាំង​៧៥​ខ្សែ គ្រប់​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ និង ផ្លូវ​ក្នុង​ក្រុង​របស់​ខេត្ត​ទាំង​២៤​។​

កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ ដើម្បី​ពង្រឹងគុណភាព​ផ្លូវ ដែល​ទាមទារ​ឲ្យ​មានការ​ជួសជុល និង​ថែទាំ​ទូទាំងប្រទេស តាមរយៈ​ការរាយការណ៍​ពី​ស្ថានភាព​ជង្ហុក សំបុកមាន់ និង​ផ្លូវ​ខូច​ដោយ​អ្នកប្រើប្រាស់​។​

ដោយ​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការកសាង និង​ថែទាំ​ផ្លូវថ្នល់​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ “​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)” នឹង​ក្លាយជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​ជួសជុល​ថែទាំ​ផ្លូវ​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​២៥​។ កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​គ្របដណ្តប់​ទៅលើ​ការជួសជុល​ថែទាំ​ផ្លូវជាតិ​ទាំង​៧៥​ខ្សែ គ្រប់​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ និង ផ្លូវ​ក្នុង​ក្រុង​របស់​ខេត្ត​ទាំង​២៤​។

កម្មវិធី​ថែទាំ​ផ្លូវ​នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ ដោយសារ​ជង្ហុក​សំបុកមាន់​និង​ផ្លូវ​ខូច​ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​៕B/